រដ្ឋបាលខណ្ឌសែនសុខ ចុះរៀបចំសណ្តាប់ធ្នាប់ និងអនុវត្តវិធានការរដ្ឋបាលនៅបណ្តោយផ្លូវចូលសាលាសង្កាត់ទឹកថ្លា (ផ្លូវបុរី១០០ខ្នង)
26-10-2026 14:02
(ភ្នំពេញ)៖ ក្រោមការយកចិត្តទុកដាក់ជាប្រចាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងការរៀបចំសណ្តាប់សាធារណៈក្នុងទីក្រុង ឆ្លើយតបទៅនឹងកំណើនប្រជាជន និងយានយន្ត សំដៅដល់ការបញ្ចៀសការកកស្ទះចរាចរណ៍ជូនប្រជាពលរដ្ឋ, លោក ចេង មុនីរ៉ា អភិបាលខណ្ឌសែនសុខ បានរៀបចំផែនការរៀបចំសណ្តាប់ធ្នាប់ និងកែលម្អរឡើងវិញ ពង្រីកទំហំតាមប្លង់គោល ដោយចាប់ផ្តើមពីផ្លូវចូលសាលាសង្កាត់ទឹកថ្លាមុនគេ ផ្លូវនេះជាផ្លូវគោលសម្រាប់ប្រជាពលរដ្ឋ ក្នុងភូមិចេញចូលលំនៅដ្ឋានតំបន់នេះ មានទំហំ១០ម៉ែត្រ ចាប់ពីមហាវិថីសហព័ន្ធរុស្សុី ដល់សាលាសង្កាត់ទឹកថ្លា ដែលបងប្អូនមួយចំនួនបានយកគំនូសថ្មើរជើងផ្លូវធ្វើចំណត និងជួលឱ្យគេលក់ដូរពីមុខផ្ទះបង្កការកកស្ទះដល់អ្នកធ្វើដំណើរចេញចូលចំនួន២ភូមិ គឺភូមិសេប៉េសេ និងភូមិបុរី១០០ខ្នង។
ក្នុងនោះ រដ្ឋបាលខណ្ឌសែនសុខ ចុះអនុវត្តវិធានការរដ្ឋបាល រៀបចំសណ្តាប់ធ្នាប់ នៅតាមផ្លូវបុរី១០០ខ្នង (សាលាសង្កាត់ទឹកថ្លា) ដែលប្រជាពលរដ្ឋមួយចំនួន បានយកចិញ្ចើមថ្នល់ នៅតាមមុខផ្ទះរៀងៗខ្លួន ដាក់តាំងលក់ទំនិញផ្សេងៗ ដោយបានរំលោភយកចិញ្ចើមផ្លូវ ធ្វើឱ្យមានការកកស្ទះចរាចរណ៍ និងមិនមានផ្លូវ សំរាប់អ្នកថ្មើរជើងធ្វើដំណើរ។
ការចុះអនុវត្តវិធានការរដ្ឋបាលធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦នេះ ដឹកនាំដោយលោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌសែនសុខ ដែលមានការចូលរូមពីកម្លាំងអាជ្ញាធរចម្រុះរបស់ខណ្ឌ សង្កាត់ ចុះរៀបចំសណ្តាប់ធ្នាប់ និងអនុវត្តវិធានការដ្ឋាបាល ចំពោះប្រជាពលរដ្ឋដែលរំលោភយកចិញ្ចើមផ្លូវ ដាក់តាំងទំនិញលក់ដូរ និងការចតយានយន្ត មិនមានផ្លូវសម្រាប់អ្នកថ្មើរជើងធ្វើដំណើរ។
លោក ប្រាជ្ញ សីហា បានប្រាប់ឱ្យដឹងថា ការចុះធ្វើវិធានការ រដ្ឋបាលនៅពេលនេះ គឺក្រុមការងារបានចុះជូនដំណឹងដល់ប្រជាពលរដ្ឋ អ្នកលក់ដូរ ជាច្រើនលើកច្រើនសារមកហើយ ស្តីពីការរៀបចំសណ្តាប់ធ្នាប់លើផ្លូវនៅក្នុងមូលដ្ឋាន។ ដូច្នេះនេះអាជ្ញាធរចម្រុះបានចុះរៀបចំសណ្តាប់ធ្នាប់ និងធ្វើវិធានការរដ្ឋបាល ដោយមិនលើកលែង គឺចាប់ដកហូតសម្ភារៈមួយចំនួន ដែលនៅតែគគ្លើន ដាក់តាំងលក់ដោយរំលោភយកចិញ្ចើមផ្លូវសាធារណៈ។
លោកបានបន្តថា ការចុះធ្វើការរៀបចំសណ្តាប់ធ្នាប់ ក្រុមការងារក្រៅពីការអនុវត្តវិធានការរដ្ឋបាល ក្នុងនាមអាជ្ញាធរខណ្ឌសែនសុខ ក្រោមការបញ្ជាផ្ទាល់ពីលោក ចេង មុនីរ៉ា អភិបាលខណ្ឌសែនសុខ ក៏បានណែនាំ និងឱ្យប្រជាពលរដ្ឋមួយចំនួនតូច ដែលនៅតែបន្តរំលោភចិញ្ចើមផ្លូវ ដាក់តាំងលក់ទំនិញផ្សេងៗ ធ្វើកិច្ចសន្យា ឈប់ឱ្យដាក់តាំងលក់ទំនិញ ដែលអាចបង្កជាការកកស្ទះចរាចរណ៍ បាត់បង់សោភ័ណភាព និងសណ្តាប់ធ្នាប់តាមដងផ្លូវផងដែរ។
ក្រោយអាជ្ញាធរខណ្ឌសែនសុខ បានរៀបចំសណ្តាប់ធ្នាប់ ឱ្យមានរបៀបរៀបរយហើយ ដោយបានគូស លាបថ្នាំយ៉ាងស្រស់ស្អាត សម្រាប់អ្នកថ្មើរជើងហើយនោះ អាជ្ញាធរសូមសំណូមពរដោយទទូចដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលលក់ដូរនៅតាមបណ្តោយផ្លូវចូលសាលាសង្កាត់ទឹកថ្លា (ផ្លូវបុរី១០០ខ្នង)នេះ៖
ទី១-កុំយកសម្ភារៈ របស់របរ ឬទំនិញផ្សេងមកដាក់តាំងលើចិញ្ចើមថ្នល់ ដែលអាជ្ញាធរបានលាបពណ៌បៃតង ជាដាច់ខាត
ទី២-កុំយកសំរាមមកដាក់លើគំនូសពណ៌បៃតងនេះ។ អាជ្ញាធរសង្ឃឹម ជឿជាក់លើការចូលរួមពីប្រជាពលរដ្ឋ និងអនុវត្តតាមការអំពាវនាវរបស់អាជ្ញាធរ និងសូមថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលចូលរួមជាមួយអាជ្ញាធរនាពេលកន្លងមកដែលធ្វើឱ្យផ្លូវនេះ មានទំហំទូលាយងាយស្រួលធ្វើចរាចរណ៍៕

















