FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលរាជធានីភ្នំពេញ ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជាង១ម៉ឺនក្បាលដីជូនពលរដ្ឋរស់នៅជាប់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ

26-10-2026 13:51

(ភ្នំពេញ)៖ ប្រជាពលរដ្ឋរស់នៅជាប់របងអតីតព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ ១០ភូមិ មានជាង១ម៉ឺនក្បាលដី បានទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថ ពីរដ្ឋបាលរាជធានីភ្នំពេញ ក្រោយពីរាជរដ្ឋាភិបាលបានសម្រេចឆ្វៀលដីទាំងនេះ ប្រគល់ជូនប្រជាពលរដ្ឋ ក្រោយពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ ត្រូវបានផ្ទេរទៅទីតាំងថ្មីនាខេត្តកណ្តាល។

ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថនេះ ធ្វើឡើងនាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦នេះ ក្រោមអធិបតីភាព លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅក្នុងបរិវេណវត្តទួលសុភាឃួន ខណ្ឌពោធិ៍សែនជ័យ ហើយប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថនេះ ជាប្រជាពលរដ្ឋរស់នៅទីតាំងតំបន់ឆ្វៀល ក្នុងភូមិព្រៃទា១ ភូមិព្រៃទា២ និងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ភូមិជ្រៃកោង ភូមិចោមចៅ២ ភូមិថ្មគោល១ ភូមិថ្មគោល២ និងភូមិថ្មគោល៣ សង្កាត់ចោមចៅទី២ ភូមិត្រពាំងល្វា២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានលើកឡើងថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាអតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា និងបន្តថែទាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានសម្រេចប្រគល់ដីទាំងនេះ ជូនប្រជាពលរដ្ឋចំនួន ១១៣២១ប័ណ្ណ ដែលរស់នៅជាប់របងព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ លោកបញ្ជាក់ជូនប្រជាពលរដ្ឋថា គ្មានឪពុក ម្តាយណាម្នាក់ ចង់ឱ្យកូនក្រីក្រនោះទេ។ ពេលនេះប្រពលរដ្ឋទាំងអស់គ្នា មិនត្រឹមតែបានប័ណ្ណកម្មសិទ្ធិស្របច្បាប់ប៉ុណ្ណោះទេ តែថែមទាំងមានសួនកំសាន្ត ដើរហាត់ប្រាណនៅក្នុងព្រលានយន្តហោះចាស់នេះផងដែរ។ លោកបានបន្ថែមថា រដ្ឋបាលរាជធានីភ្នំពេញ ក៏នឹងបន្តការធ្វើប្រព័ន្ធលូបង្ហូរទឹកនៅតំបន់នេះ ឱ្យបានកាន់ល្អប្រសើរថែមទៀត។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី លោកអភិបាលបានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ សូមចូលរួមក្នុងការទុកដាក់សំរាមឱ្យបានល្អ កុំឱ្យសំរាមហូរចូលូនិងប្រឡាយទឹក។

ក្នុងឱកាសនោះ លោក សក់ ចន្ទ័កញ្ញារិទ្ឋ អភិបាលខណ្ឌពោធិសែនជ័យ បានឱ្យដឹងថា ដោយសារទីតាំងខាងលើ មិនមានការពង្រីកព្រលានយន្តហោះទៀតទើប រាជរដ្ឋាភិបាលសម្រេចឱ្យក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលរាជធានីភ្នំពេញ ចុះសិក្សា ដើម្បីផ្តល់កម្មសិទ្ធិស្របច្បាប់ជូនពលរដ្ឋ ដោយបញ្ចប់នៅឆ្នាំ២០២៦នេះ ហើយដីដែលឆ្កៀលជូនប្រជាពលរដ្ឋនេះមានចំនួន១១៣២១ប័ណ្ណ។

ចំណែកលោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ ក៏បានឱ្យដឹងផងដែរថា ដីខាងលើនេះ ជាដីដែលបានបង្កកយូរហើយ ហើយថ្មីៗ ត្រូវបានរាជរដ្ឋាភិបាលសម្រេចឱ្យប្រគល់កម្មសិទ្ធិជូនប្រជាពលរដ្ឋ។ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថ ដែលត្រូវប្រគល់ជូននេះ មានលក្ខណៈពិសេសជាងគេ ដោយនៅក្នុងប័ណ្ណនេះ មានបញ្ជាក់ពីការកំណត់កំពស់នៃការសាងសង់ថែមទៀតផង៕