រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ សេរីភាពសារព័ត៌មាន និងការទទួលខុសត្រូវចំពោះច្បាប់ ត្រូវដើរទន្ទឹមគ្នា, សិទ្ធិមិនអាចក្លាយជាលេសសម្រាប់ការបំភ្លៃ ការគំរាម ការញុះញង់ ឬការរំលោភសិទ្ធិអ្នកដទៃបានឡើយ
26-10-2026 11:57
(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា សេរីភាពសារព័ត៌មាន និងការទទួលខុសត្រូវចំពោះច្បាប់ ត្រូវដើរទន្ទឹមគ្នា។ សិទ្ធិសេរីភាពបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន គឺជាសិទ្ធិមូលដ្ឋានដែលត្រូវការពារ។ ប៉ុន្តែការប្រើសិទ្ធិនេះ ត្រូវទៅជាមួយការគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃ ការគោរពសណ្តាប់ធ្នាប់សាធារណៈ សីលធម៌សង្គម និងសន្តិសុខជាតិ តាមក្របខ័ណ្ឌច្បាប់។ សិទ្ធិមិនអាចក្លាយជាលេសសម្រាប់ការបំភ្លៃ ការគំរាម ការញុះញង់ ឬការរំលោភសិទ្ធិអ្នកដទៃបានឡើយ។ សេរីភាពផ្តល់ឱ្យយើងនូវសិទ្ធិនិយាយ ក្រមសីលធម៌ប្រាប់យើងថាគួរនិយាយយ៉ាងណា ហើយច្បាប់កំណត់ព្រំដែននៃការទទួលខុសត្រូវ។
នៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាល «ការទទួលខុសត្រូវវិជ្ជាជីវៈរបស់អ្នកសារព័ត៌មានក្នុងបរិបទឌីជីថល» នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្ថែមថា យើងត្រូវការសារព័ត៌មានដែលអាចបង្ហាញភាពមិនប្រក្រតី។ យើងត្រូវការសារព័ត៌មានដែលអាចលើកយកទុក្ខកង្វល់របស់ប្រជាពលរដ្ឋទៅកាន់អ្នកទទួលខុសត្រូវ។ យើងត្រូវការសារព័ត៌មានដែលអាចចូលរួមត្រួតពិនិត្យគុណភាពនៃការផ្តល់សេវាសាធារណៈ។ ប៉ុន្តែសេរីភាព មិនមែនជាការលើកលែងពីច្បាប់។
ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានលើកឡើងពីច្បាប់ស្តីពីរបបសារព័ត៌មានផ្តល់ការការពារសំខាន់ៗដល់វិជ្ជាជីវៈសារព័ត៌មាន។ ទន្ទឹមគ្នា ច្បាប់ក៏ដាក់កាតព្វកិច្ច និងការទទួលខុសត្រូវផងដែរ។ អ្នកសារព័ត៌មានត្រូវគោរពសិទ្ធិអ្នកដទៃ។ ត្រូវគោរពឯកជនភាពក្នុងក្របខ័ណ្ឌច្បាប់។ ត្រូវគោរពសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌។ ត្រូវប្រុងប្រយ័ត្នចំពោះកុមារ ជនរងគ្រោះ និងជនងាយរងគ្រោះ។ ត្រូវប្រុងប្រយ័ត្នចំពោះព័ត៌មានដែលអាចប៉ះពាល់សន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ។
រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានសង្កត់ធ្ងន់ថា ដូច្នេះ សេរីភាព និងការទទួលខុសត្រូវ មិនមែនជាគូប្រឆាំង។ សេរីភាពដែលគ្មានការទទួលខុសត្រូវ នឹងបាត់ទំនុកចិត្ត។ ការទទួលខុសត្រូវដែលគ្មានសេរីភាព ក៏ធ្វើឱ្យសារព័ត៌មានបាត់តួនាទី។ យើងត្រូវការទាំងពីរ។ ខ្ញុំសូមដាក់ជាសារគន្លឹះថា៖ «សេរីភាពសារព័ត៌មាន មិនមែនជាសិទ្ធិផ្សាយអ្វីក៏បាន។ វាគឺជាសិទ្ធិស្វែងរក និងផ្សាយការពិតដោយមានការទទួលខុសត្រូវ»។ រដ្ឋធម្មនុញ្ញកម្ពុជាមាត្រា៤១ ទទួលស្គាល់សេរីភាពនៃការបញ្ចេញមតិ សារព័ត៌មាន ការបោះពុម្ពផ្សាយ និងការជួបប្រជុំ។ ប៉ុន្តែមាត្រាដដែលក៏បញ្ជាក់ថា ការប្រើសិទ្ធិទាំងនេះមិនត្រូវរំលោភសេចក្តីថ្លៃថ្នូរអ្នកដទៃ មិនត្រូវប៉ះពាល់សីលធម៌សង្គម សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខជាតិ។ ដូច្នេះ សិទ្ធិ និងការទទួលខុសត្រូវ គឺជាគូដែលមិនអាចបំបែកពីគ្នា។ អ្នកសារព័ត៌មានត្រូវហ៊ានប្រើសិទ្ធិរបស់ខ្លួន ប៉ុន្តែត្រូវដឹងព្រំដែននៃសិទ្ធិនោះផងដែរ។
ភ្ជាប់ជាមួយនឹងចំណុចនេះ ត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា វិជ្ជាជីវៈសារព័ត៌មានមិនអាចការពារអ្នកពីការទទួលខុសត្រូវតាមច្បាប់ ប្រសិនបើប្រព្រឹត្តអំពើខុសច្បាប់។ ចំណុចនេះ លោកចង់ឱ្យបងប្អូនយល់ឱ្យបានត្រឹមត្រូវ។ ច្បាប់ស្តីពីរបបសារព័ត៌មានមានការការពារជាក់លាក់ចំពោះការបញ្ចេញមតិ និងការអនុវត្តសារព័ត៌មាន។ ប៉ុន្តែអត្តសញ្ញាណជាអ្នកសារព័ត៌មាន មិនលុបបំបាត់ការទទួលខុសត្រូវចំពោះអំពើដែលជាបទល្មើសដាច់ដោយឡែកនោះទេ។ អំពើខ្លះអាចបង្កការទទួលខុសត្រូវរដ្ឋប្បវេណី។ អំពើខ្លះអាចបង្កការទទួលខុសត្រូវព្រហ្មទណ្ឌ។ ការទទួលខុសត្រូវជាក់ស្តែង ត្រូវវាយតម្លៃតាមអង្គហេតុ ធាតុផ្សំនៃអំពើ ច្បាប់ជាធរមាន និងនីតិវិធីត្រឹមត្រូវ។
លោកបានបន្តថា ដូច្នេះ បើមានការគំរាម។ បើមានការកំហែងទារ។ បើមានការបន្លំ។ បើមានការក្លែងឯកសារ។ បើមានការរំលោភសិទ្ធិអ្នកដទៃ។ ឬអំពើផ្សេងទៀតដែលច្បាប់ហាមឃាត់ការនិយាយថា «ខ្ញុំជាអ្នកសារព័ត៌មាន» មិនអាចលុបធាតុផ្សំផ្លូវច្បាប់របស់អំពើនោះបានឡើយ។ ទន្ទឹមនឹងនេះ យើងក៏ត្រូវប្រុងប្រយ័ត្នមិនត្រូវសន្និ ដ្ឋានទូលំទូលាយថា «អ្វីក៏ដោយដែលអ្នកសារព័ត៌មានធ្វើ គឺជាបទព្រហ្មទណ្ឌ» នោះទេ។
រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា ការបរិហារកេរ្តិ៍ និងការជេរប្រមាថតាមមធ្យោបាយសារព័ត៌មាន មានបទប្បញ្ញត្តិពិសេសតភ្ជាប់ទៅច្បាប់ ស្តីពីរបបសារព័ត៌មាន។ ដូច្នេះ ច្បាប់ត្រូវអនុវត្តតាមប្រភេទអំពើ និងធាតុផ្សំនៃអំពើ មិនមែនតាមឈ្មោះវិជ្ជាជីវៈរបស់បុគ្គលឡើយ។ អ្នកសារព័ត៌មានមិនត្រូវខ្លាចច្បាប់។ អ្នកសារព័ត៌មានត្រូវ ស្គាល់ច្បាប់។ ចំណេះដឹងច្បាប់មិនធ្វើឱ្យអ្នកសារព័ត៌មានខ្សោយទេ។ វាធ្វើឱ្យអ្នកសារព័ត៌មានកាន់តែមានទំនុកចិត្ត ធ្វើការងារត្រឹមត្រូវ។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានរំលេចឡើងថា ទាក់ទងនឹងបិរហារកេរ្តិ៍និងដំណោះស្រាយកំហុសសារព័ត៌មាន។ បងប្អូនត្រូវបែងចែករវាង «ការរិះគន់» និង «ការបរិហារកេរ្តិ៍»។ ការរិះគន់ដោយផ្អែកលើអង្គហេតុ និងធ្វើដោយសុចរិតភាព គឺជាផ្នែកមួយនៃវិជ្ជាជីវៈសារព័ត៌មាន។ ប៉ុន្តែការចោទប្រកាន់ ឬអះអាងអង្គហេតុដោយទុច្ចរិត ដែលប៉ះពាល់កិត្តិយស ឬកេរ្តិ៍ឈ្មោះរបស់បុគ្គល ឬស្ថាប័ន អាចបង្កបញ្ហាផ្លូវច្បាប់។
ក្រមព្រហ្មទណ្ឌកំណត់និយមន័យបរិហារកេរ្តិ៍ ហើយមាត្រា៣០៦ បញ្ជាក់ថា បរិហារកេរ្តិ៍ដែលប្រព្រឹត្តតាមមធ្យោបាយសារព័ត៌មាន ត្រូវស្ថិតក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីរបបសារព័ត៌មាន។ ច្បាប់ស្តីពីរបបសារព័ត៌មានមាត្រា១០ ផ្តល់សិទ្ធិឱ្យបុគ្គលដែលយល់ថាព័ត៌មានមិនពិតប៉ះពាល់កិត្តិយស ឬសេចក្តីថ្លៃថ្នូរ អាចទាមទារការកែតម្រូវ ឬឆ្លើយតប ហើយក្នុងករណីជាក់លាក់អាចដាក់ពាក្យបណ្តឹង។ ការកែតម្រូវ ឬការឆ្លើយតបត្រូវផ្សាយតាមកាលកំណត់ដែលច្បាប់បានដាក់។ ដូច្នេះ បើមានកំហុស កុំប្រកែកដើម្បីការពារមុខមាត់របស់ខ្លួន។ ត្រូវកែ ត្រូវផ្តល់សិទ្ធិក្នុងការឆ្លើយតប។ ត្រូវរក្សាភស្តុតាង ហើយបើករណីមានហានិភ័យផ្លូវច្បាប់ធ្ងន់ ត្រូវពិគ្រោះអ្នកជំនាញច្បាប់៕






































