FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ខូយ រីដា៖ អ្នកវិនិយោគក្នុងខេត្តពោធិ៍សាត់ បានឃើញពីផលចំណេញជាស្រេច ទើបសម្រេចចិត្តបណ្ដាក់ទុន

26-10-2026 11:13

(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានគូសបញ្ជាក់ថា វត្តមានរបស់អ្នកវិនិយោគដែលសម្រេចចិត្តចូលមកបណ្ដាក់ទុននៅលើទឹកដីខេត្តពោធិ៍សាត់ គឺដោយសារតែពួកគេបានមើលឃើញពីកាលានុវត្តភាព និងផលចំណេញជាក់ស្ដែងរួចជាស្រេច ខណៈដែលអាជ្ញាធរខេត្តក្នុងនាមជា «ម្ចាស់ផ្ទះ» បានត្រៀមរៀបចំធនធាន សក្ដានុពល និងការធានាសន្តិសុខសណ្ដាប់ធ្នាប់យ៉ាងរឹងមាំ ដើម្បីផ្ដល់ទំនុកចិត្តដល់ពួកគេ។

ការលើកឡើងបែបនេះរបស់ លោក ខូយ រីដា បានធ្វើឡើងក្នុងឱកាសផ្ដល់បទសម្ភាសន៍ដល់ក្រុមអ្នកសារព័ត៌មានចម្រុះ ក្នុងដំណើរទស្សនកិច្ចដែលរៀបចំ និងដឹកនាំដោយក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦។

លោកអភិបាលខេត្ត បានពន្យល់ជាឧបមាថា អ្នកវិនិយោគមកកាន់ខេត្តពោធិ៍សាត់ គឺប្រៀបដូចជាគេយកលុយមកទិញទំនិញ ដូច្នេះទាល់តែម្ចាស់ផ្ទះមានរបស់ពិតប្រាកដសម្រាប់ផ្គត់ផ្គង់ដល់ពួកគេ។ អ្វីដែលខេត្តពោធិ៍សាត់មានសម្រាប់ផ្ដល់ជូន រួមមានទីតាំងភូមិសាស្ត្រអំណោយផល និងសក្ដានុពលសេដ្ឋកិច្ចចម្រុះ ទាំងផ្នែកឧស្សាហកម្ម និងកសិកម្ម។ ជាក់ស្ដែង នៅស្រុកក្រគរនាពេលបច្ចុប្បន្ន បានក្លាយជាតំបន់ប្រមូលផ្តុំរោងចក្រសហគ្រាសយ៉ាងសកម្ម រួមមាន រោងចក្រកែច្នៃផ្លាស្ទិក រោងចក្រដំឡើងរថយន្ត រោងចក្រផលិតខ្សែភ្លើង និងគ្រឿងបង្គុំអគ្គិសនី ព្រមទាំងរោងចក្រកាត់ដេរសម្លៀកបំពាក់ និងកាបូបជាដើម។

ដោយឡែកលើវិស័យកសិកម្មវិញ លោកអភិបាលខេត្តបានគូសបញ្ជាក់ថា ខេត្តសម្បូរទៅដោយដំណាំសក្តានុពលជាច្រើន ពិសេសដំណាំដំឡូងមី និងដំណាំកសិ-ឧស្សាហកម្មចម្រុះ ដែលកំពុងត្រូវបានជំរុញការដាំដុះឱ្យស្របតាមតម្រូវការទីផ្សារ និងបម្រើឱ្យខ្សែច្រវាក់ផ្គត់ផ្គង់នៃបណ្តារោងចក្រកែច្នៃដែលកំពុងដំណើរការវិនិយោគ។

លោក ខូយ រីដា បានសង្កត់ធ្ងន់ថា៖ «ក្នុងនាមជាអាណាព្យាបាលខេត្ត ដែលជាម្ចាស់ផ្ទះមានទ្រព្យសម្បត្តិសម្រាប់ផ្ដល់ឱកាសដល់អ្នកវិនិយោគ ទាល់តែយើងផ្ដល់ភាពកក់ក្ដៅឱ្យគេ។ ទីមួយ គឺការងារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ និងទីពីរ គឺការឆ្លើយតបគ្រប់រូបភាពតាមតម្រូវការ ដោយយើងត្រូវយកអ្វីដែលជាសក្ដានុពលពិតប្រាកដមកបង្ហាញដើម្បីទាក់ទាញគេ ពីព្រោះអ្នកវិនិយោគគេយកលុយមក គឺគេចង់បានផលចំណេញត្រឡប់ទៅវិញពីទុនដែលគេបានបណ្ដាក់។ ផ្ទុយទៅវិញ បើគេដឹងថាយកមកវិនិយោគហើយប្រឈមនឹងការខាតបង់ គេប្រាកដជាមិនយកទុនមកវិនិយោគនៅលើទឹកដីយើងនោះឡើយ»។

តាមរយៈការរៀបចំបរិយាកាសវិនិយោគប្រកបដោយភាពកក់ក្ដៅ សុវត្ថិភាព និងការគាំពារខ្ពស់ពីរដ្ឋបាលខេត្ត បានធ្វើឱ្យខេត្តពោធិ៍សាត់ប្រែក្លាយខ្លួនជាគោលដៅវិនិយោគដ៏មានទំនុកចិត្តខ្ពស់ ដែលមិនត្រឹមតែផ្ដល់ផលចំណេញត្រឡប់ទៅកាន់អ្នកវិនិយោគប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតការងារ បង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យកាន់តែប្រសើរឡើងផងដែរ៕