ព្រឹទ្ធសភា បើកសម័យប្រជុំលើកទី៦ នីតិកាលទី៥ ដើម្បីប្រកាសទទួលស្គាល់សមាជិកថ្មី
26-10-2026 09:57
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២៦ នេះ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ បានបើកកិច្ចប្រជុំក្រោមអធិបតីភាព លោក អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា ដោយលទ្ធផលបានសម្រេចកំណត់យកព្រឹកថ្ងៃដដែលនេះ ដើម្បីបើកសម័យប្រជុំលើកទី៦ របស់ខ្លួន។
សេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានឱ្យដឹងថា កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នេះ បានប្រព្រឹត្តទៅនៅវេលាម៉ោង ៨:០០នាទីព្រឹក នៅវិមានព្រឹទ្ធសភា។ បន្ទាប់ពីបានពិនិត្យ និងពិភាក្សា អង្គប្រជុំបានសម្រេចកំណត់យកវេលាម៉ោង ៩:០០នាទីព្រឹក ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ដដែល ដើម្បីបើកសម័យប្រជុំលើកទី៦ ព្រឹទ្ធសភានីតិកាលទី៥។
សម័យប្រជុំលើកទី៦ នេះ នឹងដំណើរការដោយមានរបៀបវារៈសំខាន់ៗចំនួន២ រួមមាន៖
* ទី១. ការប្រកាសទទួលស្គាល់សមាជិកថ្មីព្រឹទ្ធសភា
* ទី២. ការស្តាប់របាយការណ៍សង្ខេបរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ស្តីពីសកម្មភាព និងលទ្ធផលការងាររបស់ព្រឹទ្ធសភា នៅចន្លោះសម័យប្រជុំលើកទី៥ និងលើកទី៦ នីតិកាលទី៥៕










