វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា(CAFE26) បិទបញ្ចប់ដោយជោគជ័យ ខណៈអ្នកចូលរួមទស្សនារហូតដល់ទៅជាង ៣៥,០០០នាក់
25-10-2026 20:09
(ភ្នំពេញ)៖ រយៈពេល ៣ថ្ងៃ នៃវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា(CAFE26) បិទបញ្ចប់ដោយជោគជ័យ ខណៈអ្នកចូលរួមទស្សនារហូតដល់ទៅជាង ៣៥,០០០នាក់ ច្រើនជាង CAFE25 ដែលមានអ្នកទស្សនាត្រឹមតែជាង ២៥០០០នាក់។
ពិធីបិទ បានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ។
ថ្លែងក្នងពិធីបិទ លោករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់នូវកិច្ចខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត និងការលះបង់ពេលវេលារបស់ក្រុមការងារCAFE26 ជាពិសេសកិច្ចសហការពីក្រសួងស្ថាប័នពាក់ព័ន្ធ អង្គការដៃគូអភិវឌ្ឍន៍ទាំងអស់ និងបងប្អូនអ្នកចូលរួម ដែលធ្វើឲ្យកម្មវិធីនេះទទួលបានជោគជ័យ និងរលូនគួរជាទីមោទកភាព។
បើតាមលោក ឌិត ទីណា វេទិកា(CAFE26) ជាវេទិកាដ៏រស់រវើក និងការតាំងពិព័រណ៍ផលិតផលដ៏សម្បូរបែប ជាពិសេសការចូលរួមយ៉ាងច្រើនកុះករ ដែលបង្ហាញពីស្មារតីសហការគ្នាគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជួបជុំរវាងរដ្ឋាភិបាល វិស័យឯកជន ធុរកិច្ចជន វិនិយោគិនជាតិនិងអន្តរជាតិ ដៃគូអភិវឌ្ឍន៍ បណ្តាអង្គការ អ្នកស្រាវជ្រាវ អ្នកតាក់តែងគោលនយោបាយ អាជីវកម្ម អ្នកផលិត សហគមន៍កសិកម្ម និងកសិករ ផ្សាភ្ជាប់ទំនាក់ទំនង ការកសាងភាពជាដៃគូយូរអង្វែង ការតភ្ជាប់ខ្សែច្រវាក់តម្លៃកសិស្បៀងអាហារ ការផ្គូផ្គងអាជីវកម្ម ការចែករំលែកចំណេះដឹងនិងបទពិសោធន៍ពីវាគ្មិនកិត្តិយសសំខាន់ៗ ដែលជាទិសដៅនៃកម្មវិធីនាពេលនេះ សំដៅប្រមូលផ្តុំកម្លាំងអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជាឲ្យដើរទៅមុខប្រកបដោយភាពស្វាហាប់ ការបង្កើតបរិយាកាសវិនិយោគ និងប្រព័ន្ធអេកូឡូស៊ីកសិកម្ម។
ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់វិស័យឯកជន និងភាគីពាក់ព័ន្ធទាំងអស់ បន្តរក្សាទំនាក់ទំនងឈានរកការចុះកិច្ចសន្យាជាមួយសហគមន៍កសិកម្ម ជំរុញលើការកែច្នៃកសិផល ការអភិវឌ្ឍន៍ភស្តុភារកម្មត្រជាក់ ការបង្កើតកញ្ចប់ហិរញ្ញវត្ថុដែលមានភាពបត់បែន កម្ចីការប្រាក់ទាបឆ្លើយតបនឹងបរិបទជាក់ស្តែង ការពង្រឹងខ្សែច្រវាក់តម្លៃ ការតភ្ជាប់ទីផ្សារ និងជំរុញកសិករចងក្រងជាសហគមន៍កសិកម្មទំនើប សំដៅកាត់បន្ថយថ្លៃដើមផលិត និងទទួលបានអត្ថប្រយោជន៍ជាច្រើន។
លោករដ្ឋមន្ត្រី ឌិត ទីណា បានលើកឡើងពីការចូលរួមយ៉ាងសកម្មរបស់យុវជនក្នុងវិស័យកសិកម្មកម្ពុជា ដែលជាកត្តាសំខាន់ និងនាំមកនូវផលប្រយោជន៍ជាច្រើន ក្នុងការស្វែងរកឱកាសសម្រាប់កសិករ ការលើកកម្ពស់បច្ចេកវិទ្យាកសិកម្មនិងទំនើបកម្មកសិកម្ម សហគ្រិនភាព និងការបង្កើនតម្លៃបន្ថែម សំដៅធានាបានសន្តិសុខស្បៀង ការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងការទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ៕










