រដ្ឋបាលខណ្ឌសែនសុខ សហការជាមួយមន្ទីរកសិកម្មរាជធានីភ្នំពេញ ដាំដើមឈើជាង១០០ដើម នៅតាមផ្លូវចូលវិទ្យាល័យទួលប្រាសាទ
25-10-2026 19:25
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ លោក ចេង មុនីរ៉ា អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ បានដឹកនាំលោកភិបាលរងខណ្ឌ មន្ត្រីរាជការ លោកគ្រូអ្នកគ្រូ យុវជន ស.ស.យ.ក សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញ បន្តដាំកូនឈើ នៅតាមបណ្តោយផ្លូវចូលវិទ្យាល័យទួលប្រាសាទសែនសុខ ចាប់ពីក្លោងទ្វារសាលាផ្លូវលេខ១០១៩ ដល់ក្នុងបរិវេណសាលា ដើម្បីលំអរបរិស្ថានស្រស់ស្អាត ដល់សិស្សានុសិស្ស បង្កើនសម្រស់ធម្មជាតិបៃតង និងនិរន្តរភាពនៃភពផែនដីយើងទាំងអស់គ្នា។
បើតាមលោក គាំ សីហា នាយខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ បានបញ្ជាក់ថា ដើមឈើដែលបានយកមកដាំនាពេលនេះ មានចំនួន ១១០ដើម រួមមានដាំដើមធ្នង់ និងឥន្ធនេល ដើម្បីលំអរបរិស្ថាននៅវិទ្យាល័យទួលប្រាសាទ ស្ថិតនៅភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
នាឱកាសនោះដែរ លោក ចេង មុនីរ៉ា បានថ្លែងអំណរគុណដល់អភិបាលរាជធានីភ្នំពេញ តាមរយៈមន្ទីរកសិកម្មរាជធានីភ្នំពេញ ដែលផ្តល់ដើមឈើ និងបានយកមកដាំ នៅដងផ្លូវចូលវិទ្យាល័យទួលប្រាសាទនាពេលនេះ ដែលដើមឈើ គឺបានផ្តល់អត្ថប្រយោជន៍ច្រើនណាស់ ដល់មនុស្ស សត្វ ជាពិសេសសម្រាប់សិស្សានុសិស្សនាពេលបច្ចុប្បន្ន និងអនាគតដល់កូនចៅជំនាន់ក្រោយ បានស្គាល់ប្រភេទដើមឈើប្រណីតៗរបស់ខ្មែរ៕












