រដ្ឋបាលខេត្តកំពង់ចាម រៀបចំពិធីក្រុងពាលី និងបួងសួងសុំសេចក្តីសុខ មុននឹងចាប់ផ្តើមព្រឹត្តិការណ៍ប្រណាំងទូកង បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ក្នុងឱកាសបុណ្យចេញព្រះវស្សា
25-10-2026 16:59
(កំពង់ចាម)៖ លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ នេះ បានអញ្ជើញដឹកនាំមន្ត្រីរាជការ ប្រារព្ធពិធីក្រុងពាលីបួងសួងសុំសេចក្តីសុខ មុននឹងចាប់ផ្តើមព្រឹត្តិការណ៍ប្រណាំងទូកង បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ក្នុងឱកាសបុណ្យចេញព្រះវស្សា នៅវេទិការអ៊ុំទូកមាត់ទន្លេ ក្នុងក្រុងកំពង់ចាម។
គួរបញ្ជាក់ថា ប្រវត្តិសាស្ត្រខ្មែរបានបញ្ជាក់យ៉ាងច្បាស់ថា ពិធីនេះមានប្រវត្តិតាំងពីបុរាណកាលមក ហើយបានចែងទុកក្នុងឯកសារជាតិ អន្តរជាតិ ពិសេសបានចារទុកលើសិលាចារឹកក៏ដូចជាជញ្ជាំងប្រាសាទខ្មែរនានាថែមទៀត។ ពិធីបុណ្យប្រពៃណីនេះមានការរីកចម្រើនជាខ្លាំងក្នុងសង្គមខ្មែរនាសម័យអង្គរ ពិសេសក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ នាសតវត្សរ៍ទី១២ និងសម័យលង្វែក ពុទ្ធសករាជ ២០៧១ គ្រិស្ដសករាជ១៥២៨។
ព្រះបាទជ័យវរ្ម័នទី៧ ស្ដេចខ្លាំងពូកែរបស់ខ្មែរដែលធ្វើសង្គ្រាមលើទឹកបង្ក្រាបបច្ចាមិត្ត ដោយកងទ័ពព្រះអង្គប្រើទូកធ្វើចម្បាំង ដើម្បីរំដោះក្រុងកម្ពុជាឱ្យរួចផុតពីកណ្ដាប់ដៃខ្មាំងសត្រូវ។ រឿងចម្បាំងទាំងនេះ បុព្វបុរសខ្មែរបានឆ្លាក់លើជញ្ជាំងប្រាសាទបាយ័ន និងជញ្ជាំងប្រាសាទបន្ទាយឆ្មារ ដែលព្រះឆាយាលក្ខណ៍ព្រះបាទជ័យវរ្ម័នទី៧ ទ្រង់ស្ថិតលើនាវាចម្បាំងកាន់ធ្នូ ដំបង និងមានកងទ័ពយ៉ាងច្រើនមហិមា៕






