អភិបាលខេត្តតាកែវ អំពាវនាវឱ្យប្រជាពលរដ្ឋទៅពិនិត្យ ផ្ទៀងផ្ទាត់ និងចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា
25-10-2026 16:46
(តាកែវ)៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតទាំងអស់ ត្រូវទៅពិនិត្យ ផ្ទៀងផ្ទាត់ ឬធ្វើជីវមាត្រឡើងវិញ និងចុះឈ្មោះឱ្យបានគ្រប់ៗគ្នា នៅតាមសាលាឃុំ សង្កាត់។
ការអំពាវនាវនេះធ្វើឡើងក្នុងឱកាសដែលលោកបានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ទៅផ្តល់ជូនគ្រួសារទីទ័លក្រ និងរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៦០គ្រួសារ នៅស្រុកបូរីជលសារ និងស្រុកទ្រាំង ខេត្តតាកែវ។
លោកអភិបាលខេត្តបានសង្កត់ធ្ងន់ថា ការចូលរួមពិនិត្យ និងចុះឈ្មោះបោះឆ្នោតនេះ គឺដើម្បីធានាថាឈ្មោះ និងទិន្នន័យផ្សេងៗរបស់បងប្អូនប្រជាពលរដ្ឋមានភាពត្រឹមត្រូវ និងពេញលេញ សម្រាប់ប្រើប្រាស់សិទ្ធិបោះឆ្នោតនាពេលខាងមុខ។
លោកក៏បានបន្ថែមថា ដំណើរការពិនិត្យ និងចុះឈ្មោះបោះឆ្នោត ឬកែតម្រូវទិន្នន័យនេះ ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតផ្សព្វផ្សាយយ៉ាងទូលំទូលាយរួចមកហើយ។
ឆ្លៀតក្នុងឱកាសនោះ លោក វ៉ី សំណាង ក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់និន្នាការនយោបាយ ពូជសាសន៍ ឬសាសនាឡើយ ស្របតាមទិសស្លោក “ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជាចាំជួយជានិច្ច”។ ដូច្នេះ ការចូលរួមពិនិត្យ និងចុះឈ្មោះបោះឆ្នោត គឺជាកាតព្វកិច្ចដ៏សំខាន់របស់ប្រជាពលរដ្ឋគ្រប់រូប ដើម្បីធានានូវសិទ្ធិប្រជាធិបតេយ្យរបស់ខ្លួន៕










