FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យគម្រោងផ្តល់ដី និងផ្ទះជូនប្រជាពលរដ្ឋនៅខេត្តឧត្តរមានជ័យ

25-10-2026 15:05

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃអាទិត្យ ទី២៥ ខែតុលា ឆ្នាំ២០២៦នេះ បានឆ្លៀតចុះពិនិត្យមើលស្ថានភាពនៃគម្រោងសម្រាប់ប្រជាជនភៀសសឹក និងគម្រោងផ្តល់ដី និងផ្ទះសម្រាប់គ្រួសារក្រីក្រក្រោមគម្រោង LASED III នៅស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។

នៅទីនេះ មានប្រជាពលរដ្ឋដែលបានទទួលផលសរុបមានចំនួន ១.០៧៧គ្រួសារ ក្នុងនោះមានគ្រួសារជនភៀសសឹកចំនួន ៨៨២ គ្រួសារ គ្រួសារក្រីក្រគម្រោង LASED III ចំនួន ១៩៥គ្រួសារ និងគ្រួសារកងកម្លាំងចំនួន ១៦៣គ្រួសារ ស្មើនឹង ៤.២៤៣នាក់ (កុមារ ១.៣២១ នាក់)។ ជនភៀសសឹកដែលស្នាក់នៅ ត្រូវបានរាជរដ្ឋាភិបាលផ្តល់ជូនផ្ទះ សេវាទឹកស្អាត អគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ព្រមទាំងកញ្ចប់ថវិកាឧបត្ថម្ភប្រចាំខែទាំងគ្រួសារ និងសមាជិកគ្រួសារ។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏មានការយកចិត្តទុកដាក់ ក្នុងការផ្តល់ការជួយទំនុកបម្រុងលើការជួយជីវភាពរស់នៅប្រចាំថ្ងៃ តាមរយៈការជួយលើផ្នែកកសិកម្ម រោងដាំបន្លែ មាន់ ក៏ដូចជាដំណាំហូបផ្លែផងដែរ។ ការយកចិត្តទុកដាក់នេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ជីវភាពរស់នៅ និងផ្តល់ទីជម្រកសមរម្យជូនប្រជាពលរដ្ឋគ្រប់រូប៕