FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ រៀបចំពិធីការពារគម្រោងស្រាវជ្រាវបឋមថ្នាក់បណ្ឌិត ជំនាន់ទី២ និងបង្ហាញពីវឌ្ឍនភាពនៃការបណ្តុះបណ្តាលកម្រិតពុទ្ធិកឧត្តមសិក្សា និងក្រោយពុទ្ធិកឧត្តមសិក្សា

25-10-2026 13:37

(ភ្នំពេញ)៖ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ បានរៀបចំពិធីការពារគម្រោងស្រាវជ្រាវបឋមថ្នាក់បណ្ឌិត ជំនាន់ទី២ ដោយមានការចូលរួមពី សម្តេចព្រះសាកលវិទ្យាធិការ ព្រះសាកល វិទ្យាធិការរង សាស្ត្រាចារ្យដឹកនាំ សមណនិស្សិត និស្សិត ព្រមទាំងបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការពង្រឹងលើកកម្ពស់គុណភាពអប់រំនិងការស្រាវជ្រាវកម្រិតឧត្តមសិក្សានៅកម្ពុជា។

នៅក្នុងឱកាសនោះ ព្រះបាលិកោវិទ បណ្ឌិត ឌិត វីរៈ ព្រះសាកលវិទ្យាធិការរង ទទួលបន្ទុកការបណ្តុះបណ្តាលថ្នាក់ក្រោយឧត្តមសិក្សា បានធ្វើរបាយការណ៍សង្ខេបអំពីវឌ្ឍនភាពនៃការបណ្តុះបណ្តាលថ្នាក់បណ្ឌិតនិងគោលការណ៍នៃការការពារគម្រោងស្រាវជ្រាវបឋម។

ព្រះអង្គបានរំលឹកថា ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ គឺជាគ្រឹះស្ថានសិក្សាដែលមានវ័យចំណាស់ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៥៤ ក្រោមព្រះរាជូបត្ថម្ភដ៏ខ្ពង់ខ្ពស់របស់ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ និងការដឹកនាំផ្ទាល់របស់សម្តេចព្រះពោធិវ័ង្ស ហួត តាត។

បច្ចុប្បន្ន សាកលវិទ្យាល័យមានទីតាំងចំនួន ៤ រួមមាន ទីតាំងគោលនៅរាជធានីភ្នំពេញនិងសាខាចំនួន ៣ នៅតាមបណ្តាខេត្ត គឺខេត្តកំពង់ឆ្នាំង ខេត្តបាត់ដំបង និងខេត្តសៀមរាប ដោយមានសមណនិស្សិតនិងនិស្សិតជាង៨,០០០ អង្គ/នាក់ កំពុងសិក្សាក្នុងកម្រិតបរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។

ដោយឡែកការបណ្តុះបណ្តាលថ្នាក់បណ្ឌិតនៅទីតាំងគោលរាជធានីភ្នំពេញ ត្រូវបានអនុញ្ញាតជាផ្លូវការ តាមប្រកាសលេខ ៤០/២៤ ក.ធ.ស.ប្រក ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ របស់ក្រសួងធម្មការនិងសាសនា លើជំនាញឯកទេសចំនួន ១០រួមមាន៖ ឯកទេស បាលី, ឯកទេស សំស្រ្កឹត,ឯកទេស ទស្សនវិជ្ជាពុទ្ធសាសនា, ឯកទេស ទស្សនវិជ្ជា, ឯកទេស អក្សរសាស្ត្រ, ឯកទេស ភាសាវិទ្យា, ឯកទេស រដ្ឋបាលសាធារណៈ, ឯកទេស នីតិសាស្ត្រ, ឯកទេស វិទ្យាសាស្ត្រអប់រំ និងឯកទេស គ្រប់គ្រងអប់រំ។

គិតមកទល់ពេលនេះ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ បានបើកកិច្ចដំណើរការបណ្តុះបណ្តាលថ្នាក់បណ្ឌិតបានចំនួន ២ ជំនាន់ហើយ ដោយមានសមណនិស្សិតនិងនិស្សិតសរុបចំនួន ៩៥ អង្គ/នាក់ (បព្វជិត ៤៨ អង្គ ប្រុស ៤៤ នាក់ និងស្រី ៣ នាក់) ក្នុងនោះ៖

*ជំនាន់ទី១ (ចូលរៀនថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥)៖ មានចំនួន ៦៤ អង្គ/នាក់ (បព្វជិត ៣២ អង្គ ប្រុស ៣០នាក់ ស្រី២នាក់)។
*ជំនាន់ទី២ (ចូលរៀនថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៦)៖ មានចំនួន ៣១ អង្គ/នាក់ (បព្វជិត ១៦អង្គ ប្រុស ១៤នាក់ ស្រី ១នាក់)។

ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ បានរៀបចំការការពារគម្រោងស្រាវជ្រាវបឋមថ្នាក់បណ្ឌិតចំនួន ២លើក ដោយមានបេក្ខសមណនិស្សិត និងបេក្ខនិស្សិតការពារសរុបចំនួន ៥៥ អង្គ/នាក់(បព្វជិត ២៥អង្គ ប្រុស ២៩នាក់ ស្រី ១នាក់)។

លើកទី១ (ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦)៖ មានអ្នកការពារសរុប ២៦ អង្គ/នាក់ (បព្វជិត ៩អង្គ ប្រុស ១៦នាក់ ស្រី ១ នាក់) លើឯកទេសបាលី ចំនួន ១ អង្គ ទស្សនវិជ្ជាពុទ្ធសាសនា ៨ អង្គ/នាក់ ភាសាវិទ្យា ២អង្គ/នាក់ នីតិសាស្ត្រ ៣អង្គ/នាក់ រដ្ឋបាលសាធារណៈ ៤អង្គ/នាក់ និងគ្រប់គ្រងអប់រំ ៦អង្គ/នាក់។
លើកទី២ (ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦)៖ មានអ្នកការពារសរុប ២៩អង្គ/នាក់ លើឯកទេសបាលី ៥អង្គ/នាក់ ទស្សនវិជ្ជា ៣អង្គ/នាក់ ទស្សនវិជ្ជាពុទ្ធសាសនា ៨អង្គ/នាក់ ភាសាវិទ្យា ៤អង្គ/នាក់ នីតិសាស្ត្រ ២អង្គ/នាក់ រដ្ឋបាលសាធារណៈ ៥អង្គ/នាក់ និងគ្រប់គ្រងអប់រំ ២អង្គ/នាក់។

មានថេរដីកាក្នុងពិធីនេះ សម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេង យៀត ព្រះសាកលវិទ្យាធិការ បានគូសបញ្ជាក់ថា ការសិក្សាថ្នាក់បណ្ឌិតនៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ទាមទារឱ្យអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមគោលការណ៍ណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។

ដំណើរការនេះរាប់បញ្ចូលទាំងការសិក្សាក្នុងថ្នាក់ ការប្រឡង ជំនាញស្រាវជ្រាវ ការចូលរួមសិក្ខាសាលា ការបោះពុម្ពផ្សាយក្នុងទស្សនាវដ្តីសិក្សាថ្នាក់ជាតិនិងអន្តរជាតិ ជាពិសេស គឺបែបបទនៃការសរសេរនិក្ខេបបទស្រាវជ្រាវឱ្យត្រូវតាមស្តង់ដា។

សម្តេចព្រះសាកលវិទ្យាធិការ បានមានថេរដីកាបន្ថែមថា ទោះបីជាមានការស្នើសុំអាហារូបករណ៍ច្រើនក៏ដោយប៉ុន្តែដោយសារលទ្ធភាពសាលានៅមានកម្រិត ពុទ្ធិកសាកលវិទ្យាល័យបានរៀបចំជា «បុណ្យផ្កាប្រាក់សាមគ្គីទ្រទ្រង់ថ្នាក់ក្រោយឧត្តមសិក្សា» ដើម្បីអាចផ្តល់អាហារូបករណ៍ចំនួន ៥០% ដល់សមណនិស្សិតនិងនិស្សិត។

ដោយឡែកសម្រាប់ឆ្នាំ២០២៦ តាមរយៈគម្រោងអប់រំសីហនុរាជ ពុទ្ធិកសាកលវិទ្យាល័យទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៨អង្គ/នាក់ និងថ្នាក់បណ្ឌិតចំនួន ១ រូប ព្រមទាំងមានថវិកាសម្រាប់ការស្រាវជ្រាវគម្រោងចំនួន ២ គម្រោងពីមូលនិធិសង្គហសិក្សា ខៀវ ស៊ីណា ជា ចាន់តូ ដែលបុគ្គលិកអប់រំគ្រូបង្រៀន និងសាធារណជនទូទៅ មានចំណាប់អារម្មណ៍ អាចដាក់ពាក្យស្នើសុំអាហារូបករណ៍ទាំងនោះ នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជបាន៕