លោក ហ៊ុន ម៉ានី ចាត់ទុកវេទិកាបាវកថាជាស៊េរី គឺជាយន្តការពង្រឹងទស្សនៈឯកភាពបក្ស តាមរយៈការផ្សាភ្ជាប់រវាងថ្នាក់ដឹកនាំជំនាន់មុន និងអ្នកបន្តវេន
25-10-2026 13:32
(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី អគ្គលេខាធិការនៃអគ្គធិការដ្ឋានគណៈចលនាមហាជននៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានចាត់ទុកវេទិកាបាវកថាជាស៊េរី គឺជាយន្តការពង្រឹងទស្សនៈឯកភាពបក្ស តាមរយៈការផ្សាភ្ជាប់រវាងថ្នាក់ដឹកនាំជំនាន់មុន និងអ្នកបន្តវេនជំនាន់ក្រោយ ដើម្បីពង្រឹងការយល់ដឹង ការចែករំលែក និងសាមគ្គីភាពអន្តរជំនាន់។
លោក ហ៊ុន ម៉ានី ថ្លែងបែបនេះ ក្នុងបាឋកថាជាស៊េរី «កេរដំណែលរស់៖ គុណតម្លៃ ៧មករា» ក្រោមប្រធានបទ «ការចូលរួមក្នុងការងារមហាជន ដើម្បីបុព្វហេតុជាតិ និងប្រជាជនក្រោមការដឹកនាំរបស់សម្តេចតេជោ អគ្គមគ្គុទេសក៍ជាតិដ៏ឆ្នើម» របស់លោកបណ្ឌិត អ៉ិត សំហេង នៅសាលប្រជុំ នៃវិមាន ៧ មករា នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦។
ផ្សាភ្ជាប់នឹងការលើកឡើងខាងលើនេះ លោក ហ៊ុន ម៉ានី បានបន្ថែមថា ក្នុងគោលបំណងចូលរួមពង្រឹងទស្សនៈឯកភាព ក្នុងការដឹកនាំបក្ស និងរដ្ឋ មេរៀនដែលឧទ្ទេសនាមដោយឥស្សរជនជាវាគ្មិន នឹងត្រូវបានចងក្រង និងរក្សាទុកជាឯកសារ សម្រាប់ការសិក្សា ស្រាវជ្រាវបណ្តុះបណ្តាល បំផុសគំនិត និងផ្ទេរបន្តទៅអ្នកបន្តវេនជំនាន់ក្រោយតទៅមុខរបស់គណបក្ស។
លោកបានគូសបញ្ជាក់ថា បទពិសោធ និងពុទ្ធិចែករំលែកដោយថ្នាក់ដឹកនាំ ជាចាស់ទុំ និងជាសាក្សីរស់ នៃប្រវត្តិសាស្រ្ត ដែលធ្លាប់បានឆ្លងកាត់មេរៀនជីវិត និងដំណើរតស៊ូក្នុងជីវិតការងារក្នុងរយៈពេលជាច្រើនទសវត្សរ៍ នៃការបំពេញភារកិច្ចបម្រើជាតិ មាតុភូមិ និងប្រជាជន គឺជាកញ្ចក់ឆ្លុះបញ្ចាំង និងជាត្រីវិស័យតម្រង់ទិសសម្រាប់ការអនុវត្តការងារតទៅមុខរបស់អ្នកជំនាន់ក្រោយ៕



















