កម្ពុជាមានរោងចក្រឧស្សាហកម្មធុនធ្ងន់ ៣,៤១៧ កន្លែង ផ្តល់ការងារជាង ១,៣ លាននាក់ និងមានទុនវិនិយោគជាង ២៨,៧ ពាន់លានដុល្លារ
25-10-2026 13:06
(ភ្នំពេញ)៖ គិតត្រឹមខែតុលា ឆ្នាំ២០២៦ កម្ពុជាមានរោងចក្រឧស្សាហកម្មធុនធ្ងន់កំពុងដំណើរការសរុបចំនួន ៣,៤១៧ កន្លែង កើនឡើង ៣៦៦កន្លែង បើធៀបនឹងចុងឆ្នាំ២០២៥ ដោយបានផ្តល់ឱកាសការងារដល់កម្មករនិយោជិតប្រមាណ ១,៣លាននាក់ និងមានទុនវិនិយោគចុះបញ្ជីសរុបជាង ២៨,៧៣០ លានដុល្លារអាមេរិក។
លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងពីកំណើនគួរឱ្យកត់សម្គាល់នេះ ក្នុងពិធីបើកវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ ក្រោមប្រធានបទ «វិនិយោគក្នុងវិស័យកសិ-ស្បៀងអាហារកម្ពុជា៖ ភាពជាដៃគូ តម្លៃបន្ថែម និងនវានុវត្តន៍» ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។
លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ក្នុងបរិបទនៃការអភិវឌ្ឍសេដ្ឋកិច្ច និងការប្រកួតប្រជែងទីផ្សារពិភពលោកនាពេលបច្ចុប្បន្ន ការប្រកួតប្រជែងមិនអាចវាស់វែងត្រឹមតែទំហំផ្ទៃដីដាំដុះ ឬបរិមាណផលិតផលប៉ុណ្ណោះទេ ប៉ុន្តែត្រូវផ្អែកលើគុណភាពបច្ចេកវិទ្យា ការអនុលោមតាមស្តង់ដារអន្តរជាតិ ប្រសិទ្ធភាពខ្សែច្រវាក់ផ្គត់ផ្គង់ និងសមត្ថភាពឆ្លើយតបតាមតម្រូវការទីផ្សារលំដាប់ខ្ពស់។
លោកបានបន្ថែមថា ការរឹតបន្តឹងវិធានការមិនមែនពន្ធ ជាពិសេសវិធានការអនាម័យ និងភូតគាមអនាម័យ (SPS) នៅតាមទីផ្សារសំខាន់ៗ ដូចជា សហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងអាស៊ីបូព៌ា កំពុងក្លាយជាបញ្ហាប្រឈមសម្រាប់ការនាំចេញផលិតផលកសិ-ចំណីអាហារ។ ទន្ទឹមនឹងនេះ លក្ខខណ្ឌពាក់ព័ន្ធនឹងបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) ក៏កាន់តែមានសារៈសំខាន់ ដោយទីផ្សារអន្តរជាតិផ្តោតលើប្រភពផ្គត់ផ្គង់ដែលអាចទុកចិត្តបាន មានភាពធន់ និងអាចតាមដានប្រភពដើមផលិតផលបានច្បាស់លាស់។
បន្ថែមពីនេះ ការប្រែប្រួលអាកាសធាតុ ជាពិសេសគ្រោះរាំងស្ងួត និងទឹកជំនន់ ក៏ជាកត្តាប្រឈម ដែលប៉ះពាល់ដល់ទិន្នផលកសិកម្ម និងគុណភាពវត្ថុធាតុដើម។ ដូច្នេះ ការកាត់បន្ថយការខាតបង់ក្រោយពេលប្រមូលផល និងការប្រើប្រាស់បច្ចេកវិទ្យាកសិកម្មឆ្លាតវៃ គឺជាកត្តាសំខាន់ក្នុងការលើកកម្ពស់ផលិតភាព និងសមត្ថភាពប្រកួតប្រជែង។
លោក ហែម វណ្ណឌី បានសង្កត់ធ្ងន់ថា អ្នកប្រើប្រាស់កាន់តែយកចិត្តទុកដាក់លើសុវត្ថិភាពចំណីអាហារ គុណភាពផលិតផល និងការទទួលខុសត្រូវចំពោះបរិស្ថាន និងសង្គម។ និន្នាការនេះទាមទារឱ្យកម្ពុជាពង្រឹងសមត្ថភាពកែច្នៃ និងបង្កើនតម្លៃបន្ថែមលើផលិតផលកសិកម្ម ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារក្នុងស្រុក និងអន្តរជាតិ។
ដើម្បីជំរុញការអភិវឌ្ឍវិស័យកសិ-ឧស្សាហកម្ម ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បាននិងកំពុងពង្រឹងហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ និងជំរុញការអនុវត្តផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (STI) ឆ្នាំ២០៣០។ កិច្ចការនេះរួមមានការលើកកម្ពស់ការស្រាវជ្រាវ ការវិនិយោគលើបច្ចេកវិទ្យាសម្ងួតទំនើប ឃ្លាំងត្រជាក់ឆ្លាតវៃ បច្ចេកវិទ្យាវេចខ្ចប់ និងការអនុវត្តឧស្សាហកម្ម ៤.០។ ជាមួយគ្នានេះ ក្រសួងក៏ជំរុញការអភិវឌ្ឍបណ្ដុំកសិ-ឧស្សាហកម្ម និងការតភ្ជាប់ខ្សែច្រវាក់តម្លៃ តាមរយៈការបង្កើតឧទ្យានកសិ-ឧស្សាហកម្ម ដើម្បីជួយសម្រួលដល់ការកែច្នៃផលិតផលកសិកម្ម ការបង្កើនតម្លៃបន្ថែម និងការពង្រីកឱកាសទីផ្សារ។
កំណើនចំនួនរោងចក្រ ទុនវិនិយោគ និងការងារក្នុងវិស័យឧស្សាហកម្មនេះ បង្ហាញពីសារៈសំខាន់នៃការពង្រឹងទំនាក់ទំនងរវាងវិស័យកសិកម្ម និងឧស្សាហកម្មកែច្នៃ ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែង សម្រួលដល់ការនាំចេញ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព៕
សូមទស្សនាវីដេអូទាំងស្រុងដូចខាក្រោម៖









