អំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបាននាំយកប្រគល់ជូនដល់កងទ័ពជួរមុខ នៅស្រុកបន្ទាយអំពិល ខេត្តឧត្តមានជ័យ
25-10-2026 12:59
(ឧត្តមានជ័យ)៖ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ ដោយគោរពតាមប្រសាសន៍ និងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ក៏ដូចជាតម្រូវការជាក់ស្តែង និងដើម្បីចូលរួមចំណែកជួយដល់កងកម្លាំងជួរមុខដែលកំពុងឈរជើងការពារជាតិ នៅទិសខេត្តឧត្តមានជ័យ, លោក កែវ ផុង ជំនួយការផ្ទាល់សម្តេចតេជោ និងជាប្រធានក្រុមសេនាតេជោសន្តិភាព ព្រមទាំងក្រុមការងារ បាននាំយកអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាទឹកបរិសុទ្ធកម្ពុជា ចំនួន ៣០០០កេស ដើម្បីចែកជូនដល់កងកម្លាំងជួរមុខ នៅបន្ទាយអំពិល ទិសខេត្តឧត្តមានជ័យ។
ក្នុងឱកាសនោះដែរ លោក កែវ ផុង បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិបណ្ឌិត ព្រមទាំងសម្តេចមហាបវធិបតី និងលោកជំទាវបណ្ឌិត សួរសុខទុក្ខដល់កងកម្លាំងទាំងអស់ដែលបានលះបង់ទាំងកម្លាំងកាយចិត្ត ដើម្បីការពារជាតិ និងប្រជាជន។ សម្តេចទាំងទ្វេរ តែងតែយកចិត្តទុកដាក់ជាប្រចាំដល់សុខទក្ខរបស់វីរកងទ័ពទាំងអស់ ជាពិសេសសម្តេចតែងតែណែនាំដល់មន្ត្រីទាំងអស់ឱ្យយកចិត្តទុកដាក់ខ្ពស់ដល់អតីតយុទ្ធជន កងទ័ពជួរមុខ ក្រុមគ្រួសារកងទ័ព ជនភៀសសឹក។ល។
លោក កែវ ផុង បានសម្តែងការគោរពដឹងគុណការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវីរភាពវីរកងទ័ពនិងការលះបង់គ្រប់បែបយ៉ាងដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដីនៃកម្ពុជា ពីការរំលោភឈ្លានពានរបស់កងទ័ពថៃ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។
ជាកិច្ចបញ្ចប់លោក កែវ ផុង ក៏បានជូនពរឱ្យវីរកងទ័ព និងវីរនគរបាលទាំងអស់ មានសុខភាពល្អ កម្លាំងមាំមួន ដើម្បីបន្តបេសកកម្មការពារប្រទេសជាតិរបស់យើង៕






















