សម្តេចតេជោ ហ៊ុន សែន ចែករំលែកពីបទពិសោធន៍នៃការអប់រំកូនចៅ ក្រើនរំលឹកឱ្យខិតខំប្រឹងប្រែងដោយខ្លួនឯង និងប្រកាន់ខ្ជាប់នូវគុណធម៌ សីលធម៌ (Video inside)
25-10-2026 11:33
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ បានបង្ហោះសារដ៏មានអត្ថន័យជ្រាលជ្រៅ នៅលើបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់សម្តេច ដោយបានចែករំលែកនូវទស្សនៈសំខាន់ៗ ស្តីពីការចិញ្ចឹមបីបាច់ថែរក្សាកូនចៅ និងការតស៊ូក្នុងជីវិត។
សម្តេចបានមានប្រសាសន៍ថា រូបថតកាលពីក្មេងៗរបស់កូនៗសម្តេច បានជួយប្រាប់កូនៗ និងចៅៗថា មានតែការខិតខំប៉ុណ្ណោះ ទើបអាចឈានទៅមុខបាន។
សម្តេចតេជោ ក៏បានផ្តល់មេរៀនដ៏មានតម្លៃសម្រាប់ឪពុកម្តាយផងដែរ ដោយក្រើនរំលឹកកុំឱ្យទម្រើសកូន តែត្រូវជំរុញឱ្យកូនប្រឹងប្រែងរៀនសូត្រ និងបង្រៀនកូនឱ្យចេះពឹងផ្អែកលើខ្លួនឯង ដូចពាក្យថា «ត្រូវលោតទៅក្នុងទឹកទើបចេះហែលទឹក»។ ចំពោះកូនៗវិញ សម្តេចបានសង្កត់ធ្ងន់ថា ត្រូវតែប្រឹងប្រែងដោយខ្លួនឯង កុំអាងលើឪពុកម្តាយដែលមានអំណាច ឬលុយកាក់។
អ្វីដែលសំខាន់បំផុតនោះ គឺការប្រកាន់ខ្ជាប់នូវគុណធម៌ សីលធម៌ ចេះគោរពចាស់ទុំ និងចេះជួយអ្នកក្រីក្រ។ សម្តេចបានរំលឹកកូនចៅកុំឱ្យភ្លេចថា ខ្លួនជាកូនកសិករ ជាចៅកសិករ និងជាចៅទួតរបស់កសិករ។ សារនេះបានបង្ហាញពីការយកចិត្តទុកដាក់របស់សម្តេចតេជោ ក្នុងការបណ្តុះបណ្តាលកូនចៅឱ្យក្លាយជាពលរដ្ឋល្អ មានការតស៊ូ និងប្រកាន់ខ្ជាប់នូវតម្លៃសីលធម៌ខ្ពស់ក្នុងសង្គម៕

















