មន្រ្តីជាន់ខ្ពស់ក្រសួងការងារ ចុះសួរសុខទុក្ខកម្មសិក្សាការី និងពលករជំនាញខ្មែរ នៅក្រុមហ៊ុនជប៉ុនចំនួន ៨ទីតាំង និងជំរុញការពង្រីកបើកឱកាសការងារ
25-10-2026 10:16
(ប្រទេសជប៉ុន)៖ លោក ហាំង តុលា រដ្ឋលេខាធិការ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនកម្មសិក្សាការី ពលករជំនាញខ្មែរនៅក្រុមហ៊ុនជប៉ុន ចំនួន ៨ទីតាំង នៅក្នុងខេត្តស៉ីហ្សឹអូកា ខេត្តអាយឈិ និងខេត្តហ្គីហ្វឹ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦នេះ។
ក្នុងឱកាសនោះ លោករដ្ឋលេខាធិការ បានជួបសំណេះសំណាល និងបានថ្លែងអំណរគុណយ៉ាងជ្រាលជៅចំពោះក្រុមហ៊ុនជប៉ុន ដែលបានទទួលយកពលករខ្មែរ ព្រមទាំងបានពាំនាំនូវសេចក្តីនឹករលឹកផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដល់ពលករខ្មែរផងដែរ។
ជាមួយគ្នានេះ លោកបានណែនាំឱ្យកម្មសិក្សាការី និងពលករជំនាញខ្មែរ បន្តខិតខំបំពេញការងារ ក្រេបយកចំណេះ ជំនាញ និងភាសាជប៉ុន ព្រមទាំងគោរពច្បាប់ទម្លាប់ ជាពិសេសក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ត្រូវចេះថែរក្សាសុខភាពឱ្យបានល្អ។
ជាមួយគ្នានេះ ក្មួយៗកម្មសិក្សាការី និងពលករជំនាញ ក៏បានបង្ហាញអារម្មណ៍ត្រេកអរក្រៃលែង និងពេញចិត្ត ដែលថ្នាក់ដឹកនាំក្រសួងបានយកចិត្តទុកដាក់ និងចុះសួរសុខទុក្ខដោយផ្ទាល់នៅកន្លែងធ្វើការនាឱកាសនោះ។
ដោយឡែក នៅរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ លោករដ្ឋលេខាធិការ ក៏បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Ota Yasuo អភិបាលស្រុកម៉ូរិ នៃខេត្តស៊ីហ្សឹអូកាផងដែរ។ នៅក្នុងជំនួបនោះ លោករដ្ឋលេខាធិការ បានរំលេចអំពីសក្តានុពលនៃកម្លាំងពលកម្មកម្ពុជា ដែលមានយុវជនវ័យក្មេងច្រើន មានជំនាញ ពោរពេញដោយភាពស្វាហាប់ ឧស្សាហ៍ព្យាយាម និងមានអត្ថចរិកស្លូតបូត។
ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់គ្នាស្តីអំពីការលើកកម្ពស់ការគាំពារ ការផ្លាស់ប្តូរវប្បធម៍រវាង និងប្រជាជននៃប្រទេសទាំងពីរ និងបានសម្តែងនូវក្តីសង្ឃឹមយ៉ាងមុតមាំថា ស្រុកម៉ូរី នឹងទទួលយកកម្លាំងពលកម្មខ្មែរទៅធ្វើការបន្ថែមទៀត ក៏ដូចជាអញ្ជើញទៅធ្វើទស្សនកិច្ចនៅកម្ពុជា ដើម្បីឈ្វេងយល់បន្ថែមអំពីកម្លាំងពលកម្មនៃប្រទេសកម្ពុជាផងដែរ៕









