គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នឹងបើកកិច្ចប្រជុំនៅព្រឹកថ្ងៃទី២៦ តុលា ដើម្បីពិនិត្យសំណើគណបក្សប្រជាជនកម្ពុជា និងត្រៀមរៀបចំសម័យប្រជុំលើកទី៦
25-10-2026 10:14
(ភ្នំពេញ)៖ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ នឹងរៀបចំកិច្ចប្រជុំនៅព្រឹកថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ០៨:០០នាទី នៅវិមានព្រឹទ្ធសភា ដើម្បីពិនិត្យ និងសម្រេចលើរបៀបវារៈសំខាន់ៗមួយចំនួន។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦។
តាមរយៈសេចក្តីជូនដំណឹង ចុះហត្ថលេខាដោយ លោក ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា បានឱ្យដឹងថា កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នេះ នឹងលើកយករបៀបវារៈសំខាន់ៗចំនួន ៤ មកពិនិត្យ និងសម្រេច រួមមាន៖
ទី១៖ ពិនិត្យ និងសម្រេចលើសំណើរបស់គណបក្សប្រជាជនកម្ពុជា លេខ ០១៧/១០២៦/លគ.គក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦។
ទី២៖ ពិនិត្យ និងសម្រេចលើរបាយការណ៍សង្ខេបស្តីពីសកម្មភាព និងលទ្ធផលការងាររបស់ព្រឹទ្ធសភានៅចន្លោះសម័យប្រជុំលើកទី៥ និងលើកទី៦ នីតិកាលទី៥ ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៦ ព្រឹទ្ធសភានីតិកាលទី៥។
ទី៣៖ កំណត់កាលបរិច្ឆេទ របៀបវារៈ និងសមាសភាពលេខាធិការសម័យប្រជុំលើកទី៦ ព្រឹទ្ធសភានីតិកាលទី៥។
ទី៤៖ បញ្ហាផ្សេងៗ៕

