ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ អញ្ជើញកាត់បើកវិញ្ញាសារប្រឡងជ្រើសរើសសិស្សឆ្នើមថ្នាក់ទី១០ ប្រចាំស្រុកព្រៃឈរ ពានរង្វាន់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
25-10-2026 09:32
(កំពង់ចាម)៖ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ព្រមទាំងក្រុមការពាក់ព័ន្ធជាច្រើនទៀត នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមក្នុងពិធីបើកវិញ្ញាសារប្រឡងជ្រើសរើសសិស្សឆ្នើមថ្នាក់ទី១០ ប្រចាំស្រុកព្រៃឈរ ពានរង្វាន់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
ក្នុងឱកាសកាត់បើកវិញ្ញាសារប្រឡងនោះ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានមានប្រសាសន៍ថា ការប្រឡងជ្រើសរើសសិស្សឆ្នើមថ្នាក់ទី១០ ប្រចាំស្រុកព្រៃឈរ ពានរង្វាន់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំឡើងក្នុងគោលបំណងលើកកម្ពស់សមត្ថភាព និងលើកទឹកចិត្តដល់សិស្សឆ្នើមថ្នាក់ទី១០ នៃវិទ្យាល័យទាំងប្រាំក្នុងស្រុកព្រៃឈរ និងលើកទឹកចិត្តដល់សិស្សានុសិស្សជំនាន់ក្រោយ ដូចជា សិស្សថ្នាក់ទី៧ ទី៨ ទី៩ ឲ្យពួកគាត់ខិតខំប្រឹងប្រែងក្នុងការសិក្សាដើម្បីអាចត្រៀមលក្ខណៈឱ្យបានល្អតាំងពីដើមសម្រាប់ប្រលងយកពានរង្វាន់របស់ សម្តេចធិបតី សម្រាប់សិស្សឆ្នើមនៅថ្នាក់ទី១០ ប្រចាំស្រុកព្រៃឈរផង និង សម្រាប់ការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ផងដែរ។
សូមបញ្ជាក់ផងដែរថា បេក្ខជនប្រលងជ្រើសរើសសិស្សឆ្នើមពេលនេះ មានចំនួន ១៦៥នាក់ (ស្រី១០៨នាក់) មកពីវិទ្យាល័យចំនួន៥ ក្នុងស្រុកព្រៃឈរ។ រីឯមុខវិជ្ជាក្នុងការប្រឡងមាន ៤ មុខវិជ្ជា គឺ៖ គណិតវិទ្យា, រូបវិទ្យា, អក្សរសាស្រ្ត និង ប្រវត្តិវិទ្យា។
លោក កើត រិទ្ធ បានបញ្ជាក់ផងដែរថា ដើម្បីធានាសុក្រឹត្យភាព តម្លាភាព ភាពត្រឹមត្រូវ និងយុត្តិធម៌ ក្រសួងអប់រំ យុវជន និងកីឡាទទួលបន្ទុកលើការចេញវិញ្ញាសា និងការកែសន្លឹកកិច្ចការ និងមានក្រុមការងារទទួលបន្ទុកលើការងាររៀបចំដំណើរការនៃការប្រលង ដោយសហការជាមួយវិទ្យាល័យទាំង៥ ផងដែរ៕










