FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ដំណឹងល្អសម្រាប់បងប្អូនដែលខុសឈ្មោះក្នុងសំបុត្រកំណើត ឬអត្តសញ្ញាណបណ្ណ! ប្រព័ន្ធកែតម្រូវទិន្នន័យអត្រានុកូលដ្ឋាន នឹងត្រូវដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅតាមក្រុងស្រុកខណ្ឌនៅដើមឆ្នាំ២០២៧ (Video inside)

24-10-2026 23:15

(ភ្នំពេញ)៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ការចែកចាយវីដេអូរបស់ស្រ្តីម្នាក់ ដែលគាត់ខុសឈ្មោះនៅក្នុងសំបុត្រកំណើត និងអត្តសញ្ញាណបណ្ណ ព្រមទាំងសៀវភៅស្នាក់នៅ ដែលធ្វើឲ្យគាត់ខកខានមិនបានចូលបម្រើការងារនៅរោងចក្រ។ តាមពិតទៅបញ្ហាសង្គមមួយនេះ បានកើតឡើងលើប្រជាពលរដ្ឋមិនតិចនោះទេ ដែលបានបង្កការលំបាក និងភាពស្មុគស្មាញយ៉ាងខ្លាំង ជាពិសេសពួកគាត់ត្រូវចំណាយពេលវេលា ចំណាយប្រាក់កាក់ ដើម្បីធ្វើការកែតម្រូវឡើងវិញ។

សម្រាប់គ្រួសារនីមួយៗ ខ្ញុំជឿជាក់ថា យ៉ាងហោចណាស់ក៏មានសមាជិកណាម្នាក់អាចជួបបញ្ហានេះដែរ បើមិនខុសឈ្មោះទេ ក៏ខុសថ្ងៃខែឆ្នាំកំណើត ឬខុសអក្សរឡាតាំងជាដើម។

ចំពោះបញ្ហាប្រឈមខាងលើរបស់ស្រ្តីរូបនេះ ដែលរស់នៅមូលដ្ឋានខេត្តកំពង់ធំ ត្រូវបានមន្រ្តីជំនាញ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ទទួលរួចហើយ និងកំពុងដោះស្រាយជូន។ ទាក់ទិននឹងបញ្ហានេះ លោកឧត្តមសេនីយ៍ឯក តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ បានជូនដំណឹងមកថា រាល់បញ្ហាដែលកំពុងកើតឡើង នឹងត្រូវដោះស្រាយបានច្រើន ដើម្បីកាត់បន្ថយភាពស្មុគស្មាញរបស់ប្រជាជន ដោយសារប្រព័ន្ធកែតម្រូវទិន្នន័យលើសំបុត្រកំណើត អត្តសញ្ញាណបណ្ណ និងសៀវភៅស្នាក់នៅជាដើម នឹងត្រូវដាក់ឲ្យដំណើរការនៅទូទាំងប្រទេសចាប់ពីក្រុងស្រុកខណ្ឌ នាឆ្នាំ២០២៧។

លោកឧត្តមសេនីយ៍ឯក តុប នេត បានបញ្ជាក់ថា ក្រោយការធ្វើតេស្តសាកល្បងរួចរាល់ក្នុងរយៈពេលខ្លីខាងមុខ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នឹងដាក់ឲ្យដំណើរការតែម្តង ដោយយកមូលដ្ឋានភ្នំពេញ ដើម្បីចាប់ផ្តើមនៅដើមឆ្នាំ២០២៧ ហើយនៅក្រោយពិធីបុណ្យចូលឆ្នាំ ប្រព័ន្ធកែតម្រូវទាំងនេះ នឹងចាប់ផ្តើមដាក់ឲ្យដំណើរតាមបណ្តាខេត្តទូទាំងប្រទេស។

មន្រ្តីនគរបាលជាន់ខ្ពស់រូបនេះ បានទទួលស្គាល់ថា​ យោងតាមទិន្នន័យតាំងឆ្នាំ២០១៤ បញ្ហាខុសឈ្មោះ ថ្ងៃខែឆ្នាំកំណើតជាដើម នៅក្នុងសំបុត្រកំណើត អត្តសញ្ញាណបណ្ណ ត្រូវបានរកឃើញថាពលរដ្ឋ «១ភាគ៣» បានជួបបញ្ហាទាំងនេះ តែក្រុមមន្រ្តីជំនាញ និងអាជ្ញាធរ បានជួយដោះស្រាយជូនជាបន្តបន្ទាប់បានច្រើនផងដែរ។

ដូច្នេះជារួម ចាប់ពីឆ្នាំ២០២៧ទៅ បងប្អូនអាចធ្វើការកែតម្រូវទិន្នន័យរបស់ខ្លួន នៅក្នុងអាត្រានុកូលដ្ឋានតាមសាលាក្រុង សាលាខណ្ឌ និងសាលាស្រុករបស់បងប្អូនបាន ដោយមិនចាំបាច់ឡើងមកអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៅភ្នំពេញឡើយ៕