ធ្លាប់មកខ្មែរ នៅឆ្នាំ១៩៦៧, បញ្ញវន្តរុស្ស៊ី នៅសាកលវិទ្យាល័យរដ្ឋមូស្គូ ចំណាយពេលរាប់ឆ្នាំ បកប្រែរឿង «រាមកេរ្តិ៍» ពីភាសាខ្មែរទៅរុស្ស៊ី
24-10-2026 22:07
(មូស្គូ)៖ សាស្ត្រាចារ្យជាន់ខ្ពស់មួយរូប ជនជាតិរុស្ស៊ី បន្ទាប់ពីចំណាយពេលអស់ជាច្រើនឆ្នាំ ធ្វើឲ្យសៀវភៅដែលបកប្រែរឿង «រាមកេរ្តិ៍» ពីភាសាខ្មែរទៅភាសារុស្ស៊ី ត្រូវបានបោះពុម្ពជាផ្លូវការ នៅក្នុងសហព័ន្ធរុស្ស៊ី។
សៀវភៅនេះ ត្រូវបានបកប្រែដោយលោកស្រី I.N. Shmeleva សាស្ត្រាចារ្យជាន់ខ្ពស់ នៅដេប៉ាតឺម៉ង់ ផ្នែកសិក្សាធិការ និងអក្សរសាស្ត្រ នៃ តំបន់អាស៊ីអាគ្នេយ៍ កូរ៉េ និងម៉ុងហ្គោល ស្ថិតក្រោមវិទ្យាស្ថានសិក្សាអាស៊ី និងអាហ្វ្រិក នៅសាកលវិទ្យាល័យរដ្ឋមូស្គូ Lomonosov (IAAS MSU) ដ៏ល្បីល្បាញ។
នៅក្នុងបទសម្ភាសជាមួយលោក កែវ ពិសិដ្ឋ ភ្នាក់ងារ Fresh News ប្រចាំសហព័ន្ធរុស្ស៊ី នៅសប្តាហ៍នេះ លោកស្រី I.N. Shmeleva វ័យ ៨០ឆ្នាំ បានឲ្យដឹងថា មូលហេតុដែលជ្រើសរើសយកស្នាដៃនេះមកបកប្រែ ដោយសារតែវាជាស្នាដៃដែលល្បីល្បាញមួយ នៅក្នុងប្រទេស កម្ពុជា ជាស្នាដៃដែលមានឥទ្ធិពលធំលើគ្រប់វិស័យ ពោលគឺវារឿងដែលមានសារៈសំខាន់នៅក្នុងប្រទេសកម្ពុជា។
ក្នុងបទសម្ភាសដែលបានធ្វើនៅផ្ទះលោកស្រីសាស្ត្រាចារ្យ ដោយផ្ទាល់ លោកស្រី ក៏បានបន្ថែមថា សៀវភៅនេះដែរ មានកម្រាស់ ៦៦០ទំព័រ មានពណ៌ខ្មៅ មានរំលេចអក្សរខ្មែរលើគម្រប ដែលជារឿងកម្រណាស់សម្រាប់សៀវភៅ ដែលត្រូវបានអនុញ្ញាតឲ្យបោះពុម្ពនៅប្រទេស មហាអំណាចមួយនេះ។ ទន្ទឹមនេះ វាក៏មានបញ្ចូលអក្ខរក្រមភាសាខ្មែរគ្រប់អក្សរ ស្រះនិស្ស័យ ស្រះពេញតួ និងសញ្ញាមួយចំនួនទៀត នៅក្នុង អក្សរសាស្ត្រខ្មែរ ដោយមានគ្រាប់សំណេរជាអក្សរឡាតាំង ដើម្បីឲ្យជនបរទេសបានស្គាល់ពីអក្សរខ្មែរទៀតផង៕




