FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រី ឌិត ទីណា៖ ក្រសួងប្រកាន់យកអភិក្រម៣ ដើម្បីដោះស្រាយបញ្ហាផលិតកម្ម និងផ្គត់ផ្គង់ស្បៀង ខណៈពិព័រណ៍កសិកម្មឆ្នាំ ២០២៦ កំពុងក្លាយជាវេទិកាធុរកិច្ចដ៏សំខាន់

24-10-2026 21:58

(ភ្នំពេញ)៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងកសិកម្ម និងក្រសួងពាណិជ្ជកម្ម រួមជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ បាននិងកំពុងសហការយ៉ាងជិតស្និទ្ធ ដើម្បីដោះស្រាយបញ្ហាផលិតកម្ម និងផ្គត់ផ្គង់ស្បៀងក្នុងស្រុក ព្រមទាំងធានាឱ្យទីផ្សារមានដំណើរការរលូន ដោយគិតគូរទាំងផលប្រយោជន៍របស់កសិករ និងអ្នកប្រើប្រាស់។

ការគូសបញ្ជាក់បែបនេះ លោក ឌិត ទីណា បានធ្វើឡើងក្នុងពិធីបើកវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ ក្រោមប្រធានបទ «វិនិយោគក្នុងវិស័យកសិ-ស្បៀងអាហារកម្ពុជា៖ ភាពជាដៃគូ តម្លៃបន្ថែម និងនវានុវត្តន៍» ដែលប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ការងារនេះមានគោលដៅជំរុញឱ្យវិស័យកែច្នៃស្រូបយកផលិតផលកសិកម្មកាន់តែច្រើន ធានាទីផ្សារសម្រាប់កសិករ និងទប់ស្កាត់ការកើនឡើងនៃអតិផរណា ដែលអាចប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋ។

លោកបានថ្លែងថា ក្នុងវិស័យកសិកម្ម និងស្បៀង កម្ពុជាអាចប្រឈមនឹងបញ្ហាប្រឈមជាច្រើន រួមមានគ្រោះធម្មជាតិ ដូចជាទឹកជំនន់ និងគ្រោះរាំងស្ងួត ដែលប៉ះពាល់ដល់ផលិតកម្ម និងការផ្គត់ផ្គង់ ព្រមទាំងការប្រែប្រួលនៃទីផ្សារសកល។ ដើម្បីឆ្លើយតបនឹងបញ្ហាទាំងនេះ ក្រសួងបានប្រកាន់យកអភិក្រមសំខាន់ៗចំនួន ៣ រួមមាន៖ អភិក្រមបុរេសកម្ម អភិក្រមប្រតិកម្មរហ័ស និងការគិតគូរជួយស្តារផលិតកម្មសម្រាប់រដូវបន្ត។

ចំពោះអភិក្រមបុរេសកម្ម ក្រសួងផ្តោតលើការពង្រីកទីផ្សារជូនកសិករជាមុន តាមរយៈការតភ្ជាប់ទីផ្សារ ការរៀបចំកិច្ចសន្យាផលិតកម្ម និងការផ្តល់បច្ចេកវិទ្យា ដើម្បីជួយឱ្យកសិករអាចផលិតបានល្អ និងឆ្លើយតបនឹងតម្រូវការទីផ្សារ។

ដោយឡែក អភិក្រមប្រតិកម្មរហ័ស ត្រូវបានអនុវត្តតាមរយៈការអន្តរាគមន៍ភ្លាមៗនៅពេលកើតមានបញ្ហាទីផ្សារ ឬគ្រោះធម្មជាតិ តាមលទ្ធភាពជាក់ស្តែង។ វិធានការទាំងនេះរួមមាន ការជួយបូមទឹក ការជម្លៀសប្រជាពលរដ្ឋទៅកាន់ទីកន្លែងមានសុវត្ថិភាព និងការផ្តល់ស្បៀង ព្រមទាំងពូជដំណាំសម្រាប់ការផលិតឡើងវិញ។

លោក ឌិត ទីណា ក៏បានសង្កត់ធ្ងន់ថា ក្នុងករណីបញ្ហាមានទំហំធំលើសពីលទ្ធភាពដោះស្រាយភ្លាមៗ ដូចជាផលប៉ះពាល់ពីទីផ្សារសកល ឬការប្រែប្រួលអាកាសធាតុ ក្រសួងនឹងបន្តគិតគូរអន្តរាគមន៍ និងគាំទ្រកសិករសម្រាប់រដូវផលិតកម្មបន្ទាប់ ដើម្បីធានាថាពួកគាត់នៅតែមានលទ្ធភាពបន្តប្រកបរបរកសិកម្ម។

ព្រឹត្តិការណ៍ «ពិព័រណ៍កសិកម្មកម្ពុជា CAFE26» មានស្ដង់ប្រមាណជា ៤០០ ដាក់បង្ហាញនូវកសិផលយុទ្ធសាស្ត្រ ៩មុខ មានដូចជា៖ អង្ករ ស្វាយចន្ទី ម្រេច បន្លែ ត្រី ដំឡូងមី កៅស៊ូ ឈើ និងស្វាយ និងផលិតផលផ្សេងៗជាច្រើនទៀត ព្រមទាំងមានដាក់តាំងបង្ហាញផលិតផលកសិកម្ម គ្រឿងយន្តកសិកម្ម បច្ចេកវិទ្យាដ្រូន បច្ចេកវិទ្យាឌីជីថល ធាតុចូលកសិកម្ម បច្ចេកវិទ្យាកែច្នៃ និងវេចខ្ចប់ជាដើម។

វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) រៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ និងជំរុញការកែច្នៃផលិតផលកសិ-ស្បៀងអាហារ ក៏ដូចជាការជំរុញបច្ចេកវិទ្យា និងនវានុវត្តន៍ក្នុងវិស័យកសិកម្មនៅកម្ពុជា ព្រមទាំងបង្កើតឱកាស និងកៀរគរទុនវិនិយោគថ្មីៗលើវិស័យកសិកម្ម និងឧស្សាហកម្មកែច្នៃ ដើម្បីពង្រីកទីផ្សារសម្រាប់កសិផល និងផលិតផលកសិ-ស្បៀងអាហាររបស់កម្ពុជាទាំងក្នុង និងក្រៅប្រទេស៕