FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា ដឹកនាំតំណាងគ្រិស្ទបរិស័ទកម្ពុជា នាំយកថវិកាជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីគាំទ្រយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»

24-10-2026 17:30

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ លោក ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា ដឹកនាំលោក លោកស្រីតំណាងគ្រិស្ទបរិស័ទកម្ពុជា អញ្ជើញនាំយកថវិកា ចំនួន ៧ ០០០ដុល្លារអាមេរិក ប្រគល់ជូនលោក ឃាន តួក អគ្គលេខាធិការរង និងជាប្រធានផ្នែកទំនាក់ទំនងនៃមូលនិធិគន្ធបុប្ផាកម្ពុជា តំណាងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា និងលោកសាស្ត្រាចារ្យ គី សន់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីរួមគ្នានាំក្ដីសង្ឃឹម និងភាពញញឹមដល់ទារក និងកុមារ ដែលត្រូវការសេវាពិនិត្យ និងព្យាបាល នៅមន្ទីរពេទ្យគន្ធបុប្ផា ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង។

នៅក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសម្តេចអគ្គមហាសេនា បតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដល់ថ្នាក់ដឹកនាំ និងលោកគ្រូពេទ្យ អ្នកគ្រូពេទ្យនៃមន្ទីរពេទ្យគន្ធបុប្ផា ដែលជានិច្ចកាល លោកតែងយកចិត្តទុកដាក់ពីសុខុមាលភាពនិងសុខទុក្ខរបស់ប្រជាជន។

លោករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» គឺជាសកម្មភាពសប្បុរសធម៌ ដែលមានការគាំទ្រ យ៉ាងផុសផុល ពីសំណាក់សិស្ស និស្សិត យុវជន មន្រ្តីរាជការ ថ្នាក់ដឹកនាំ ពាណិជ្ជករ សាធារណជន ភរិយាថ្នាក់ដឹកនាំ ម្ចាស់ក្រុមហ៊ុន-សហគ្រាស គណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជាប្រចាំក្រសួង-ស្ថាប័ន រដ្ឋបាលរាជធានី-ខេត្ត និងសមាជិកសមាគមឧកញ៉ាកម្ពុជា និងប្រជាជនគ្រប់ស្រទាប់វណ្ណៈ ក្នុងស្មារតី “ខែ្មរជួយខ្មែរ” ដើម្បីនាំក្តីសង្ឃឹម និងភាពញញឹមដល់ទារក និងកុមារ នៅកម្ពុជា បានទទួលឱកាសពិនិត្យនិងព្យាបាលដូចៗគ្នា ហើយសូមអំពាវនាវ និងលើកទឹកចិត្តសប្បុរសជនបន្តចូលរួមផ្សព្វផ្សាយយុទ្ធនាការនេះឱ្យបានទូលំទូលាយនិងចូលរួមចំណែកឧបត្ថម្ភគាំទ្រសកម្មភាពដ៏ប្រពៃនេះឱ្យបានសស្រាក់សស្រាំ។

ឆ្លើយតបទៅនឹងប្រសាសន៍ របស់លោក ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនាលោក ឃាន តួក អគ្គលេខាធិការរង និងជាប្រធានផ្នែកទំនាក់ទំនងនៃមូលនិធិគន្ធបុប្ផាកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា និងលោកសាស្ត្រាចារ្យ គី សន់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ផា បានថ្លែងអំណរគុណឯកឧត្តមរដ្ឋមន្រ្តី និងប្រតិភូដែលបាននាំយកថវិកា មកប្រគល់ជូនមូលនិធិគន្ធបុប្ផានាពេលនេះ និងបានគោរពជូនពរសូមឱ្យបានជួបប្រទះតែសេចក្ដីសុខ និងសេចក្ដីចម្រើនគ្រប់ពេលវេលាកុំបីឃ្លៀងឃ្លាតឡើយ៕