FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្រ្តី ជា វ៉ាន់ដេត ជួបសំណេះសំណាលជាមួយអតីតយុទ្ធជន និងនិវត្តជនប្រមាណ ១៥៨៤នាក់ នៅខេត្តតាកែវ

24-10-2026 15:48

(ភ្នំពេញ)៖ នារសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) ប្រធានកិត្តិយសសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាខេត្តតាកែវ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ បានអញ្ជើញជួបសំណេះសំណាលជាមួយអតីតយុទ្ធជន និងនិវត្តជនមកពីស្រុកអង្គបុរី ព្រៃកប្បាស និងសំរោង ខេត្តតាកែវ ដោយមានការចូលរួមពីអតីតយុទ្ធជន និងនិវត្តជនសរុបប្រមាណ ១៥៨៤នាក់ នៅសាលាស្រុកព្រៃកប្បាស ខេត្តតាកែវ។

ថ្លែងក្នុងពិធីនេះ លោករដ្ឋមន្រ្តី បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខនិងសេចក្តីនឹករលឹក ព្រមទាំងការយកចិត្តទុកដាក់ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ជូនចំពោះអតីតយុទ្ធជន និវត្តជន និងសមាជិកគ្រួសារអតីតយុទ្ធជនទាំងអស់ដែលបានចូលរួមនាថ្ងៃនេះ។

ជាកិច្ចបន្ត លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណជូនចំពោះរៀមច្បងនិងពូមីងនិវត្តជនទាំងអស់ ដែលបានកសាងមូលដ្ឋានគ្រឹះលើគ្រប់វិស័យ និងខិតខំប្រឹងប្រែងក្នុងការបំពេញភារកិច្ច ដើម្បីបុព្វហេតុជាតិមាតុភូមិ និងទុកជាសមិទ្ធផលជូនអ្នកជំនាន់ក្រោយដែលយើងត្រូវតែប្តេជ្ញាថែរក្សាការពារ និងបន្តអភិវឌ្ឍតទៅទៀត។

បន្ថែមលើនេះ លោករដ្ឋមន្រ្តី បានស្នើសុំឱ្យលោកយាយ លោកតា អ៊ុំ ពូ មីង បន្តដាស់តឿនក្មេងៗជំនាន់ក្រោយ និងចែករំលែកបទពិសោធល្អៗ ដើម្បីក្មេងៗជំនាន់ក្រោយអាចបន្តចូលរួមអភិវឌ្ឍប្រទេសជាតិ ព្រមទាំងបានលើកទឹកចិត្តឱ្យលោកយាយ លោកតា អ៊ុំ ពូ មីង ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះក្នុងការថែទាំសុខភាពឱ្យបានល្អ។

មុននឹងបញ្ចប់ លោករដ្ឋមន្រ្តី ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ចូលរួមចុះជួយតាមមូលដ្ឋាន និងអញ្ជើញទៅចុះឈ្មោះនិងចូលរួមបោះឆ្នោតឱ្យមេឃុំដែលឈរឈ្មោះរបស់គណបក្សប្រជាជនកម្ពុជាឱ្យបានគ្រប់គ្នានិងទាន់ពេលវេលាផងដែរ៕