FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ផ្ញើសារគន្លឹះ ១០ចំណុច ដល់អ្នកសារព័ត៌មាន ដើម្បីលើកកម្ពស់វិជ្ជាជីវៈក្នុងយុគសម័យឌីជីថល

24-10-2026 15:41

(ភ្នំពេញ)៖ ក្នុងឱកាសបើកសិក្ខាសាលាស្តីពី «ការលើកកម្ពស់ការទទួលខុសត្រូវវិជ្ជាជីវៈសារព័ត៌មាន ការគោរពក្រមសីលធម៌ និងការអនុវត្តច្បាប់ក្នុងយុគសម័យឌីជីថល» នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦នេះ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានផ្ញើសារគន្លឹះចំនួន១០ចំណុច ជូនអ្នកសារព័ត៌មាន ដើម្បីពង្រឹងគុណភាព និងទំនុកចិត្តសាធារណៈ។

សារគន្លឹះទាំង១០នេះរួមមាន៖

ទី១៖ សេរីភាពសារព័ត៌មានត្រូវដើរទន្ទឹមនឹងការទទួលខុសត្រូវ
ទី២៖ ការផ្សាយមុនគេមិនសំខាន់ជាងការផ្សាយត្រឹមត្រូវទេ
ទី៣៖ ការចោទប្រកាន់ត្រូវមានភស្តុតាង មិនមែនមានតែការសន្និដ្ឋាន
ទី៤៖ ការរិះគន់ត្រូវផ្អែកលើអង្គហេតុ មិនមែនលើការជេរប្រមាថ
ទី៥៖ ក្រមសីលធម៌ជាខ្សែការពារទីមួយ ចំណេះដឹងផ្លូវច្បាប់ជាខ្សែការពារទីពីរ
ទី៦៖ បណ្ណសារព័ត៌មានជាសញ្ញានៃភារកិច្ច មិនមែនជាអំណាចសម្រាប់គំរាមកំហែង
ទី៧៖ កុំយកចំនួនអ្នកមើលមកជំនួសគុណភាពព័ត៌មាន
ទី៨៖ កុំឱ្យ AI ក្លាយជាឧបករណ៍បំភ្លៃការពិត
ទី៩៖ នៅពេលមានកំហុស ត្រូវហ៊ានកែតម្រូវ និងទទួលខុសត្រូវ
ទី១០៖ ទំនុកចិត្តសាធារណៈ គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់អ្នកសារព័ត៌មាន។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា ការប្រយុទ្ធប្រឆាំងព័ត៌មានមិនពិត និងការកសាងទំនុកចិត្តសាធារណៈ។ ព័ត៌មានមិនពិតគឺជាបញ្ហាប្រឈមសំខាន់មួយក្នុងសង្គមឌីជីថល។ ព័ត៌មានមិនពិតអាចកើតឡើងដោយការយល់ច្រឡំ ការមិនបានផ្ទៀងផ្ទាត់ ឬការបង្កើតដោយចេតនាដើម្បីបំភ្លៃការយល់ដឹងរបស់សាធារណជន។ អ្នកសារព័ត៌មានមានតួនាទីសំខាន់ក្នុងការជួយឱ្យប្រជាពលរដ្ឋបែងចែកព័ត៌មានពិត និងព័ត៌មានមិនពិត។

ជាមួយគ្នានេះដែរ រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា៖ «យើងត្រូវចាប់ផ្តើមពីការអនុវត្តរបស់ខ្លួនឯង។ អ្នកសារព័ត៌មានដែលចង់ប្រយុទ្ធប្រឆាំងព័ត៌មានមិនពិត ត្រូវធានាថាខ្លួនមិនក្លាយជាអ្នកផ្សព្វផ្សាយព័ត៌មានមិនពិតដោយអចេតនាឡើយ»។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា មុនចែករំលែកព័ត៌មាន ត្រូវពិនិត្យប្រភពដើម កាលបរិច្ឆេទ បរិបទ និងភស្តុតាង។ មុនផ្សាយរូបភាព ឬវីដេអូ ត្រូវពិនិត្យភាពត្រឹមត្រូវ និងប្រភពរបស់វា។ មុនចោទប្រកាន់បុគ្គល ឬស្ថាប័ន ត្រូវពិនិត្យថាភស្តុតាងមានគ្រប់គ្រាន់ ឬទេ៕