FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកផលិតមាតិកាអន្ដរជាតិល្បីឈ្មោះ ជនជាតិកេនយ៉ា ចុះទៅទស្សនកិច្ចនៅភូមិរង់ចាំ ទីដែលពលរដ្ឋខ្មែរភៀសសឹកនៅខេត្តបន្ទាយមានជ័យ

24-10-2026 15:33

(បន្ទាយមានជ័យ)៖ លោក Mbuziseller Nelson Saisi អ្នកផលិតមាតិកាអន្ដរជាតិល្បីឈ្មោះ ជនជាតិកេនយ៉ា បានអញ្ជើញធ្វើដំណើរមកដល់ទឹកដីនៃខេត្តបន្ទាយមានជ័យ ដើម្បីធ្វើការផ្សព្វផ្សាយអំពីតំបន់ទេសចរណ៍ទៅកាន់ពិភពលោក ជាពិសេសតំបន់ទេសចរណ៍នៅក្នុងខេត្តបន្ទាយមានជ័យ រយៈពេល៣ថ្ងៃ (ចាប់ថ្ងៃទី២២ ដល់២៤ ខែតុលា)។

ក្នុងការធ្វើដំណើរមកដល់ទឹកដីខេត្តបន្ទាយមានជ័យ ក៏មានការស្វាគមន៍យ៉ាងកក់ក្តៅ ពីលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ហើយលោកក៏បានអញ្ជើញចុះទៅភូមិរង់ចាំ ឃុំស្ល ក្រាម ស្រុកស្វាយចេក ស្វែងយល់ពីការរស់នៅរបស់ជនភៀសសឹកនៅក្នុងទាំង៦ភូមិ ដែលរងគ្រោះដោយសារការឈ្លានពានពីសំណាក់យោធារថៃ រំលោភមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា តាមបន្ទាត់ព្រំដែន ដែលធ្វើឱ្យពួកគាត់បាត់បង់ផ្ទះសំបែង ដីធ្លី សាលារៀន ធ្វើឱ្យសិស្សានុសិស្សមិនអាចទៅសិក្សារៀនសូត្រ បាន ដោយយោធារថៃបានរាយបន្លាលួស ដាក់ទូកុងតឺន័រ កាន់កាប់ដោយខុសច្បាប់
មិនឱ្យពលរដ្ឋកម្ពុជាចូលទៅរស់នៅបាន។

ជាមួយនឹងការចុះស្វែងយល់ការរស់នៅរបស់បងប្អូនជនភៀសសឹក Mbuziseller Nelson Saisi ក៏បានធ្វើការកោតសរសើរចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានរៀបចំទីតាំងសម្រាប់បងប្អូន ជនភៀសសឹក រស់នៅសមរម្យប្រកបដោយផាសុកភាព។

ក្នុងដំណើរមកកាន់ខេត្តបន្ទាយមានជ័យ លោក Mbuziseller Nelson Saisi ក៏នឹងបន្តដំណើរទៅទស្សនានៅប្រាសាទបន្ទាយឆ្មារ ក្នុងស្រុកថ្មពួក អាងទឹកត្រពាំងថ្ម ស្រុកភ្នំស្រុក រួមនឹងតំបន់ទេសចរណ៍មួយចំនួនទៀត មុននឹងចាកចេញពីខេត្តបន្ទាយមានជ័យ បន្តដំណើរទៅបណ្ដាខេត្តផ្សេងៗទៀត។

សូមបញ្ជាក់ថា លោក Mbuziseller Nelson Saisi ដែលជាអ្នកផលិតមាតិកា (Content Creator) អន្តរជាតិដ៏ល្បីល្បាញ Influencer ជនជាតិកេនយ៉ា និងជាសមាជិកក្រុម cyberlocos ក្នុងដំណើរបេសកកម្ម ទស្សនកិច្ចនៅប្រទេសកម្ពុជា ដើម្បីជួយផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ វប្បធម៌ និងតំបន់ទេសចរណ៍នានា របស់កម្ពុជាទៅកាន់ឆាកអន្តរជាតិ។ ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ លោកបានចុះទៅទស្សនកិច្ចនៅតាមបណ្តាខេត្ត និងរមណីយដ្ឋានផ្សេងៗ ព្រមទាំងបានស្វែងយល់ពីជីវភាពរស់នៅ និងទេសភាពធម្មជាតិរបស់កម្ពុជាផងដែរ៕