FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកបណ្ឌិត អូស្មាន ហាស្សាន់ ក្រើនរំលឹកឱ្យពង្រឹងសាមគ្គីភាព យកចិត្តទុកដាក់ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ដើម្បីឆ្ពោះទៅការបោះឆ្នោតឆ្នាំ២០២៧

24-10-2026 15:21

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦នេះ លោកបណ្ឌិត អូស្មាន ហាស្សាន់ សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌឫស្សីកែវ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីសំណេះសំណាល ក្រុមការងារគណបក្សថ្នាក់កណ្តាល ថ្នាក់រាជធានី ថ្នាក់ខណ្ឌ និងថ្នាក់សង្កាត់ ចុះជួយមូលដ្ឋានសង្កាត់ទាំង៧ ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅមជ្ឈមណ្ឌលម៉ូឌែន៥។

ក្នុងកម្មវិធីនេះ លោក ជិន ប៊ុនធឿន ប្រធានគណៈកម្មាធិការគណបក្សខណ្ឌឫស្សីកែវ បានឡើងអានផែនការចាត់តាំងអនុវត្តសេចក្តីសម្រេច ស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ របស់គណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ។

ថ្លែងក្នុងឱកាសនោះ លោកបណ្ឌិត អូស្មាន ហាស្សាន់ បានក្រើនរំលឹកដល់មន្ត្រីនៅមូលដ្ឋានឱ្យបង្កើនការយកចិត្តទុកដាក់លើភារកិច្ចរបស់ខ្លួន ព្រមទាំងការពង្រឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យបានល្អប្រសើរ និងត្រូវដោះស្រាយរាល់កង្វល់ជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។ លោកបានបញ្ជាក់ថា ការខិតខំប្រឹងប្រែងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋនេះ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ ក្នុងការត្រៀមលក្ខណៈ និងស្វែងរកការគាំទ្រ សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ដែលនឹងប្រព្រឹត្តនៅខែមិថុនា នាពេលខាងមុខ។

ជាការពង្រឹងបន្ថែមលើកិច្ចការងារបក្ស លោកបានលើកឡើងពីសារៈសំខាន់នៃការលើកកម្ពស់តួនាទីយុវជន ដែលជាកម្លាំងសសរទ្រូង និងជាឈាមថ្មីដ៏មានសក្តានុពល ដើម្បីចូលរួមក្នុងរាល់សកម្មភាពនយោបាយ និងការបន្តវេនដឹកនាំការពារសមិទ្ធផលជាតិ។ ជាមួយគ្នានេះ លោកក៏បានគូសបញ្ជាក់ផងដែរអំពីការរក្សា សាមគ្គីភាពផ្ទៃក្នុង ឱ្យបានរឹងមាំ ដោយត្រូវចេះយោគយល់ អត់ឱន និងសហការគ្នាដោយភាពស្និទ្ធស្នាល ដើម្បីទទួលបានជោគជ័យក្នុងការងារ៕