FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ទីររៀបចំដែនដីព្រះសីហនុ បើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៦ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៧ ដើម្បីបង្កើនប្រសិទ្ធភាពការងារការចុះបញ្ជីដីធ្លី

24-10-2026 14:59

(ព្រះសីហនុ)៖ មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តព្រះសីហនុ នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ បានបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៦ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៧ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក សុខ គាង រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ។

លោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានធ្វើរបាយការណ៍សង្ខេបស្ដីពីលទ្ធផលការងាររយៈពេលមួយឆ្នាំកន្លងមក ដែលសម្រេចបានសមិទ្ធផលសំខាន់ៗជាច្រើន ព្រមទាំងបានលើកឡើងពីបញ្ហាប្រឈមដំណោះស្រាយ និងទិសដៅបន្តសម្រាប់ឆ្នាំ២០២៧ ពាក់ព័ន្ធនឹងការចុះបញ្ជីដីធ្លីក្នុងខេត្ត ដើម្បីឲ្យកាន់តែមានប្រសិទ្ទភាពបន្ថែមទៀត។

ក្នុងពិធីបើកសន្និបាត លោក ម៉ោង ស៊ីណេត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ លោក លោកស្រី ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក និងយុវជនស្ម័គ្រចិត្តនៃមន្ទីររៀបចំដែនដី ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ដោយមិនខ្លាចការនឿយហត់ ដើម្បីចូលរួមផ្លាស់ប្ដូរមុខមាត់សេវាសាធារណៈជូនប្រជាពលរដ្ឋលើវិស័យដីធ្លី និងសំណង់ ពិសេសការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធទាំង ១១១ភូមិ ក្នុងខេត្តព្រះសីហនុ ដែលទទួលបានលទ្ធផលល្អប្រសើរ ស្របតាមគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុវត្ថិភាព នៃការកាន់កាប់ដីធ្លី កាត់បន្ថយ និងឆ្ពោះទៅរកការបញ្ចប់បញ្ហាចម្រូងចម្រាសដីធ្លី ដែលជាកត្តាជួយជំរុញកំណើនសេដ្ឋកិច្ចសង្គមប្រកបដោយនិរន្តរភាព និងសុខដុមរមនីយកម្ម។

ក្នុងឱកាសនេះអភិបាលខេត្ត បានស្នើដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ ត្រូវបន្តយកចិត្តទុកដាក់អនុវត្តការងារចាំបាច់នានា ដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរពាក់ព័ន្ធនឹងរចនាសម្ព័ន្ធដីធ្លីក្នុងខេត្ត។ លោក ម៉ាង ស៊ីណេតបានអំពាវនាវដល់ប្រជាពលរដ្ឋនូវចំណុចសំខាន់ៗចំនួនពីរ៖

*ទី១៖ សូមត្រួតពិនិត្យមើល និងមកដកប្លង់ដី ដើម្បីទុកជាឯកសារ និងទ្រព្យសម្បត្តិផ្ទាល់ខ្លួន ចំពោះប្លង់ដីដែលនៅសល់
*ទី២៖ សូមប្រជាពលរដ្ឋដែលបានដកឯកសារពីមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ យកទៅដាក់នៅការិយាល័យពន្ធដារ សូមប្រញាប់រូតរាន់ទៅបង់ពន្ធឱ្យបានគ្រប់ៗគ្នា ដើម្បីឱ្យដំណើរការចេញបណ្ណកម្មសិទ្ធិជូនបងប្អូនប្រជាពលរដ្ឋប្រព្រឹត្តទៅបានលឿនរហ័ស៕