FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ញ៉ែម សំអឿន អញ្ជើញប្រកាសចូលកាន់តំណែង លោក កិ សុគា ជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកលំផាត់

24-10-2026 14:56

​(រតនគិរី)៖ នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦នេះ លោក ញ៉ែម សំអឿន ប្រធានគណៈកម្មាធិការគណបក្សខេត្តរតនគិរី និងលោក ណាប់ ប៊ុនហេង អនុប្រធានគណៈកម្មាធិការគណបក្សខេត្តរតនគិរី បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសចូលកាត់មុខតំណែងរបស់លោក កិ សុគា ជាប្រធានគណៈកម្មាធិការគណបក្សស្រុកលំផាត់ ជំនួសលោក នូ ថេរ ដែលត្រូវបានផ្ទេរភារកិច្ចទៅជាប្រធានគណៈកម្មាធិការគណបក្សស្រុកកូនមុំ។

​បន្ទាប់ពីលោក នូ ថេរ បានអានរបាយការណ៍សង្ខេបអំពីលទ្ធផលនៃការដឹកនាំ និងសមិទ្ធផលនានារួចមក លោក កិ សុគា ដែលទើបទទួលបានការតែងតាំង បានឡើងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ ដែលបានផ្តល់ទំនុកចិត្ត និងប្រគល់ភារកិច្ចដ៏ឧត្តុង្គឧត្តមនេះ។ លោកបានប្តេជ្ញាចិត្តយ៉ាងមុតមាំថា៖

*១៖ ស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងគោរពប្រតិបត្តិតាមលក្ខន្តិកៈ និងកម្មវិធីនយោបាយរបស់គណបក្ស
*២៖ ពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងខិតខំបម្រើប្រជាពលរដ្ឋឲ្យបានល្អប្រសើរបំផុត
*៣៖ ខិតខំដឹកនាំគណៈកម្មាធិការគណបក្សស្រុក ឱ្យសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែរីកចម្រើន។

ថ្លែងក្នុងឱកាសនោះ លោក ញ៉ែម សំអឿន បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្នាដៃ និងការខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការគណបក្សស្រុកនាពេលកន្លងមក។ ជាមួយគ្នានេះ លោកបានផ្ដាំផ្ញើដល់ប្រធានគណៈកម្មាធិការគណបក្សស្រុកលំផាត់ ដែលទើបឡើងកាន់តំណែងថ្មី ត្រូវបន្តលើកកម្ពស់ស្មារតីទទួលខុសត្រូវ ពង្រឹងកិច្ចសហការជាមួយអាជ្ញាធរដែនដី និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ព្រមទាំងយកចិត្តទុកដាក់ស្ដាប់ និងដោះស្រាយរាល់កង្វល់របស់ប្រជាពលរដ្ឋនៅមូលដ្ឋានឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព៕