FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រថយន្តដឹកកម្មកររោងចក្រក្រឡាប់នៅក្រុងស្វាយរៀង បណ្ដាលឲ្យមនុស្សម្នាក់រងរបួសធ្ងន់ និង១០នាក់ផ្សេងទៀតរងរបួសស្រាល

24-10-2026 14:53

(ស្វាយរៀង)៖ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង៦៖២១នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយរថយន្តដឹកកម្មករកម្មការិនីរោងចក្រក្រឡាប់ដោយខ្លួនឯង នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ ១២០/១២១ ស្ថិតក្នុងភូមិស្វាយ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ ហេតុការណ៍នេះបណ្ដាលមកពីបែកកង់រថយន្ត។

លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង បានឲ្យដឹងថា មានរថយន្តម៉ាកសាំងយ៉ុង ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2R-0539 បើកបរដោយឈ្មោះ យ៉ែម ណូរ៉ា អាយុ៤៥ឆ្នាំ រស់នៅភូមិត្រោក ឃុំព្រះពន្លា ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង បានបើកបរពីទិសខាងលិចទៅកើត។ អ្នកបើកបរបានរងរបួសស្រាល ចំណែករថយន្តខូចខាតស្រាល។

លោកអធិការបានបញ្ជាក់ថា ក្នុងហេតុការណ៍នេះ មានអ្នករួមដំណើរចំនួន១០នាក់ ដែលសុទ្ធសឹងជាកម្មកររោងចក្រ បានរងរបួស។ ក្នុងនោះ ឈ្មោះ អុិត អ៊ាន ភេទស្រី អាយុ៥៣ឆ្នាំ រស់នៅភូមិពោធិ៍ ឃុំប្រធាត ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានរងរបួសធ្ងន់ (បាក់ឆ្អឹងដងកាំបិតខាងស្ដាំ) ហើយអ្នករួមដំណើរ៩ នាក់ផ្សេងទៀតបានរងរបួសស្រាល។

អ្នករងរបួសទាំងអស់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង ចំណែកមធ្យោបាយត្រូវបានរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ដើម្បីចាត់ការបន្តតាមនីតិវិធី។ ជាមួយគ្នានេះ លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ បានអំពាវនាវដល់អ្នកបើកបរទាំងអស់ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ និងពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជាប្រចាំមុនពេលធ្វើដំណើរ៕