កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត (Video inside)
24-10-2026 13:35
(ភ្នំពេញ)៖ កងទ័ពបន្តរំលោភបំពានលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជានៅតាមបណ្តោយព្រំដែនទៀតហើយ ដោយបានឈូសឆាយដីធ្វើផ្លូវនៅតំបន់តាទុំ ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធ បានប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ ឈូសឆាយសាងសង់ផ្លូវនៅតំបន់តាទុំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ចន្លោះបង្គោលព្រំដែនលេខ៩ លេខ ១០ និងលេខ១១។
បន្ទាប់មកនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃនេះ ក៏បានបាញ់ថ្នាំពណ៌ក្រហមលើដើមឈើ នៅចន្លោះបង្គោលព្រំដែនលេខ១០ និងលេខ១១ ដើម្បីត្រៀមរៀបចំការបន្តសាង សង់ផ្លូវបន្ថែមទៀតនៅតំបន់នេះដដែល។
រាជរដ្ឋាភិបាលកម្ពុជា តវ៉ាយ៉ាងខ្លាំងប្រឆាំងនឹងសកម្មភាពខាងលើ ដែលជាការបំពានយ៉ាងច្បាស់លើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ដូចដែលបានកំណត់ និងខណ្ឌសីមា ដោយផែនទីខ្នាត ១:២០០.០០០ ផលិតដោយគណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន និងសៀម អនុលោមតាមអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧។
ក្រសួងការបរទេសកម្ពុជា បានចាត់ទុកសកម្មភាពទាំងនេះ ក៏ជាការរំលោភបំពានលើមាត្រា៥ នៃអនុស្សរណៈនៃការយោគយល់គ្នារវាង រាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ ស្តីពីការវាស់វែង និង ខណ្ឌសីមាព្រំដែនគោក ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ និងចំណុចទី១ (វិធានការ កាត់បន្ថយភាពតានតឹង) នៃសេចក្ដីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
ក្នុងសេចក្តីប្រកាសព័ត៌មាន ក្រសួងការបរទេសកម្ពុជា បន្តបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវខ្សែបន្ទាត់ព្រំដែន ឬ ការទាមទារទឹកដីជាឯកតោភាគីដោយប្រទេសថៃនោះឡើយ ហើយសកម្មភាពដែលបានរៀបរាប់ខាងលើ និង មិនប៉ះពាល់ដល់សិទ្ធិស្របច្បាប់ ឬជំហររបស់កម្ពុជាទាក់ទងនឹងព្រំដែនអន្តរជាតិរបស់ខ្លួនឡើយ។
រាជរដ្ឋាភិបាលកម្ពុជាទាមទារឱ្យប្រទេសថៃបញ្ឈប់នូវរាល់សកម្មភាពខុសច្បាប់ទាំងនេះ បញ្ឈប់រាល់សកម្មភាពជាឯកតោភាគី ហើយត្រូវធ្វើការដើម្បីបន្ធូរបន្ថយភាពតានតឹង លើកកម្ពស់ទំនុកចិត្តគ្នា ទៅវិញទៅមក ព្រមទាំងរក្សាសន្តិភាព និងភាពជាអ្នកជិតខាងល្អ តាមបណ្ដោយព្រំដែនរវាងប្រទេសទាំងពីរ។
កម្ពុជានៅតែប្តេជ្ញាចិត្តក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ ក៏ដូចជាជាមួយប្រទេសជិតខាងទាំងអស់ ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ព្រមទាំងប្រកាន់ខ្ជាប់នូវជំហរជាគោលការណ៍របស់ខ្លួនថា ខ្សែបន្ទាត់ព្រំដែនមិនត្រូវផ្លាស់ប្តូរដោយកម្លាំងនោះឡើយ៕




