FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តំណាងសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរក្រសួងស្ថាប័នពាក់ព័ន្ធ និងប្រជាកសិករ ចំពោះការសម្រេចសមិទ្ធផលប្រវត្តិសាស្ត្ររបស់កម្ពុជា នាំចេញអង្ករបាន១លានតោន

24-10-2026 13:25

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី សុខ ចិន្ដាសោភា តំណាងសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ការនាំចេញអង្ករកម្ពុជា បានឈានដល់ជាង ១ លានតោន ដោយឆ្លងផុតជាលើកដំបូង នូវកម្រិតមួយលានតោន គឺជាសមិទ្ធផលប្រវត្តិសាស្ត្រមួយរបស់កម្ពុជា។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល ឧបនាយករដ្ឋមន្ត្រី សុខ ចិន្ដាសោភា អញ្ជើញជាអធិបតីភាព ក្នុងពិធីបើកវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦។

ឧបនាយករដ្ឋមន្ត្រី សុខ ចិន្ដាសោភា បានបញ្ជាក់ថា «ខ្ញុំមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងក្នុងការចូលរួមអបអរសាទរសមិទ្ធផលជាប្រវត្តិសាស្ត្រមួយរបស់កម្ពុជា ដែលគិតត្រឹមថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ការនាំចេញអង្ករកម្ពុជាបានឈានដល់ ១ ០១៤ ៤៤២ តោន ដោយឆ្លងផុតជាលើកដំបូងនូវកម្រិតមួយលានតោន»។

ឧបនាយករដ្ឋមន្ត្រី សុខ ចិន្ដាសោភា បានលើកឡើងថា នេះជាសមិទ្ធផលដ៏មានអត្ថន័យពិសេស ព្រោះគោលដៅនាំចេញអង្ករមួយលានតោនត្រូវបានដាក់ចេញដោយ សម្ដេចតេជោ ហ៊ុន សែន តាំងពីឆ្នាំ២០១០។ នៅពេលនេះ គោលដៅដែលធ្លាប់ជាមហិច្ឆតាបានក្លាយទៅជាការពិត។

ឧបនាយករដ្ឋមន្ត្រី សុខ ចិន្ដាសោភា សូមកោតសរសើរ និងអបអរសាទរចំពោះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងពាណិជ្ជកម្ម សហព័ន្ធស្រូវអង្ករកម្ពុជា អ្នកនាំចេញ រោងម៉ាស៊ីនកិនស្រូវ ស្ថាប័នហិរញ្ញវត្ថុ និងជាពិសេសបងប្អូនប្រជាកសិករដែលជាអ្នកបង្កើតសមិទ្ធផលនេះពីដំបូង។

ឧបនាយករដ្ឋមន្ត្រី សុខ ចិន្ដាសោភា ក៏សូមវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាមិត្តមួយចំនួន រួមទាំងនៅពេលចុងក្រោយជាមួយប្រទេសហ្វីលីពីន ដែលបានរួមចំណែកបើកឱកាសទីផ្សារថ្មី សម្រាប់អង្ករកម្ពុជា។

បើយើងផ្ដោតទៅលើវិស័យស្រូវអង្ករ ចំពោះមុខ ឧបនាយករដ្ឋមន្ត្រី សុខ ចិន្ដាសោភា បានលើកជាសំណួរមួយ៖ បន្ទាប់ពីការនាំចេញមួយលានតោន តើយើងចង់ទៅដល់ទីណាទៀត?
ចម្លើយមិនគួរត្រូវបានវាស់តែជាចំនួនតោនប៉ុណ្ណោះទេ។

ឧបនាយករដ្ឋមន្ត្រី សុខ ចិន្ដាសោភា បានឱ្យដឹងថា យើងត្រូវវាស់ភាពជោគជ័យ តាមរយៈប្រាក់ចំណូលរបស់កសិករ គុណភាពផលិតផល តម្លៃបន្ថែមដែលរក្សាទុកក្នុងប្រទេស ការបង្កើតការងារ និងការទទួលស្គាល់ម៉ាកផលិតផលកម្ពុជានៅលើទីផ្សារអន្តរជាតិ។ មួយលានតោនមិនមែនជាទីបញ្ចប់នៃដំណើររបស់យើងនោះទេ។ វាគ្រាន់តែជាការចាប់ផ្ដើមនៃដំណាក់កាលថ្មីមួយ។

ឧបនាយករដ្ឋមន្ត្រី សុខ ចិន្ដាសោភា បានបន្ថែមថា វិស័យកសិកម្មមិនអាចរីកចម្រើនដោយក្រសួងណាមួយ ឬស្ថាប័នណាមួយធ្វើការដាច់ដោយឡែកពីគ្នាបានឡើយ។ កសិករត្រូវការទឹក ពូជល្អ បច្ចេកទេស ហិរញ្ញប្បទាន ព័ត៌មានទីផ្សារ ហេដ្ឋារចនាសម្ព័ន្ធ និងអ្នកទិញដែលអាចទុកចិត្តបាន។ ដូច្នេះ ការអភិវឌ្ឍវិស័យកសិកម្មត្រូវការការចូលរួមពីគ្រប់ភាគី។

ក្រសួងកសិកម្ម មានតួនាទីសំខាន់ក្នុងការលើកកម្ពស់ផលិតកម្ម បច្ចេកទេស និងគុណភាពកសិផល។ ក្រសួងពាណិជ្ជកម្មមានតួនាទីក្នុងការបើកទីផ្សារ សម្រួលពាណិជ្ជកម្ម និងផ្សព្វផ្សាយផលិតផលកម្ពុជា។ ការចូលរួមរបស់កម្ពុជានៅក្នុងពិព័រណ៍អន្តរជាតិ ដូចជា SIAL Paris គឺជាឧទាហរណ៍នៃការខិតខំស្វែងរកទីផ្សារថ្មី និងបង្កើនការទទួលស្គាល់ផលិតផលខ្មែរ។

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានតួនាទីជំរុញការកែច្នៃ ស្តង់ដារ និងការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីបង្កើនគុណភាព និងតម្លៃបន្ថែម។ ស្ថាប័នហិរញ្ញវត្ថុ ជាពិសេសធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) មានតួនាទីជួយកសិករ សហគមន៍កសិកម្ម និងសហគ្រាសឱ្យទទួលបានហិរញ្ញប្បទានសមស្រប។
ដៃគូអភិវឌ្ឍន៍ក៏មានតួនាទីដ៏សំខាន់ផងដែរ៕