FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា៖ ការវិនិយោគលើកសិកម្មឆ្លាតវៃ និងការពង្រឹងសមត្ថភាពសម្របខ្លួនរបស់កសិករ ជាការវិនិយោគលើអនាគតរបស់ប្រទេសជាតិ

24-10-2026 13:13

(ភ្នំពេញ)៖ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី បានថ្លែងសង្កត់ធ្ងន់ថា ការវិនិយោគលើកសិកម្មឆ្លាតវៃ ធន់នឹងអាកាសធាតុ និងការពង្រឹងសមត្ថភាពសម្របខ្លួនរបស់កសិករ គឺជាការវិនិយោគលើអនាគតរបស់ប្រទេសជាតិ។ កសិកម្មដែលរឹងមាំ គឺជាកសិកម្មដែលអាចទប់ទល់នឹងវិបត្តិ បង្កើតតម្លៃ និងធានាជីវភាពប្រសើរឡើងសម្រាប់អ្នកផលិត។

លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានថ្លែងដូចនេះនាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ នាឱកាសតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងក្នុងពិធីបើកវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានបញ្ជាក់ដូចនេះថា «ការវិនិយោគលើកសិកម្មឆ្លាតវៃ ធន់នឹងអាកាសធាតុ និងការពង្រឹងសមត្ថភាពសម្របខ្លួនរបស់កសិករ គឺជាការវិនិយោគលើអនាគតរបស់ប្រទេសជាតិ។ កសិកម្មដែលរឹងមាំ មិនមែនគ្រាន់តែជាកសិកម្មដែលផលិតបានច្រើននោះទេ ប៉ុន្តែជាកសិកម្មដែលអាចទប់ទល់នឹងវិបត្តិ បង្កើតតម្លៃ និងធានាជីវភាពប្រសើរឡើងសម្រាប់អ្នកផលិត»។

លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានថ្លែងទៀតថា កម្ពុជាមិនត្រឹមចង់ឃើញផលិតផលកម្ពុជា មានវត្តមាននៅលើទីផ្សារពិភពលោកប៉ុណ្ណោះទេ ថែមជាងនេះយើងចង់ឱ្យគេស្គាល់ និងជឿទុកចិត្តផលិតផលទាំងនោះដោយសារគុណភាព និងអត្តសញ្ញាណរបស់ខ្លួន។ លើសពីនេះ ការអភិវឌ្ឍត្រូវតែប្រកបដោយនិរន្តរភាព។ យើងមិនអាចបង្កើនផលិតកម្មថ្ងៃនេះ ដោយបំផ្លាញធនធានដែលកូនចៅយើងត្រូវការនៅថ្ងៃស្អែកបានឡើយ។ ការប្រើប្រាស់ទឹក ដី ព្រៃឈើ និងធនធានធម្មជាតិត្រូវតែប្រកបដោយការទទួលខុសត្រូវ។

លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានបញ្ជាក់ដែរថា ពិភពលោកនឹងនៅតែបន្តប្រែប្រួល បញ្ហាប្រឈមថ្មីៗនឹងនៅតែបន្តកើតមាន ប៉ុន្តែជាមួយនឹងសុខសន្តិភាព ស្ថិរភាពនយោបាយ ចក្ខុវិស័យច្បាស់លាស់ និងការរួមកម្លាំងរបស់យើង កម្ពុជាមានមូលដ្ឋានគ្រឹះ និងសក្តានុពលក្នុងការប្រែក្លាយបញ្ហាប្រឈមទាំងនេះទៅជាឱកាសថ្មី ដូចដែលសម្តេចធិបតី បានក្រើនរំលឹកជារឿយៗ។ យើងអាចដកស្រង់ជាមេរៀនថា អ្វីដែលធ្លាប់មើលទៅដូចជាគោលដៅដ៏ឆ្ងាយ អាចក្លាយទៅជាការពិតបាន ដូចជាសមិទ្ធផលនាំចេញអង្ករលើសមួយលានតោន។ ភាពជាដៃគូ តម្លៃបន្ថែម និងនវានុវត្តន៍ មិនគួរនៅត្រឹមជាពាក្យស្លោកសម្រាប់បីថ្ងៃនេះទេ។ វាក្លាយជាការប្តេជ្ញាចិត្តយូរអង្វែង ជាការវិនិយោគជាក់ស្តែង និងជាកំណើនប្រាក់ចំណូលសម្រាប់ប្រជាកសិករយើង។

លោកឧបនាយករដ្ឋមន្ត្រី មានជំនឿយ៉ាងមុតមាំថា តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធរវាងរាជរដ្ឋាភិបាល វិស័យឯកជន ដៃគូអភិវឌ្ឍន៍ ស្ថាប័នហិរញ្ញវត្ថុ អាជ្ញាធរមូលដ្ឋាន និងជាពិសេសបងប្អូនប្រជាកសិករ យើងនឹងអាចកសាងវិស័យកសិកម្មកម្ពុជាឱ្យកាន់តែទំនើប មានភាពធន់ មានសមត្ថភាពប្រកួតប្រជែង និងបង្កើតតម្លៃបន្ថែមកាន់តែខ្ពស់៕