FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា៖ វិធានការទាំង៨ដែលជំរុញវិស័យកសិកម្ម មិនអាចផ្ដាច់ចេញពីការអភិវឌ្ឍហិរញ្ញវត្ថុ ឧស្សាហកម្ម ពាណិជ្ជកម្ម ហេដ្ឋារចនាសម្ព័ន្ធ និងសង្គមកិច្ចបានឡើយ

24-10-2026 13:02

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី លោក សុខ ចិន្តាសោភា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងអនុវត្តវិធានការគន្លឹះចំនួន ៨ ដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្ម និងពង្រឹងភាពធន់នៃសេដ្ឋកិច្ចជាតិ ដែលវិធានការទាំងនេះបានបង្ហាញយ៉ាងច្បាស់ថា ការអភិវឌ្ឍវិស័យកសិកម្មមិនអាចផ្ដាច់ចេញពីការអភិវឌ្ឍហិរញ្ញវត្ថុ ឧស្សាហកម្ម ពាណិជ្ជកម្ម ហេដ្ឋារចនាសម្ព័ន្ធ និងសង្គមកិច្ចបានឡើយ។

ឧបនាយករដ្ឋមន្ត្រី លោក សុខ ចិន្តាសោភា គូសបញ្ជាក់បែបនេះ ក្នុងឱកាសតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធិបតី ក្នុងពិធីបើកវេទិកា និងពិព័រណ៍កសិកម្មឆ្នាំ២០២៦ នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦នេះ នៅមជ្ឈមណ្ឌលកោះពេជ្រ។

លោកឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា វិធានការទាំងនេះមានលក្ខណៈបំពេញឱ្យគ្នាទៅវិញទៅមក ដោយផ្ដោតលើការពង្រីកលទ្ធភាពទទួលបានហិរញ្ញប្បទាន ជំរុញសហគ្រិនភាព និងការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ព្រមទាំងការអភិវឌ្ឍ និងពង្រឹងការអនុវត្តស្តង់ដារជាតិសម្រាប់ផលិតផលកសិកម្ម។

លោក សុខ ចិន្តាសោភា បានលើកឡើងថា វិធានការគន្លឹះចំនួនប្រាំបី ដែលមានលក្ខណៈបំពេញឱ្យគ្នាទៅវិញទៅមក ដែលរាជរដ្ឋាភិបាលបានដាក់ចេញ និងកំពុងអនុវត្តដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្ម និងពង្រឹងភាពធន់នៃសេដ្ឋកិច្ច រួមមាន៖

ទី១. ការពង្រីកលទ្ធភាពទទួលបានហិរញ្ញប្បទាន និងឥណទាន តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank) និងសាជីវកម្មធានាឥណទានកម្ពុជា (CGCC) ព្រមទាំងកិច្ចសហការជាមួយធនាគារពាណិជ្ជ និងគ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បីជួយឱ្យកសិករ សហគមន៍កសិកម្ម និងសហគ្រាសទទួលបានទុនសមស្របក្នុងលក្ខខណ្ឌអំណោយផល។
ទី២. ការជំរុញសហគ្រិនភាព និងការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម តាមរយៈការគាំទ្រពីស្ថាប័ន និងយន្តការនានា ដូចជា មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព និងសហគ្រិនខ្មែរ ព្រមទាំងការជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងការសម្រួលនីតិវិធីអាជីវកម្ម ដើម្បីបង្កើនផលិតភាព នវានុវត្តន៍ និងសមត្ថភាពប្រកួតប្រជែង។

ទី៣. ការអភិវឌ្ឍ និងពង្រឹងការអនុវត្តស្តង់ដារជាតិ ដើម្បីធានានូវបរិមាណ គុណភាព សុវត្ថិភាព និងអនុលោមភាពនៃផលិតផលកម្ពុជា ស្របតាមតម្រូវការទីផ្សារជាតិ តំបន់ និងអន្តរជាតិ ព្រមទាំងទាក់ទាញការវិនិយោគក្នុងខ្សែច្រវាក់តម្លៃកសិកម្ម។

ទី៤. ការពង្រីក និងធ្វើពិពិធកម្មទីផ្សារ ព្រមទាំងការសម្រួលកសិពាណិជ្ជកម្ម តាមរយៈការចរចាបើកទីផ្សារថ្មី ការពង្រឹងកិច្ចព្រមព្រៀងអនាម័យ និងភូតគាមអនាម័យ ការសម្រួលនីតិវិធីនាំចេញ និងការពង្រីកជម្រើសដឹកជញ្ជូន។ ក្នុងន័យនេះ កិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន និងឡាវ មានសារៈសំខាន់សម្រាប់ការបង្កើនការចូលទៅកាន់ទីផ្សារ និងការតភ្ជាប់ពាណិជ្ជកម្ម។

ទី៥. ការអនុវត្តកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន ឆ្នាំ២០២៥-២០២៨ ដោយផ្ដោតលើវិស័យកសិកម្ម កសិឧស្សាហកម្ម និងទេសចរណ៍ ដើម្បីទាក់ទាញការវិនិយោគ បង្កើតការងារ និងជំរុញសកម្មភាពសេដ្ឋកិច្ចក្នុងតំបន់។ ទន្ទឹមនេះ កម្មវិធីពិសេសជំរុញការវិនិយោគនៅខេត្តព្រះសីហនុ ក៏រួមចំណែកគាំទ្រការបង្កើតរោងចក្រកែច្នៃផលិតផលកសិកម្មផងដែរ។

ទី៦. ការអភិវឌ្ឍសួនកសិឧស្សាហកម្ម ជាពិសេសនៅខេត្តបាត់ដំបង កំពង់ធំ និងកំពង់ស្ពឺ ដើម្បីជំរុញការវិនិយោគលើការកែច្នៃផលិតផលកសិកម្ម បង្កើតទីផ្សារក្នុងស្រុក បង្កើនតម្លៃបន្ថែម និងបង្កើតការងារនៅតាមជនបទ។

ទី៧. ការបន្តកែទម្រង់ដើម្បីកែលម្អបរិយាកាសធុរកិច្ច និងកាត់បន្ថយបន្ទុកចំណាយរបស់សហគ្រាស ដោយផ្ដោតលើការដោះស្រាយបញ្ហាប្រឈមជាក់ស្ដែងរបស់វិស័យឯកជន និងការពង្រឹងសមត្ថភាពរបស់អាជីវកម្មក្នុងការសម្របខ្លួនទៅនឹងការប្រែប្រួលសេដ្ឋកិច្ចសកល។

ទី៨. ការអនុវត្តកម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយ ដើម្បីឆ្លើយតបទៅនឹងស្ថានភាពពហុវិបត្តិ។ កម្មវិធីដែលបានដាក់ចេញកាលពីខែកញ្ញា ឆ្នាំ២០២៦ មានគោលបំណងបង្កើតមុខរបរ និងការងារ រក្សាលំនឹងជីវភាព និងពង្រឹងភាពធន់សេដ្ឋកិច្ចសង្គម ដោយយកចិត្តទុកដាក់ជាពិសេសចំពោះប្រជាជនក្រីក្រ គ្រួសារងាយរងហានិភ័យ កសិករ ពលករទេសន្តរប្រវេសន៍ គ្រួសារភៀសសឹកដែលមិនទាន់មានការងារ អ្នកប្រកបរបររត់រ៉ឺម៉កកង់បី អ្នកដឹកជញ្ជូនតាមម៉ូតូ និងអាជីវករធុនមីក្រូ តូច និងមធ្យម ទាំងក្នុង និងក្រៅប្រព័ន្ធ៕