FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអគ្គព្រះរាជអាជ្ញាអាស៊ានលើកទី២ និងសន្និសីទអគ្គព្រះរាជអាជ្ញាចិន-អាស៊ានលើកទី១៧

24-10-2026 12:30

(ព្រុយណេ)៖ លោកស្រី ជា លាង អគ្គព្រះរាជអាជ្ញាកម្ពុជា បានឲ្យដឹងថា មហាអយ្យការអមតុលាការកំពូលនៃព្រះរាជាណាចក្រកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំអគ្គព្រះរាជអាជ្ញា/អគ្គរដ្ឋអាជ្ញាអាស៊ាន (APAGM) លើកទី២ និងសន្និសីទអគ្គព្រះរាជអាជ្ញា/អគ្គរដ្ឋអាជ្ញាអាស៊ាន-ចិន (CAPGC) លើកទី១៧ នៅរាជធានីភ្នំពេញ ក្នុងត្រីមាសទី៤ ឆ្នាំ២០២៧។

ការប្រកាសនេះធ្វើឡើងក្នុងឱកាសបិទបញ្ចប់កិច្ចប្រជុំអគ្គព្រះរាជអាជ្ញា/អគ្គរដ្ឋអាជ្ញាអាស៊ាន លើកទី១ និងសន្និសីទអគ្គព្រះរាជអាជ្ញា/អគ្គរដ្ឋអាជ្ញាអាស៊ាន-ចិន លើកទី១៦ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ នៅរាជធានីបានដាស៊េរីបេហ្កាវ៉ាន់ ប្រទេសព្រុយណេ ក្រោមការដឹកនាំរបស់លោកស្រី ជា លាង។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់មហាអយ្យការកម្ពុជា កិច្ចប្រជុំ និងសន្និសីទខាងលើបានសម្រេចនូវលទ្ធផលសំខាន់ៗ រួមមាន ការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យអយ្យការរវាងប្រទេសសមាជិកអាស៊ាន ការបង្កើនប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការការពារកុមារក្នុងយុគសម័យឌីជីថល និងការពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយប្រទេសដៃគូ។

*ទី១៖ លទ្ធផលកិច្ចប្រជុំអគ្គព្រះរាជអាជ្ញា/អគ្គរដ្ឋអាជ្ញាអាស៊ាន លើកទី១

ក្នុងកិច្ចប្រជុំជាប្រវត្តិសាស្ត្រលើកដំបូងនេះ អគ្គព្រះរាជអាជ្ញា/អគ្គរដ្ឋអាជ្ញានៃប្រទេសសមាជិកអាស៊ាន បានពិភាក្សាលើបញ្ហាប្រឈមក្នុងវិស័យអយ្យការ និងយុត្តិធម៌ព្រហ្មទណ្ឌ ជាពិសេសការប្រមូល និងប្រើប្រាស់ភស្តុតាងអេឡិចត្រូនិក ការយឺតយ៉ាវនៃជំនួយផ្នែកច្បាប់ទៅវិញទៅមកក្នុងវិស័យព្រហ្មទណ្ឌ និងតម្រូវការកិច្ចសហប្រតិបត្តិការទាន់ពេលវេលាក្នុងការដោះស្រាយសំណុំរឿងឧក្រិដ្ឋកម្មឆ្លងដែន។

ឧក្រិដ្ឋកម្មដែលត្រូវបានលើកយកមកពិភាក្សា រួមមាន ការជួញដូរគ្រឿងញៀនឆ្លងដែន ការជួញដូរមនុស្ស ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា និងការឆបោកតាមអនឡាញ។

ជាលទ្ធផល អង្គប្រជុំបានឯកភាពជាឯកច្ឆន្ទលើសេចក្តីប្រកាសរួម ដោយផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យអយ្យការ ការផ្លាស់ប្តូរព័ត៌មាន ការចែករំលែកឧត្តមានុវត្តន៍ និងការបង្កើនសមត្ថភាពព្រះរាជអាជ្ញា ដើម្បីឆ្លើយតបនឹងឧក្រិដ្ឋកម្មឆ្លងដែន។

អង្គប្រជុំក៏បានសង្កត់ធ្ងន់លើការពន្លឿនកិច្ចសហប្រតិបត្តិការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ដោយគោរពយ៉ាងម៉ឺងម៉ាត់នូវគោលការណ៍អធិបតេយ្យភាព និងច្បាប់ផ្ទៃក្នុងរបស់រដ្ឋសមាជិក ព្រមទាំងស្វាគមន៍ការចូលរួមរបស់អគ្គរដ្ឋអាជ្ញាទីម័រឡេស្តេក្នុងវេទិកានេះ។

ក្នុងកិច្ចប្រជុំ លោកស្រី ជា លាង បានលើកឡើងថា ឧក្រិដ្ឋកម្មឆ្លងដែនទាមទារកិច្ចសហប្រតិបត្តិការអន្តរជាតិ ដោយគ្មានរដ្ឋណាមួយអាចដោះស្រាយបញ្ហានេះដោយឯកតោភាគីបានឡើយ ហើយការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនត្រូវធ្វើឡើងដោយគោរពច្បាប់ និងអធិបតេយ្យភាពរបស់រដ្ឋ។

*ទី២៖ លទ្ធផលសន្និសីទអគ្គព្រះរាជអាជ្ញា/អគ្គរដ្ឋអាជ្ញាអាស៊ាន-ចិន លើកទី១៦

នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ លោកស្រី ជា លាង បានបន្តចូលរួមសន្និសីទអគ្គព្រះរាជអាជ្ញា/អគ្គរដ្ឋអាជ្ញាអាស៊ាន-ចិន លើកទី១៦ ក្រោមមូលបទ «កិច្ចគាំពារកុមារក្នុងយុគសម័យឌីជីថល៖ សុខុដុមរមនីយកម្មបទដ្ឋានគតិយុត្ត និងកិច្ចសហប្រតិបត្តិការអន្តរជាតិ»។

សន្និសីទបានផ្តោតលើបញ្ហាបទល្មើសពាក់ព័ន្ធនឹងការរំលោភបំពានផ្លូវភេទលើកុមារតាមប្រព័ន្ធឌីជីថល ដែលកាន់តែមានលក្ខណៈឆ្លងដែន និងទាមទារឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិប្រកបដោយប្រសិទ្ធភាព។

ប្រធានបទសំខាន់ៗចំនួន៥ ត្រូវបានពិភាក្សា រួមមាន ការពិនិត្យ និងធ្វើបច្ចុប្បន្នភាពច្បាប់ឱ្យស្របតាមការវិវត្តនៃបច្ចេកវិទ្យាឌីជីថល ការស៊ើបអង្កេត និងការចោទប្រកាន់ជនល្មើស កិច្ចសហការរវាងស្ថាប័នស៊ើបអង្កេត ស្ថាប័នអយ្យការ និងវិស័យឯកជន ប្រសិទ្ធភាពនៃកិច្ចសហការអន្តរស្ថាប័ន និងការពង្រឹងយន្តការកិច្ចសហប្រតិបត្តិការអន្តរជាតិ។

សន្និសីទបានបញ្ចប់ដោយការចេញសេចក្តីថ្លែងការណ៍រួម ដែលបានកំណត់ទិសដៅសំខាន់ៗ រួមមាន ការពង្រឹងការស៊ើបអង្កេត និងការចោទប្រកាន់ជនល្មើស ការអនុវត្តច្បាប់ និងការផ្តន្ទាទោសឱ្យបានតឹងរ៉ឹង ការជំរុញកិច្ចសហការរវាងស្ថាប័នជាតិ និងការបង្កើនសមត្ថភាពវិជ្ជាជីវៈរបស់អ្នកស៊ើបអង្កេត និងព្រះរាជអាជ្ញា។

ជាមួយគ្នានេះ អង្គសន្និសីទក៏បានសង្កត់ធ្ងន់លើការសហការជាមួយវិស័យឯកជន ដើម្បីដកចេញឬលុបចោលមាតិកាដែលពាក់ព័ន្ធនឹងការរំលោភបំពានផ្លូវភេទលើកុមារឱ្យបានទាន់ពេលវេលា ព្រមទាំងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការប្រមូលភស្តុតាងអេឡិចត្រូនិក និងការផ្តន្ទាទោសជនល្មើសដែលស្ថិតនៅក្រៅដែនសមត្ថកិច្ចរបស់រដ្ឋ។

*ទី៣៖ លទ្ធផលនៃជំនួបទ្វេភាគី

ក្រៅពីកិច្ចប្រជុំ និងសន្និសីទខាងលើ លោកស្រី ជា លាង ក៏បានជួបពិភាក្សាទ្វេភាគីជាមួយអគ្គរដ្ឋអាជ្ញាចិន លោក យ៉ីង យ៉ុង អគ្គព្រះរាជអាជ្ញាសិង្ហបុរី លោក លូស៊ាន វុង និងអគ្គរដ្ឋអាជ្ញាវៀតណាម លោក ង្វៀង ហ៊ុយទាន។

ជំនួបទាំងនេះបានផ្តោតលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងស្ថាប័នអយ្យការ តាមរយៈការផ្លាស់ប្តូរព័ត៌មាន បទពិសោធន៍ ចំណេះដឹង និងឧត្តមានុវត្តន៍ការងារ ព្រមទាំងការបណ្តុះបណ្តាលព្រះរាជអាជ្ញា និងការដោះស្រាយបញ្ហាប្រឈមនានាក្នុងវិស័យអយ្យការ។

ភាគីកម្ពុជានិងសិង្ហបុរីក៏បានពិភាក្សាអំពីលទ្ធភាពនៃការចុះអនុស្សរណៈនៃការយោគយល់គ្នារវាងស្ថាប័នអយ្យការនៃប្រទេសទាំងពីរ ខណៈកិច្ចពិភាក្សាជាមួយភាគីចិន និងវៀតណាមបានផ្តោតលើការបន្តសុពលភាពអនុស្សរណៈនៃការយោគយល់គ្នាដែលមានស្រាប់ ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែមានប្រសិទ្ធភាព។

*ទី៤៖ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៧

នៅក្នុងពិធីបិទកិច្ចប្រជុំ និងសន្និសីទ លោកស្រី ជា លាង បានទទួលយកសំណើធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំអគ្គព្រះរាជអាជ្ញា/អគ្គរដ្ឋអាជ្ញាអាស៊ាន លើកទី២ និងសន្និសីទអគ្គព្រះរាជអាជ្ញា/អគ្គរដ្ឋអាជ្ញាអាស៊ាន-ចិន លើកទី១៧ នៅរាជធានីភ្នំពេញ ក្នុងត្រីមាសទី៤ ឆ្នាំ២០២៧។

លោកស្រីបានបញ្ជាក់ថា ការធ្វើជាម្ចាស់ផ្ទះនេះបង្ហាញពីស្មារតីភាពជាដៃគូ និងការបើកចំហរបស់កម្ពុជា ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាពិសេសក្នុងវិស័យអយ្យការ ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងការលើកកម្ពស់ប្រព័ន្ធយុត្តិធម៌ប្រកបដោយប្រសិទ្ធភាព៕