FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ឆាយ ឫទ្ធិសែន ដឹកនាំកិច្ចប្រជុំពិភាក្សាការងារត្រៀមសម្រាប់រៀបចំការបោះឆ្នោតស្ទាបស្ទង់ ដើម្បីជ្រើសរើសបេក្ខជនគណបក្សប្រជាជនកម្ពុជា ឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅខេត្តកំពង់ឆ្នាំង

24-10-2026 12:24

(កំពង់ឆ្នាំង)៖ លោក ឆាយ ឫទ្ធិសែន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ ក្រុមការងាររគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងប្រធានក្រុមការងារថ្នាក់កណ្ដាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារត្រៀមសម្រាប់រៀបចំការបោះឆ្នោតស្ទាបស្ទង់មតិដើម្បីជ្រើសរើសបេក្ខជនគណបក្សប្រជាជនកម្ពុជាសម្រាប់ឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងនៅតាំងដាក់ដោយឡែកពីគ្នាចំនួន ២ទីតាំង គឺ៖ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកសាមគ្គីមានជ័យ និងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកទឹកផុស ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រីអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក ឯកឧត្តម លោកជំទាវប្រធាន អនុប្រធាន ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង ១៨ នៃស្រុកទាំងពីរ ព្រមទាំងគណៈកម្មាធិការបក្សស្រុក សរុបចំនួន ៣៤០រូប។

នៅក្នុងដំណើរការនៃកិច្ចប្រជុំនីមួយៗ លោកប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុក បានឡើងធ្វើរបាយការណ៍ស្វាគមន៍ជូនដល់អង្គពិធី ដោយបានគូសបញ្ជាក់អំពីស្ថានភាពទូទៅ, ការកសាងសមាជិកបក្ស, ការងារចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០២៦, ព្រមទាំងការរៀបចំសេចក្តីព្រាងបឋមបញ្ជីឈ្មោះបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើររើសក្រុមប្រឹក្សាឃុំ និងដំណើរការនៃការរៀបចំបោះឆ្នោតស្ទាបស្ទង់បញ្ជី ឈ្មោះបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ ផងដែរ។ បន្ទាប់មកអង្គប្រជុំ បានពិនិត្យ និងពិភាក្សាយ៉ាងល្អិតល្អន់ លើនីតិវិធីនានាសម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតស្ទាបស្ទង់មតិដើម្បីជាមូលដ្ឋានក្នុងការជ្រើសរើសបេក្ខជនគណបក្សសម្រាប់ឈរឈ្មោះបោះឆ្នោត, ការពិនិត្យលើលក្ខណៈសម្បត្តិបេក្ខជន ការកំណត់ថ្ងៃ និងសមាសភាពអង្គបោះឆ្នោត ដោយផ្អែកលើលក្ខណៈសម្បត្តិនៃការជ្រើសរើសបេក្ខជនឈរឈ្មោះបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ដែលគណបក្សប្រជាជនកម្ពុជាបានកំណត់ និងស្របតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់, ការរៀបចំសម្ភារនានាសម្រាប់បម្រើដល់ដំណើការនៃការរៀបចំការបោះឆ្នោតស្ទាបស្ទង់។

ក្នុងឱកាសនោះដែរ លោក ឆាយ ឫទ្ធិសែន បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមការងារគណបក្ស និងគណៈកម្មាធិការគណបក្សគ្រប់លំដាប់ថ្នាក់របស់គណបក្សប្រជាជនកម្ពុជាស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស ដែលបានខិតខំបំពេញតួនាទី និងភារកិច្ចយ៉ាងល្អនាពេលកន្លងមក រហូតធ្វើឱ្យគណបក្សសម្រេចបានសមិទ្ធផលជាច្រើនគួរជាទីមោទនៈ។

លោកប្រធាន បានផ្តល់អនុសាសន៍មួយចំនួនសម្រាប់តម្រង់ទិសបន្ថែមដល់ការត្រៀមរៀបចំការបោះឆ្នោតស្ទាបស្ទង់មតិនៅតាមឃុំនីមួយៗ ធ្វើយ៉ាងណាឱ្យដំណើរការនៃការរៀបចំការបោះឆ្នោតនោះដំណើរការទៅដោយរលូន និងមានសុក្រឹតភាព។

ជាថ្មីម្ដងទៀត លោកប្រធាន ក៏បានបញ្ជាក់បន្ថែមដល់ក្រុមការងារគណបក្សចុះមូលដ្ឋានគ្រប់ថ្នាក់នៃស្រុកទាំងពីរ សូមយកស្មារតីដែលបានឯកភាព ក្នុងកិច្ចប្រជុំនេះ ទៅអនុវត្តឱ្យសម្រេចបានជោគជ័យ និងត្រូវត្រៀមលក្ខណៈសម្បត្តិ និងគ្រប់មធ្យោបាយដើម្បីចូលរួមការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ខាងមុខនេះទទួលបានជោគជ័យ។ គួរជម្រាបជូនដែរថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកថ្ងៃអាទិត្យទី៦ ខែមិថុនា ឆ្នាំ២០២៧ ជាកាលបរិចេ្ឆទនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦៕