ប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ ជំរុញឱ្យក្រុមគ្រូពេទ្យបន្តអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈ និងការសម្រេចចិត្តផ្នែកវេជ្ជសាស្ត្រ ដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ (Video inside)
24-10-2026 11:47
(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ បានថ្លែងជម្រុញដល់ក្រុមគ្រូពេទ្យទាំងអស់ ត្រូវបន្តអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈ ធ្វើបច្ចុប្បន្នភាពចំណេះដឹងឯកទេសខ្លួន ដើម្បីឆ្លើយតបទៅនឹងការវិវឌ្ឍយ៉ាងឆាប់រហ័សនៃវិទ្យាសាស្ត្រវេជ្ជសាស្ត្រ និងបច្ចេកវិទ្យាថ្មីៗ ដោយត្រូវអភិវឌ្ឍសមត្ថភាពទាំងផ្នែកចំណេះដឹង ទ្រឹស្តី ជំនាញអនុវត្ត ការស្រាវជ្រាវ និងសមត្ថភាពក្នុងការសម្រេចចិត្តផ្នែកវេជ្ជសាស្ត្រ ដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ។
លោកសាស្ត្រាចារ្យ ឡឹម តារា បានថ្លែងដូចនេះនាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦នេះ នាឱកាសដែលលោកតំណាងលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល អញ្ជើញបើកសន្និបាតវិទ្យាសាស្ត្រប្រចាំឆ្នាំលើកទី២១ របស់សមាគមគ្រូពេទ្យកម្ពុជាផ្នែកប្រដាប់រំលាយអាហារ ដោយមានការចូលរួមពីលោកសាស្ត្រាចារ្យ តាន់ តឹកស្រេង ប្រធានកិត្តិយស និងជាស្ថាបនិកសមាគមគ្រូពេទ្យកម្ពុជាផ្នែកប្រដាប់រំលាយអាហារ, លោកសាស្ត្រាចារ្យ ឱម សិរីវិជិត ប្រធានសមាគមគ្រូពេទ្យកម្ពុជាផ្នែកប្រដាប់រំលាយអាហារ លោក លោកស្រី សាស្ត្រាចារ្យ វេជ្ជបណ្ឌិត និងអ្នកជំនាញសុខាភិបាលជាតិ និងអន្តរជាតិជាច្រើនរូបទៀត។
ជុំវិញជំងឺប្រដាប់រំលាយអាហារវិញ លោកសាស្ត្រាចារ្យ ឡឹម តារា ក៏បានណែនាំឱ្យក្រុមគ្រូពេទ្យ ត្រូវបន្តជំរុញការស្រាវជ្រាវវិទ្យាសាស្ត្រ និងការអនុវត្តវេជ្ជសាស្ត្រផ្អែកលើភស្តុតាង ដោយត្រូវបង្កើនការលើកទឹកចិត្ត និងគាំទ្រដល់ការសិក្សាស្រាវជ្រាវលើជំងឺប្រដាប់រំលាយអាហារ ដែលជាបញ្ហាប្រឈមផ្នែកសុខភាពនៅកម្ពុជា ព្រមទាំងជំរុញការបង្កើត និងប្រើប្រាស់ទិន្នន័យវិទ្យាសាស្ត្រដែលមានភាពត្រឹមត្រូវ និងអាចទុកចិត្តបាន។
បន្តពង្រឹងគុណភាព និងសុវត្ថិភាពនៃសេវាថែទាំ និងព្យាបាលអ្នកជំងឺ ដោយត្រូវបន្តជំរុញការអនុវត្តតាមគោលការណ៍ណែនាំ និងស្តង់ដារបច្ចេកទេសវេជ្ជសាស្ត្រ ការប្រើប្រាស់ឱសថឱ្យបានត្រឹមត្រូវ និងសមស្រប ការការពារ និងត្រួតពិនិត្យការឆ្លងរោគ ព្រមទាំងការធានាសុវត្ថិភាពក្នុងការប្រើប្រាស់ឧបករណ៍ និងអនុវត្តនីតិវិធីវេជ្ជសាស្ត្រផ្សេងៗ ជាពិសេសក្នុងការឆ្លុះក្រពះ ពោះវៀន និងនីតិវិធីអន្តរាគមន៍ផ្សេងៗ ត្រូវយកចិត្តទុកដាក់ខ្ពស់លើការអនុវត្តតាមស្តង់ដារបច្ចេកទេស ការរៀបចំឧបករណ៍ ការសម្អាត និងការសម្លាប់មេរោគ ព្រមទាំងការតាមដានស្ថានភាពអ្នកជំងឺ ដើម្បីកាត់បន្ថយហានិភ័យ និងផលវិបាកដែលអាចកើតមាន។
ជាមួយនឹងការលើកកម្ពស់កិច្ចសហការពហុឯកទេស និងភាពជាដៃគូវិជ្ជាជីវៈ, ប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ ក៏បានជំរុញឱ្យមានការសហការឱ្យកាន់តែជិតស្និទ្ធរវាងគ្រូពេទ្យឯកទេសប្រដាប់រំលាយអាហារ គ្រូពេទ្យឯកទេសថ្លើម គ្រូពេទ្យវះកាត់ អ្នកជំនាញរូបភាពវេជ្ជសាស្ត្រ អ្នកឯកទេសមហារីកវិទ្យា និងអ្នកជំនាញផ្នែកពាក់ព័ន្ធផ្សេងទៀត ដើម្បីធានាថា អ្នកជំងឺទទួលបានការថែទាំដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងមានការសម្របសម្រួលល្អផងដែរ។
លោកសាស្ត្រាចារ្យ ឱម សិរីវិជិត បានបញ្ជាក់ឱ្យដឹងថា ក្នុងរយៈពេល ២០ឆ្នាំកន្លងមកនេះ សមាគមបានឆ្លងកាត់នូវការប្រឈម និងភាពលំបាកលំបិនជាច្រើន ប៉ុន្តែដោយស្មារតីសាមគ្គីភាព និងការប្ដេជ្ញាចិត្តខ្ពស់ សមាគមបាន ដោះស្រាយបញ្ហាប្រឈមទាំងនោះជាបណ្តើរៗរហូតសម្រេចបាននូវការរីកចម្រើនដូចបច្ចុប្បន្ន។ ការឈរជើង និងការរស់រានមានជីវិតរបស់សមាគម គឺស្ថិតនៅលើការឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមករវាងសហភាតរៈ សមាជិក សមាជិកា និងការជ្រោមជ្រែងពីបណ្តាក្រុមហ៊ុនដៃគូសហការនាពេលកន្លងមក ក្នុងកិច្ចការងារសប្បុរស សមាជិកសមាជិការបស់សមាគមមានមោទនភាព និងពេញចិត្តយ៉ាងខ្លាំងក្នុងការបន្តភារកិច្ចជួយកសាង និងអភិវឌ្ឍវិស័យសុខាភិបាលនៃប្រទេសជាតិយើង។
លោកសាស្ត្រាចារ្យ បានបន្ថែមួទៀតថា កន្លងមកក្នុងបំណងពង្រីកចំណេះដឹង និងជម្រុញការប្រើប្រាស់ឱសថឱ្យមានប្រសិទ្ធភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋ សមាគមបានសហការបើកវគ្គបណ្តុះបណ្តាល និងសិក្ខាសាលាខ្លីៗជាមួយបណ្តាក្រុមហ៊ុនឱសថ បរិក្ខារពេទ្យជាច្រើនលើកដូចជា សិក្ខាសាលាសហការជាមួយគណៈគ្រូពេទ្យរាជធានីភ្នំពេញ, សិក្ខាសាលាសហការជាមួយក្រុមហ៊ុន Vitabiotics, សិក្ខាសាលាសហការជាមួយក្រុមហ៊ុន Mega Lifesciences រួមទាំងមានសិក្ខាសាលាផ្សេងៗជាច្រើនទៀតផងដែរ៕

















