សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបញ្ជូនកងកម្លាំង ជាង១ម៉ឺននាក់ ទៅចូលរួមបំពេញបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ (Video inside)
24-10-2026 10:54
(កំពង់ស្ពឺ)៖ ថ្លែងចេញពីទឹកដី នៃខេត្ដកំពង់ស្ពឺ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាក់ឲ្យដឹងថា កម្ពុជាបានបញ្ជូនកងកម្លាំង សរុបជាង១ម៉ឺននាក់ ទៅចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ។
ការបញ្ជាក់ឲ្យដឹងបែបនេះ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសដែល កម្ពុជារៀបចំពិធីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំងនៃកងយោពលខេមរភូមិន្ទ ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព និងសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «មកដល់ពេលនេះ កម្ពុជាបានបញ្ជូនកងកម្លាំង សរុបចំនួន១០ ៩១៤នាក់ ទៅចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ នៅតំបន់អាហ្រ្វិក មជ្ឈឹមបូព៌ា និង អ៊ឺរ៉ុប»។
បន្ថែមពីនោះទៀត សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា តំបន់ដែលកម្ពុជា បានបញ្ជូនកងកម្លាំងទៅ រួមមាន៖ ស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ សាធារណរដ្ឋអាហ្រ្វិកកណ្ដាល លីបង់ ស៊ីរី ម៉ាលី សាយប្រឺស យេម៉ែន និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កងកម្លាំងរបស់កម្ពុជា បានពង្រីកតួនាទីជាបន្តបន្ទាប់ ពោលគឺពីការងារបោសសំអាតមីន ទៅបំពេញភារកិច្ចជាតម្រួតយោធា, វិស្វកម្ម, ពេទ្យកម្រិត២, អ្នកបោសសំអាតគ្រឿងផ្ទុះភេរវកម្ម រហូតដល់មុខងារជានាយទាហានសង្កេតការណ៍ និងជានាយទាហានសេនាធិការទៀតផង។
បើតាមសម្តេចបវរធិបតី, សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានសម្រេចបញ្ជូនកងកម្លាំង នៃកងយោធពលខេមរភូមិន្ទកម្ពុជា ឱ្យចូលរួមបំពេញ បេសកកម្មរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ ក្នុងឆ្នាំ២០០៦ តាមការអំពាវនាវរបស់អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ ដោយចាប់ផ្តើមពីកងបោសសម្អាតមីនចំនួន ១៣៥នាក់នៅប្រទេសស៊ូដង់។
សូមបញ្ជាក់ថា កម្ពុជាបន្តឈរនៅលំដាប់ថ្នាក់លេខ២៤ ក្នុងចំណោមប្រទេសចំនួន១២០ ដែលរួមចំណែកបញ្ជូនកងកម្លាំងចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងជាប់ចំណាត់ថ្នាក់លេខ៣ ក្នុងចំណោមបណ្តាប្រទេសអាស៊ាន បន្ទាប់ពីប្រទេសឥណ្ឌូនេស៊ី និងម៉ាឡេស៊ី។
ដោយឡែក សម្រាប់ការរួមចំណែកបញ្ជូនកងកម្លាំងស្ត្រី កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១៣ ក្នុងចំណោមប្រទេសចំនួន១២០ និងជាប់ចំណាត់ថ្នាក់លេខ២ ក្នុងចំណោមបណ្តាប្រទេសអាស៊ាន បន្ទាប់ពីប្រទេសឥណ្ឌូនេស៊ី៕





























































































































