សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ២០ឆ្នាំនៃបេសកកម្មរក្សាសន្តិភាពរបស់កម្ពុជា ក្រោមទង់ UN បានផ្លាស់ប្តូរពីអតីតកាលធ្លាប់តែហួងហែងដោយសង្គ្រាម និងល្បីថាជាវាលពិឃាត ប្រែឈ្មោះជាអ្នករួមចំណែករក្សាសន្តិភាពសកល (Video inside)
24-10-2026 10:53
(កំពង់ស្ពឺ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំងកងយោធពលខេមរភូមិន្ទ ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ (UN) ជាខួបជោគជ័យក្នុងការផ្លាស់ប្តូរកម្ពុជា ដែលធ្លាប់ត្រូវបានហែកហួរដោយសង្គ្រាម និងធ្លាប់តែល្បីថា ជាវាលពិឃាត, ជាតំបន់អសន្តិសុខ និងជាចម្ការមីនទៅ ជាកម្ពុជាថ្មីដែលបាននិងកំពុងដើរតួនាទីសំខាន់ ក្នុងការរក្សាសណ្តាប់ធ្នាប់តំបន់ និងសកល ក៏ដូចជាការការពារសន្តិភាពពិភពលោក។
ការថ្លែងបែបនេះរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព និងសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦នេះ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសោមនស្សរីករាយ ដែលបានអញ្ជើញចូលរួមក្នុង «ពិធីអបអរសាទរខួប ២០ ឆ្នាំ (២០០៦-២០២៦) នៃការបញ្ជូនកងកម្លាំង នៃកងយោធពលខេមរភូមិន្ទ ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ» នាពេលនេះ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍យ៉ាងដូច្នេះថា៖ «ខួប២០ឆ្នាំនៃការបញ្ជូនកងកម្លាំង កងយោធពលខេមរភូមិន្ទ ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនេះ ជាខួប២០ឆ្នាំ នៃជោគជ័យក្នុងការផ្លាស់ប្តូរកម្ពុជាដែលធ្លាប់ត្រូវបានហែកហួរដោយសង្គ្រាម និងធ្លាប់តែល្បីថា ជាវាលពិឃាត, ជាតំបន់អសន្តិសុខ និងជាចម្ការមីន ទៅជាកម្ពុជាថ្មីដែលបាននិងកំពុងដើរតួនាទីសំខាន់ ក្នុងការរក្សាសណ្តាប់ធ្នាប់តំបន់ និងសកល ក៏ដូចជាការការពារសន្តិភាពពិភពលោក»។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជោគជ័យទាំងនេះ គឺជាសមិទ្ធផលនៃការអនុវត្ត «នយោបាយឈ្នះ-ឈ្នះ» របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលបានបញ្ចប់សង្រ្គាមស៊ីវិលរ៉ាំរ៉ៃនៅកម្ពុជា, ការទទួលបានសុខសន្តិភាពពេញលេញទូទាំងផ្ទៃប្រទេស និងការអភិវឌ្ឍឥតឈប់ឈរលើគ្រប់វិស័យ ដែលកម្ពុជាមិនធ្លាប់មានក្នុងរយៈពេលជាង ៥០០ឆ្នាំចុងក្រោយនេះ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត សូមឧទ្ទិសសមិទ្ធផលនៃ «នយោបាយឈ្នះ-ឈ្នះ» នេះ ជូនចំពោះជនរួមជាតិនៅទូទាំងប្រទេស ហើយសូមឱ្យសមិទ្ធផលនៃ «នយោបាយឈ្នះ-ឈ្នះ» បន្តនៅគង់វង្សស្ថិតស្ថេរជាអមតៈនៅលើទឹកដីមាតុភូមិរបស់យើងជារៀងរហូត និងសូមបួងសួងដល់ដួងព្រលឹងបុព្វបុរស និងអ្នកស្នេហាជាតិទាំងអស់ ឱ្យស្ថិតនៅជាម្លប់ និងជានិមិត្តរូបនៃការធ្វើពលិកម្មសម្រាប់មនុស្សខ្មែរជំនាន់ក្រោយ ដើម្បីបន្តវីរភាពក្នុងបុព្វហេតុបម្រើឧត្តមប្រយោជន៍ជាតិមាតុភូមិកម្ពុជាជាទីស្នេហានៃយើងជានិច្ចនិរន្តរ៍តរៀងទៅ។
ជាមួយគ្នានេះដែរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏សូមឧទ្ទិសសមិទ្ធផលនៃ «នយោបាយឈ្នះ-ឈ្នះ» នេះ ជូនចំពោះជនរួមជាតិនៅទូទាំងប្រទេស ហើយសូមឱ្យសមិទ្ធផលនៃ «នយោបាយឈ្នះ-ឈ្នះ» បន្តនៅគង់វង្សស្ថិតស្ថេរជាអមតៈនៅលើទឹកដីមាតុភូមិរបស់យើងជារៀងរហូត និងសូមបួងសួងដល់ដួងព្រលឹងបុព្វបុរស និងអ្នកស្នេហាជាតិទាំងអស់ ឱ្យស្ថិតនៅជាម្លប់ និងជានិមិត្តរូបនៃការធ្វើពលិកម្មសម្រាប់មនុស្សខ្មែរជំនាន់ក្រោយ ដើម្បីបន្តវីរភាពក្នុងបុព្វហេតុបម្រើឧត្តមប្រយោជន៍ជាតិមាតុភូមិកម្ពុជាជាទីស្នេហានៃយើងជានិច្ចនិរន្តរ៍តរៀងទៅ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត រម្លឹកថា សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានសម្រេចបញ្ជូនកងកម្លាំង នៃកងយោធពលខេមរភូមិន្ទកម្ពុជា ឱ្យចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ក្នុងឆ្នាំ២០០៦ តាមការអំពាវនាវរបស់អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ ដោយចាប់ផ្តើមពីកងបោសសម្អាតមីនចំនួន ១៣៥នាក់ នៅប្រទេសស៊ូដង់។
គួរបញ្ជាក់ថា រយៈពេល២០ឆ្នាំមកនេះ គឺចាប់តាំងពីក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បន្តមករាជរដ្ឋាភិបាលថ្មី ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត កម្ពុជាបានបញ្ជូនកងកម្លាំងចូលរួមក្នុងបេសកកម្ម ក្រោមឆត្រអង្គការសហប្រជាជាតិ ចំនួន ១០ ៧២៦នាក់ (នារី ១ ០៥២នាក់) មាននៅប្រទេសចំនួន១០ ក្នុងនោះមាននៅសាធារណរដ្ឋស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ អាហ្វ្រិកកណ្ដាល លីបង់ ម៉ាលី ស៊ីរី សាយប្រឺស យេមែន និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ខណៈបច្ចុប្បន្ន នៅមានកងកម្លាំងកម្ពុជាកំពុងបំពេញបេសកកម្មនៅ៤ប្រទេស មានស៊ូដង់ខាងត្បូង លីបង់ អាហ្រ្វិកកណ្ដាល និងប្រទេសកុងហ្គោ ចំនួន៤៧៣នាក់៕





























































































































