FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីអបអរ​សាទរខួប​២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព​ និងសម្ពោធដាក់ឱ្យ​ប្រើប្រាស់សមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ

24-10-2026 06:57

(កំពង់ស្ពឺ)៖ ឆ្នាំ២០២៦នេះ មានរយៈពេល២០ឆ្នាំហើយ ដែលកម្ពុជា ពីប្រទេសហែកហួរ និងលំបាកវេទនាដោយភ្លើងសង្គ្រាម ទៅជាប្រទេស ដែលបានបញ្ជូនកងកម្លាំងចូលរួម​បំពេញបេសកកម្មរក្សាសន្តិភាពតាមបណ្តាប្រទេសនានា ជាមួយអង្គការសហប្រជាជាតិ។

នៅថ្ងៃសៅរ៍ ១៣កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦នេះ កម្ពុជា បានរៀបចំពិធីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំងនៃកង​យោធ​ពលខេមរភូមិន្ទចូលរួមចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព​ និងសម្ពោធដាក់ឱ្យ​ប្រើប្រាស់សមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ។ ពិធីនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រីកម្ពុជា និងមានការអញ្ជើញចូលរួមពីលោកស្រី វ្ល៉ាដាន់កា អានទ្រេវ៉ា អ្នកសម្រប​សម្រួល​អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា និងជាតំណាងរបស់អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ, មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ឯកអគ្គរាជទូត រដ្ឋទូត នៃបណ្តា​ប្រទេស​​ជាមិត្តប្រចាំនៅកម្ពុជា និងកងកម្លាំងនៃកងយោធពលខេមរភូមិន្ទជាច្រើនរូបផ្សេង​ទៀត។

ការចូលរួមរបស់កងកម្លាំងកងយោធពលខេមរភូមិន្ទ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោម​ឆ័ត្រ​អង្គការសហប្រជាជាតិ (អ.ស.ប) ស្របតាមសេចក្តី​សម្រេច​ខាងនយោបាយដ៏ត្រឹមត្រូវ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០០៥ ឆ្លើយតបទៅនឹងការអំពាវ​នាវ​របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ តាមរយៈលិខិតក្រសួងការបរទេស និងសហ​ប្រតិ​បត្តិ​ការអន្តរជាតិ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០០៥។

ការណ៍នេះ បានធ្វើឱ្យសម្តេចតេជោ ហ៊ុន សែន គឺជាតួអង្គគន្លឹះ ដែលបាន​សម្រេច​ចិត្ត​ក្នុង​ការបញ្ជូនកងទ័ព​កម្ពុជា​ចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្ររបស់​អង្គការ​សហ​ប្រជាជាតិ។ សម្តេចតេជោ ធ្លាប់បានបញ្ជាក់ថា ការសម្រេចចិត្តនេះ គឺជាការលំបាក និងជា​ការ​ទទួលខុសត្រូវដ៏ធំ ចំពោះមុខនៃសុខសុវត្ថិភាពរបស់កងកម្លាំងកម្ពុជា។

នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០០៦ កងអនុសេនាធំបោសសំអាតមីនលេខ១៣៥ ជាកងទី១ មាន​កម្លាំងចំនួន ១៣៥នាក់ ធ្លាប់មានបទពិសោធន៍ វិជ្ជាជីវៈច្បាស់លាស់ និងសេចក្តី​ក្លា​ហាន​មោះមុត បានចេញទៅបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆត្ររបស់អង្គការសហ​ប្រជា​ជាតិ នៅសាធារណរដ្ឋស៊ូដង់ ដែលជាជាបេសកកម្មលើកដំបូងក្នុង​ប្រវត្តិសាស្រ្ត​នៃ​ប្រទេសកម្ពុជា។

កងកម្លាំងកម្ពុជាបានចេញទៅបំពេញបេសកកម្មក្នុងនាមរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ មានឧបនិស្ស័យបែបមនុស្សធម៌ និងចម្រុះជាតិសាសន៍ ដើម្បីជួយសម្រាល​ទុក្ខ​វេទនារបស់ប្រជាជន និងប្រទេសនានា ដែលធ្លាប់ទទួលរងគ្រោះដោយសារសង្គ្រាម​ដូច​កម្ពុជា​ដែរ។ កម្ពុជាធ្លាប់ទទួលវត្តមានបេសកកម្ម UNTAC កាលពីឆ្នាំ១៩៩៣ បានក្លាយ​ជាប្រទេសបញ្ជូនកងទ័ពមួកខៀវ ចូលរួមបេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហ​ប្រជា​ជាតិនៅប្រទេសនានាដែលហែកហួរដោយសារសង្គ្រាម។

ក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះ កិត្យានុភាពកម្ពុជា ត្រូវបានលើកកម្ពស់ស្មើសិទ្ធិ ស្មើ​ភាព ក្នុងចំណោមប្រទេសបរិច្ចាគកងកម្លាំងនៅប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ លីបង់ សាយប្រឺស ស៊ីរី អាហ្វ្រិកកណ្ដាល ម៉ាលី យ៉េមែន តំបន់រដ្ឋបាលពិសេសអាប់យ៉េ និងកុងហ្គោ។

កម្លាំងមួកខៀវនៃកងយោធពលខេមរភូមិន្ទ បានបំពេញភារកិច្ច និងសហការ​យ៉ាងល្អ​ជា​មួយ​បណ្តាប្រទេសបរិច្ចាគកងកម្លាំង ក្នុងស្ថានការណ៍ដែលមានភាពស្មុគស្មាញ ហានិភ័យ​ខុសៗគ្នាក្នុងតំបន់បេសកកម្ម ទន្ទឹមនឹងការប្រឈមបង្កឡើងដោយតួអង្គរដ្ឋ និង​មិនមែន​រដ្ឋ​ទាំងប្រពៃណី និងមិនប្រពៃណី ការប្រឈមនឹងគ្រោះធម្មជាតិ ទឹកជំនន់ គ្រោះ​រាំងស្ងួត ជំងឺ​ឆ្លងរាតត្បាត ព្យុះខ្សាច់សាហារ៉ា។ល។ ហេតុនេះទាមទារ​ឱ្យកម្លាំងរក្សា​សន្តិ​ភាព​ទាំងអស់ កម្លាំង​ត្រៀមបម្រុង និងកំពុងបំពេញបេសកកម្ម ធ្វើនវានុវត្តន៍ជាប្រចាំក្នុង​ការកសាងគុណ​វុឌ្ឍិសមត្ថភាព ពិពិធកម្មចំណេះ ជំនាញ ទាំងផ្នែករឹង ទន់ ភាពធន់ យន្ត​ការឯករាជ្យម្ចាស់​ការ នៃប្រទេសបរិច្ចាគកងកម្លាំង ផ្លាស់ប្ដូរបទពិសោធន៍ប្រកបដោយ​សង្គ​តិ​​ភាព ក្នុងន័យ​ប្រសិទ្ធភាពការងារ ដើម្បីឆ្លើយតបទាន់ពេល និងចំគោលដៅបញ្ហាចាក់​ស្រេះ​ក្នុងតំបន់​បេស​កកម្ម។

ចាប់ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០២៦ បេសកកម្មទាំងអស់ បានបញ្ចប់ និងកំពុងដំណើរការ​មាន ១០ប្រទេសស្មើនឹង ១២បេសកកម្ម ស្មើនឹងចំនួន ៧៤កង និងនាយទាហានសេនា​ធិការ​/សង្កេតការណ៍ មានកម្លាំងសរុប ១០ ៧២៧នាក់ នារី ១ ០៥៣នាក់។

ក្នុងរយៈពេល២០ឆ្នាំនេះ កម្ពុជាបានពង្រីកជំនាញរបស់ខ្លួនរហូតដល់៩ជំនាញ រួមមាន៖ ជំនាញបោសសំអាតមីន អាវុធហត្ថ វិស្វកម្មសំណង់ផ្តេក-បញ្ឈរ វិស្វកម្មព្រលានយន្តហោះ មន្ទីរពេទ្យកម្រិត២ កម្ទេចគ្រាប់មិនទាន់ផ្ទុះ នាយទាហានសេនាធិការ និងសង្កេតការណ៍​យោធា។

បច្ចុប្បន្នមានកងទ័ពរក្សាសន្តិភាពកម្ពុជាចំនួន ៤៧៥នាក់ នារី៩៥នាក់ បាននិងកំពុង​បំពេញ​បេសកកម្មនៅ ៤ប្រទេស និង៥បេសកកម្ម រួមមាន៖ តំបន់រដ្ឋបាលពិសេសអាប៊ី (Abyei) ដែលជាតំបន់ជម្លោះរវាងស៊ូដង់ និងស៊ូដង់ខាងត្បូង, ស៊ូដង់ខាងត្បូង លីបង់, សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងអាហ្វ្រិកកណ្តាល លើជំនាញកម្ទេចគ្រាប់​មិន​ទាន់ផ្ទុះ អាវុធហត្ថ វិស្វកម្មពហុជំនាញ នាយទាហានសេនាធិការ និងសង្កេតការណ៍​យោធា។

កម្ពុជាបន្តឈរនៅលំដាប់ថ្នាក់លេខ២៤ ក្នុងចំណោមប្រទេសចំនួន១២០ ដែលរួម​ចំណែក​បញ្ជូនកងកម្លាំងចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងជាប់​ចំណាត់​ថ្នាក់លេខ៣ ក្នុងចំណោមបណ្តាប្រទេសអាស៊ាន បន្ទាប់ពីប្រទេសឥណ្ឌូនេស៊ី និង​ម៉ាឡេស៊ី។ ដោយឡែក សម្រាប់ការរួមចំណែកបញ្ជូនកងកម្លាំងស្ត្រី កម្ពុជាជាប់ចំណាត់​ថ្នាក់​លេខ១៣ ក្នុងចំណោមប្រទេសចំនួន១២០ និងជាប់ចំណាត់ថ្នាក់លេខ២ ក្នុងចំណោម​បណ្តាប្រទេសអាស៊ាន បន្ទាប់ពីប្រទេសឥណ្ឌូនេស៊ី។

ការបញ្ជូនកងកម្លាំងកម្ពុជាទៅចូលរួមបេសកកម្មរក្សាសន្តិភាព អ.ស.ប រយៈពេល២០ឆ្នាំ​នេះ បានបង្ហាញពីសមិទ្ធផលសំខាន់ៗមួយចំនួនគួរកត់សម្គាល់ ដូចខាងក្រោម៖

១៖ ការចូលរួមបេសកកម្មរក្សាសន្តិភាព គឺជាភារកិច្ចមួយដ៏ឧត្ដុង្គឧត្តមស្របតាមរដ្ឋ​ធម្ម​នុញ្ញ ដែល​រួមចំណែកធ្វើឱ្យពិភពលោកកោតស្ញប់ស្ញែង, កិត្យានុភាពរបស់កម្ពុជា ត្រូវ​បាន​លើក​កម្ពស់លើឆាកអន្តរជាតិ ទង់ជាតិកម្ពុជាត្រូវបានបង្ហូតយ៉ាងខ្ពស់ត្រដែត ស្មើមុខស្មើ​មាត់ ស្មើសិទ្ធិ ស្មើភាព ជាមួយបណ្តាប្រទេសដែលបានបរិច្ចាគកងកម្លាំងចូលរួម​ក្នុងបេស​កកម្មរក្សាសន្តិភាព អ.ស.ប។

២៖ ក្នុងឆ្នាំ២០២៦នេះ អង្គការសហប្រជាជាតិបានវាយតម្លៃថា កម្ពុជាជាប្រទេសជាប់​លំដាប់​លេខរៀងទី២៤ លើ១២០ ដែលបានបរិច្ចាគកងកម្លាំងចូលរួមបេសកកម្មរក្សា​សន្តិ​ភាព និងជាប់លេខ៣ ក្នុងសហគមន៍អាស៊ន ព្រមទាំងស្ថិតនៅលេខរៀងទី១៣/១២០ ជាប្រទេសបានបញ្ជូនកម្លាំងជានារីច្រើន និងលេខរៀងទី២ ក្នុងសហគមន៍អាស៊ាន។

៣៖ ចំពោះការបោសសំអាតមីន កម្ពុជានៅតែរក្សាបានលំដាប់ល្អលើឆាកអន្តរជាតិ ដោយ​ទទួលបានការវាយតម្លៃខ្ពស់ពីលោក អ៊ែរវេ ឡាដស៊ូស (Herves Ladsous) អគ្គលេខាធិការរង អ.ស.ប។

ទន្ទឹមនេះ លោក ម៉ូរីស ស្ត្រង (Mourie Strong) អតីតអគ្គលេខាធិការរង អ.ស.ប បាន​វាយ​តម្លៃថា កងបោសសំអាតមីនកម្ពុជានៅលីបង់ និងស៊ូដង់ ជាអង្គភាពដោះមីនមាន​បច្ចេក​​ទេស​ខ្ពស់ និងស្ទាត់ជំនាញ ប្រកបដោយសមត្ថភាពខ្ពស់ ហើយបានផ្តល់ចំណាត់​ថ្នាក់​ជាអង្គភាពគំរូល្អជាងគេ ព្រមទាំងបានជំរុញឱ្យបណ្តាប្រទេសផ្សេងៗ ក្នុងតំបន់បេស​ក​កម្ម​មកធ្វើទស្សនកិច្ចសិក្សា រៀនសូត្រ ដកបទពិសោធន៍ពីបច្ចេកទេសបោសសំអាតមីន​ពី​កង​កម្ពុជា ហើយប្រទេសមួយចំនួនក៏បានស្នើសុំបញ្ជូនកងកម្លាំងមករៀន​ជំនាញនេះ​ជា​មួយ​កម្ពុជា។

រាល់ស្នាដៃ និងសមិទ្ធផលទាំងនេះ គឺកើតចេញពីកម្លាំងមហាសាមគ្គីជាតិ-អន្តរជាតិ​របស់​យុទ្ធមិត្តក្នុងតំបន់បេសកកម្ម និងដោយសារការយកចិត្តទុកដាក់ដឹកនាំជាប់ជា​ប្រចាំ​របស់​ប្រមុខរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន ព្រមទាំងការដឹកនាំតម្រង់​ទិសជាប្រចាំពីគណៈកម្មាធិការជាតិ និងការគាំទ្រកិច្ចសហការយ៉ាងជិតស្និទ្ធ​ពីសំណាក់​ក្រសួង ស្ថាប័នពាក់ព័ន្ធ។

ទន្ទឹមនឹងការអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំងរក្សាសន្តិភាព ពិធីនាព្រឹកថ្ងៃ​នេះ ក៏រួមបញ្ចូលការសម្ពោធដាក់ឱ្យប្រើប្រាស់នូវសមិទ្ធផលមួយចំនួនមានដូចជា​សាល​ប្រជុំ អគារសិក្សា អគារស្នាក់នៅ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធនានា ដែលជាអំណោយ​របស់ សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្ដេចមហាធិបតី និងលោកជំទាវបណ្ឌិត។ ចំណាយថវិកាសរុបជិត ៣លានដុល្លារអាមេរិក។

ខាងក្រោមនេះ ជាព័ត៌មានពាក់ព័ន្ធនឹងសមិទ្ធផលដែលសម្ពោធ៖

១៖ អគារសាលប្រជុំតេជោសន្តិភាព៖ អគារនេះ ត្រូវបានសាងសង់ឡើងដោយអនុលោម​តាមរចនាបថខ្មែរ ដំបូលប្រក់ក្បឿងប្រភេទស្រការលិញផ្នែកខាងមុខ និងស័ង្កសីស៊ី​ប្រូស៊ី​ម៉ង់ មានបុស្បុកចំនួន៣ មានទំហំ ៤៥ម៉ែត្រ x ៥៤ម៉ែត្រ មានផ្ទៃក្រឡាសរុប ២,៩៥៥ម៉ែត្រក្រឡា អាចផ្ទុកចំណុះអ្នកចូលរួមចំនួន ៣៤៤នាក់ ព្រមទាំងមានបន្ទប់ប្រជុំតូច បន្ទប់រង់ចាំ បន្ទប់ទឹក បន្ទប់សម្អាង ឃ្លាំងដាក់សម្ភារៈ បន្ទប់កាមេរ៉ា បន្ទប់គ្រប់គ្រងសំឡេង និងបន្ទប់បកប្រែ ដែលបានចំណាយថវិកាចំនួន ១,២១៦,៣៧៥ដុល្លារ។

២៖ អគារសិក្សាតេជោសន្តិភាព៖ អគារនេះសាងសង់ឡើងដោយអនុលោមតាម រចនាបថ​ខ្មែរ ដំបូលប្រក់ក្បឿងប្រភេទស្រការលិញ មានទំហំ ១៧ម៉ែត្រ x ៤៧.៦ម៉ែត្រ មានផ្ទៃ​ក្រឡាសរុប ១,៦៩៦.៨ម៉ែត្រក្រឡា កម្ពស់១ជាន់ (ជាន់ផ្ទាល់ដី និងជាន់ទី១) មានបណ្ណា​ល័យ១ ថ្នាក់រៀនធំ១ ថ្នាក់រៀនតូច១២បន្ទប់ ការិយាល័យ៣ ឃ្លាំងសម្ភារៈ១ បន្ទប់ទឹក៤ ដែលបានចំណាយថវិកាចំនួន ៩១១,៩៩៨ដុល្លារ។

៣៖ អគារស្នាក់នៅតេជោសន្តិភាព៖ អគារនេះមានរចនាបថខ្មែរទំនើប ដំបូលប្រក់ក្បឿង​ប្រភេទស្រការលិញ មានទំហំ ១៧ម៉ែត្រ គុណ ៤៧.៦ម៉ែត្រ មានផ្ទៃក្រឡាសរុប ១,៦៩៦.៨ម៉ែត្រក្រឡា កម្ពស់១ជាន់ (ជាន់ផ្ទាល់ដី និងជាន់ទី១) មានបន្ទប់រង់ចាំ៣ បន្ទប់បោក​អ៊ុត១ និងបន្ទប់ស្នាក់នៅចំនួន៤០ ដែលបានចំណាយថវិកាចំនួន ៨៧១,៦២៧ដុល្លារ។

ទន្ទឹមនេះ មានការដាំស្មៅ តុបតែងសួនច្បារខាងមុខអគារទាំង៣ និងសាងសង់​ខ្លោងទ្វារថ្មី ជួសជុលរបង ស្ថាបនាផ្លូវ បេតុង និងក្រួសក្រហម រួមទាំងប្រព័ន្ធលូរំដោះទឹក និងចំណត​រថយន្ត៕