រដ្ឋលេខាធិការ ផូ ផារិទ្ធ ចុះពិនិត្យវាយតម្លៃលើការថែទាំខួបផ្លូវល្បាយគ្រួស ៣ខ្សែ និងការសាងសង់លូ នៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ
23-10-2026 21:57
(កំពង់ធំ)៖ លោក ផូ ផារិទ្ធ រដ្ឋលេខាធិការតំណាងលោកឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦នេះ បានដឹកនាំគណៈកម្មការអន្តរក្រសួងរួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះពិនិត្យ វាយតម្លៃលើការថែទាំខួបផ្លូវចំនួន ៣ខ្សែ ក្រាលល្បាយក្រួសប្រវែងសរុបជាង ១៨គីឡូម៉ែត្រ ទទឹង ៦ម៉ែត្រ សាងសង់លូមូលមុខមួយចំនួន ២៥កន្លែង និងលូមូលមុខពីរចំនួន ៤កន្លែង ស្ថិតក្នុងឃុំត្បែង ឃុំសានគរ និងឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ គម្រោងនេះអនុវត្តដោយនាយកដ្ឋានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ។
ថ្លែងនាឱកាសនោះលោករដ្ឋលេខាធិការ បានលើកឡើងថា នៅក្នុងអាណត្តិទី៧ នៃរដ្ឋសភានេះ រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយភាពវ៉ៃឆ្លាត និងប៉ិនប្រសព្វរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននិងកំពុងបន្តយកចិត្តទុក ដាក់ថែរក្សាសន្តិភាព និងស្ថិរភាពនយោបាយនៅក្នុងផ្ទៃប្រទេស ព្រមទាំងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម, ជាក់ស្តែងមកដល់ពេលនេះ រាជរដ្ឋាភិបាលបានបន្តអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធជាច្រើន ជាពិសេសហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ បានកំពុងកើតឡើងជាបន្តបន្ទាប់ ដើម្បីគាំទ្រដល់ជីវភាព និងការរស់នៅរបស់ប្រជាពលរដ្ឋ។
លោកបន្តថា ជុំវិញការងារស្ថាបនា ការស្តារ ការថែទាំ និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធនៅតាមជនបទ គឺជាការវិនិយោគដ៏ចាំ បាច់របស់រាជរដ្ឋាភិបាល ព្រោះការតភ្ជាប់បណ្តាញផ្លូវនៅតាមជនបទពិតជាមានសារៈសំខាន់ណាស់ ក្នុងនោះក្រៅពីការធ្វើដំណើរ ផ្លូវគឺជាសរសៃឈាមនៃសេដ្ឋកិច្ចដូចជា ការដឹកកសិផលទៅកាន់ទីផ្សារ រោងចក្រ ឧស្សាហកម្ម និងសហគ្រាស និងការប្រកបមុខរបរផ្សេងៗរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានជាដើម។
លោករដ្ឋលេខាធិការ ផូ ផារិទ្ធ ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ លើការងារថែទាំខួបផ្លូវខាងលើ ដែលអនុវត្តន៍ដោយនាយកដ្ឋានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ បានរក្សានូវគុណភាពផ្លូវល្អប្រសើរ សម្រាប់ការប្រើប្រាស់យូរអង្វែង និងក៏ជាការចូលរួមចំណែក ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជណ មានផ្លូវល្អ បរិស្ថានស្អាត ផ្តល់ការរស់នៅកាន់តែប្រសើរ និងជាផ្នែកមួយនៃការជំរុញដំណើរអន្តរកម្មផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ចនៅជនបទផងដែរ៕














