FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ថ្នាក់ដឹកនាំខេត្តសៀមរាប ក្រើនរំលឹកដល់គ្រប់ភាគីពាក់ព័ន្ធ ត្រូវពង្រឹងប្រព័ន្ធតាមដាន និងដោះស្រាយបញ្ហាប្រឈមប្រកបដោយប្រសិទ្ធភាព

23-10-2026 21:53

(សៀមរាប)៖ លោក សុខ ថុល អភិបាលរងខេត្តសៀមរាប បានក្រើនរំលឹកដល់មន្ទីរអង្គភាពពាក់ព័ន្ធ ត្រូវពង្រឹងប្រព័ន្ធតាមដាន និងវាយតម្លៃលទ្ធផលការងារ ដោយធានាឱ្យមានការប្រមូលទិន្នន័យ និងរៀបចំរបាយការណ៍ប្រកបដោយភាពត្រឹមត្រូវ ច្បាស់លាស់ និងទាន់ពេលវេលា។

ការថ្លែងយ៉ាងដូច្នេះរបស់លោក សុខ ថុល នៅក្នុងកិច្ចប្រជុំប្រចាំត្រីមាស ស្ដីពីការពិនិត្យវឌ្ឍនភាព នៃការអនុវត្តផែនការសកម្មភាព ផ.អ.៥ ឆ្នាំ២០២៦ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦នេះ ដោយមានការចូលរួមពីសំណាក់លោក លោកស្រីមន្ត្រីជំនាញមន្ទីរ អង្គភាពចូលរួមផងដែរ។

លោកក៏បានណែនាំបង្កើនការចុះត្រួតពិនិត្យជាក់ស្ដែង និងពង្រឹងការផ្លាស់ប្ដូរព័ត៌មានរវាងក្រុមការងារ ដើម្បីកំណត់ឱ្យបាននូវចំណុចខ្លាំង ចំណុចខ្សោយនិងបញ្ហាដែលត្រូវដោះស្រាយជាអាទិភាព។ ជាមួយគ្នានេះ សូមឱ្យមន្ទីរអង្គភាព និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវបន្តពង្រឹងកិច្ចសហការ បង្កើនការទទួលខុសត្រូវ និងជំរុញការអនុវត្តផែនការសកម្មភាពឱ្យកាន់តែមានប្រសិទ្ធភាព ប្រសិទ្ធផល និងសម្រេចបានតាមគោលដៅដែលបានគ្រោងទុក។

លោកបានបន្តថា ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន ដោយត្រូវមានផែនការការងារច្បាស់លាស់ កំណត់អាទិភាពសកម្មភាពសំខាន់ៗ និងពង្រឹងការសម្របសម្រួលរវាងស្ថាប័នពាក់ព័ន្ធ ដើម្បីធានាថាការអនុវត្តផែនការសកម្មភាព ផ.អ.៥ ប្រព្រឹត្តទៅដោយរលូន មានភាពស៊ីសង្វាក់គ្នា និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែង។

លោកបានបញ្ជាក់ថា សម្រាប់កិច្ចប្រជុំនាពេលនេះ គឺដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាព ផ.អ.៥ របស់បណ្ដាមន្ទីរអង្គភាពពាក់ព័ន្ធ និងរដ្ឋបាលក្រុងស្រុក ព្រមទាំងលើកនូវបញ្ហាប្រឈមមួយចំនួនមានចំណុចខ្វះខាតក្នុងការអនុវត្តកន្លងមក និងរកដំណោះស្រាយសមស្រប ដើម្បីកែលម្អការអនុវត្តការងារនៅក្នុងត្រីមាសបន្តបន្ទាប់ឱ្យកាន់តែមានភាពល្អប្រសើរ។

លោកបញ្ជាក់ថា ការរៀបចំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពជាប្រចាំត្រីមាស គឺជាយន្តការដ៏សំខាន់ក្នុងការតាមដានវាយតម្លៃ និងជំរុញការអនុវត្តផែនការសកម្មភាពឱ្យមានភាពច្បាស់លាស់ និងមានប្រសិទ្ធភាពនិងជាពិសេសការត្រួតពិនិត្យនេះមិនត្រឹមតែផ្ដោតលើលទ្ធផលដែលសម្រេចបានប៉ុណ្ណោះទេ ប៉ុន្តែត្រូវពិនិត្យឱ្យបានស៊ីជម្រៅលើបញ្ហាប្រឈម មូលហេតុនៃភាពយឺតយ៉ាវ និងស្វែងរកវិធានការដោះស្រាយឱ្យបានទាន់ពេលវេលា។

លោកអភិបាលរងខេត្ត ក៏បានសង្កត់ធ្ងន់ថា ការអនុវត្តផែនការសកម្មភាពឱ្យទទួលបានជោគជ័យ ទាមទារឱ្យមានការចូលរួមយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសការបង្កើនស្មារតីទទួលខុសត្រូវ ម្ចាស់ការក្នុងការងារ និងការសហការគ្នាឱ្យបានជិតស្និទ្ធ។ ក្នុងករណីមានបញ្ហាប្រឈម ឬឧបសគ្គក្នុងការអនុវត្ត ត្រូវរាយការណ៍ និងលើកយកមកពិភាក្សារួមគ្នា ដើម្បីស្វែងរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាព ជៀសវាងការបណ្ដែតបណ្ដោយឱ្យបញ្ហាអូសបន្លាយ ដែលអាចប៉ះពាល់ដល់វឌ្ឍនភាពការងារទាំងមូល។

ជាមួយនេះដែរ លោក សុខ ថុល ក៏សូមឱ្យអង្គភាពទទួលបន្ទុកនីមួយៗ បន្តពិនិត្យឡើងវិញនូវសកម្មភាពដែលមិនទាន់អនុវត្តបានតាមផែនការ ដោយត្រូវកំណត់វិធានការកែលម្អ កាលបរិច្ឆេទអនុវត្ត និងអ្នកទទួលខុសត្រូវឱ្យបានច្បាស់លាស់។ ចំពោះសកម្មភាពដែលសម្រេចបានលទ្ធផលល្អ ត្រូវបន្តពង្រឹង និងចែករំលែកបទពិសោធល្អៗ ដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការអនុវត្តការងារនៅគ្រប់កម្រិត៕