អភិបាលខេត្តព្រៃវែង ជួបសំណេះសំណាល និងប្រគល់អំណោយឧបត្ថម្ភដល់កីឡាករទូក «ង» និងកងកម្លាំងសមត្ថកិច្ច
23-10-2026 21:43
(ព្រៃវែង)៖ នៅរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦នេះ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង រួមជាមួយថ្នាក់ដឹកនាំខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល និងប្រគល់សម្ភារៈដែលជាអំណោយរបស់លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងលោកស្រី កែ សួនសុភី ជូនដល់កីឡាករទូក «ង» កងកម្លាំង និងអ្នកអនាម័យបរិស្ថាន ដែលបានចូលរួមក្នុងព្រឹត្តិការណ៍ប្រណាំងទូក «ង» ខេត្តព្រៃវែង ឆ្នាំ២០២៦ នៅតារាងបាល់ទះខេត្តព្រៃវែង។
អំណោយឧបត្ថម្ភទាំងនោះរួមមាន៖ សម្រាប់ទូកខ្នាតវែងចំនួន ២១ទូក ក្នុងមួយទូកទទួលបាន ថវិកាចំនួន ៥០០,០០០រៀល, អង្ករ២០០គីឡូក្រាម, ទឹកសុទ្ធ១០កេស, ភេសជ្ជៈ ៩កេស, មី១០កេសតូច,ត្រីខ១០យួរ, ទឹកត្រី២យួរ, ទឹកស៊ីអុីវ២យួរ, ពងទា១៥០គ្រាប់, អាវ និងមួកម្នាក់១កំប្លេរ។
សម្រាប់ទូកខ្នាតអន្តរជាតិចំនួន ៥៩ទូក ក្នុងមួយទូកទទួលបាន៖ ថវិកាចំនួន ២៥០,០០០រៀល, អង្ករ១០០គីឡូក្រាម, ទឹកសុទ្ធ ៥កេស, ភេសជ្ជៈ ៥កេស, មី ៥កេសតូច, ត្រីខ ៥យួរ, ទឹកត្រី ១យួរ,ទឹកស៊ីអុីវ ១យួរ, ពងទា ៩០គ្រាប់, អាវ និងមួក ម្នាក់១កំប្លេរ។
ឆ្លៀតក្នុងឱកាសនោះ លោកអភិបាលខេត្ត បានសំណូមពរដល់កីឡាករ ចំណុះទូកទាំងអស់ សូមយកចិត្តទុកដាក់គោរពតាមបទបញ្ជាផ្ទៃក្នុងរបស់គណៈកម្មការ ដើម្បីចូលរួមចំណែកធ្វើឲ្យពិធីប្រណាំងទូក ទទួលបានជោគជ័យ ភាពថ្លៃថ្នូរ និងថែរក្សាបាននូវប្រពៃណីរបស់ជាតិ។ ជាមួយគ្នានេះ លោកក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុន អាជីវករ និងសប្បុរសជនទាំងអស់ ដែលបានសហការជួយឧបត្ថម្ភគាំទ្រទាំងសម្ភារៈ និងថវិកាដល់រដ្ឋបាលខេត្តព្រៃវែង ក្នុងការរៀបចំពិធីប្រណាំងទូក «ង» នាពេលនេះ៕


















