កាកបាទក្រហមកម្ពុជា ផ្តល់អំណោយមនុស្សធម៌ជូនពលរដ្ឋងាយរងគ្រោះ និងរងផលប៉ះពាល់ដោយទឹកជំនន់ ចំនួន៨៨៣គ្រួសារ ក្នុងខេត្តស្ទឹងត្រែង
23-10-2026 21:41
(ស្ទឹងត្រែង)៖ ដោយមានការយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋងាយរងគ្រោះ និងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់តំណាងនាំយកអំណោយមនុស្សធម៌ជាស្បៀងអាហារ និងសម្ភារៈចាំបាច់ ចែកជូនប្រជាពលរដ្ឋចំនួន ៨៨៣គ្រួសារ ក្នុងខេត្តស្ទឹងត្រែង តាមសំណើរបស់សាខាកាកបាទក្រហមកម្ពុជាខេត្ត។
ពិធីចែកអំណោយមនុស្សធម៌នេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព លោក យូ ឡាណា អគ្គលេខាធិការរងទី២ តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោក សរ សុពុត្រា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាគណៈកម្មាធិការសាខា អនុសាខា ក្រុមប្រតិបត្តិសាខា មន្ត្រីថ្នាក់កណ្តាល អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា ជាច្រើនរូប។
ការផ្តល់អំណោយមនុស្សធម៌នេះ បានធ្វើឡើងនៅទីតាំងចំនួន២ ដោយទីតាំងទី១ នៅសាលាបឋមសិក្សាឬទ្ធីសែនជ័យ ស្ថិតក្នុងឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ សម្រាប់ប្រជាពលរដ្ឋ ចំនួន៣០០គ្រួសារ ក្នុងនោះស្រុកបុរីអូរស្វាយសែនជ័យចំនួន ១១៣គ្រួសារ និងស្រុកសៀមប៉ាងចំនួន ១៨៧គ្រួសារ។ ចំណែកទីតាំងទី២ នៅសាលាបឋមសិក្សាស្ទឹងត្រែងក្រុង ស្ថិតក្នុងសង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង សម្រាប់ប្រជាពលរដ្ឋចំនួន ៥៨៣គ្រួសារ រួមមាន ស្រុកថាឡាបរិវ៉ាត់ចំនួន ១៥៨គ្រួសារ ស្រុកសេសានចំនួន ១៤០គ្រួសារ ស្រុកសៀមបូកចំនួន ១៥៣គ្រួសារ និងក្រុងស្ទឹងត្រែងចំនួន ១៣២គ្រួសារ។
អំណោយដែលកាកបាទក្រហមកម្ពុជាផ្តល់ជូនប្រជាពលរដ្ឋទាំង ៨៨៣គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករចំនួន ៣០គីឡូក្រាម មីចំនួន ១កេស ត្រីខចំនួន ១០កំប៉ុង ទឹកត្រីចំនួន ១យួរ និងឃីតសម្ភារៈប្រើប្រាស់ចាំបាច់មួយឃីត ដែលមានសារុង ក្រមា មុង និងភួយ ដើម្បីជួយសម្រួលដល់តម្រូវការប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាក។
ទន្ទឹមនឹងនេះ ក្រុមការងារក៏បានផ្តល់សម្ភារៈអនាម័យដល់សាលារៀនចំនួន២កន្លែង ដោយក្នុងមួយកន្លែងទទួលបានសាប៊ូលាងដៃចំនួន ២កេស និងម្សៅសាប៊ូចំនួន ២កេស ដើម្បីចូលរួមលើកកម្ពស់អនាម័យ និងសុខភាពក្នុងបរិស្ថានសិក្សា។
ដោយឡែក ក្នុងឱកាសនោះ ក្រុមការងារក៏បាននាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួន ប្រគេនព្រះសង្ឃ និងចែកជូនយាយជី តាជី នៅវត្តចំនួន២ រួមមាន វត្តរដ្ឋជ័យធម្មារាម ហៅវត្តដួងក្រចែម ស្ថិតក្នុងឃុំអូរស្វាយ និងវត្តរុក្ខាសិលារាមព្រៃចាស់ ស្ថិតក្នុងសង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ដើម្បីចូលរួមគាំទ្រដល់ជីវភាព និងសកម្មភាពសាសនានៅក្នុងមូលដ្ឋានផងដែរ។
សកម្មភាពមនុស្សធម៌នេះ បានបង្ហាញពីការយកចិត្តទុកដាក់របស់កាកបាទក្រហមកម្ពុជា ក្នុងការចូលរួមជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋងាយរងគ្រោះ និងអ្នកដែលរងផលប៉ះពាល់ដោយគ្រោះធម្មជាតិ ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ប្រឈមមុខនឹងការលំបាកដោយឯកោឡើយ។ ជំនួយទាំងនេះមិនត្រឹមតែជាការផ្តល់ស្បៀង និងសម្ភារៈចាំបាច់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការផ្តល់កម្លាំងចិត្ត និងបង្ហាញពីស្មារតីសាមគ្គីភាព ការចែករំលែក និងវប្បធម៌ជួយគ្នាក្នុងគ្រាលំបាករបស់សង្គមកម្ពុជាផងដែរ៕





















