FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់វាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាល្លឺម៉ង់ និងកម្ពុជា

23-10-2026 21:37

(ភ្នំពេញ)៖ រសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី Silke Röfer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់​ប្រចាំ​កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ក្នុងជំនួបនេះ លោកស្រីឯកអគ្គរដ្ឋទូត បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ និងថ្លែង​អំណរ​គុណចំពោះការបដិសណ្ឋារកិច្ច និងការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់​ប្រជា​ពលរដ្ឋ និងរាជរដ្ឋាភិបាលកម្ពុជា។

លោកស្រី បានសម្ដែងការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ​កន្លងមករវាងប្រទេសទាំងពីរ ដោយបានគូសបញ្ជាក់ថា ឆ្នាំ២០២៧ខាងមុខ គឺជាខួប​លើក​ទី៦០ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-អាល្លឺម៉ង់ និងបានស្វាគមន៍ចំពោះសកម្ម​ភាព​នានា ​ដើម្បីអបអរសាទរព្រឹត្តិការណ៍ដ៏សំខាន់នេះ។

ក្នុងនោះ លោកស្រីឯកអគ្គរដ្ឋទូត ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ​ដ៏ល្អ​រវាង​អាល្លឺម៉ង់ និងកម្ពុជា ជាពិសេសលើសកម្មភាពបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។ លោកស្រី ក៏បានគូសបញ្ជាក់អំពីចំណាប់អារម្មណ៍របស់វិស័យឯកជនអាល្លឺម៉ង់​ ក្នុងស្វែង​រក​ឱកាសវិនិយោគក្នុងវិស័យសុខាភិបាលនៅកម្ពុជា ព្រមទាំងបង្ហាញបំណងពង្រឹងការភ្ជាប់​ទំនាក់​ទំនងរវាងវិស័យឯកជន និងវិស័យឯកជន (B2B) ដែលឆ្លុះបញ្ចាំងពីការរីកចម្រើន​នៃវិស័យ​ធុរកិច្ច​រវាងប្រទេសទាំងពីរ។

ជាការឆ្លើយតប សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែទ បានអបអរសាទរចំពោះលោកស្រី ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា។ សម្តេចមហាបវរ​ធិបតី បាន​ជម្រាបជូនលោកស្រីថា កម្ពុជាធ្លាប់ជាប្រទេសរងគ្រោះដោយសា​រសង្គ្រាម​ស៊ី​វិល​រ៉ាំរ៉ៃ និងធ្លាប់ជាប្រទេសទទួលជំនួយពីកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ ប៉ុន្តែ​បច្ចុប្បន្នកម្ពុជា បានប្រែក្លាយខ្លួនជាប្រទេសដែលមានលទ្ធភាពបញ្ជូនកងកម្លាំង​បោស​សម្អាត​មីន និងកងទ័ពមួកខៀវ​ ចូលរួមបេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជា​ជាតិ​នៅតាមបណ្តាប្រទេសនានា។

បន្ថែមលើនេះ សម្តេចមហាបវរធិបតី បានគូសបញ្ជាក់ថា កម្ពុជា-អាល្លឺម៉ង់ មានកាលា​នុវត្ត​ភាព​នៃការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន។ ក្នុងនោះប្រទេស​ទាំង​ពីរ​អាចបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍធនធានមនុស្ស, ពាណិជ្ជកម្ម, ទេសច​រណ៍ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។ ក្នុងវិស័យវិនិយោគ សម្តេចធិបតីបាន​គូស​ជម្រាប​ជូនលោកស្រីថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយ​លើកទឹក​ចិត្ត ដើម្បីទាក់ទាញការវិនិយោគពីបរទេស។ កម្ពុជាបានត្រៀមខ្លួនជាស្រេច​ និង​ស្វាគមន៍​វិស័យ​ឯកជនអាល្លឺម៉ង់ ខណៈដែលកម្ពុជាកំពុងផ្លាស់ប្តូរពីសេដ្ឋកិច្ចពឹងផ្អែកលើការផលិត​កម្ម​កម្រិតមូលដ្ឋាន ទៅកាន់វិស័យជឿនលឿន ដូចជាឧស្សាហកម្មយានយន្ត និងបច្ចេកវិទ្យា​ទំនើបកម្រិតខ្ពស់។

សម្តេចមហាបវរធិបតី និងលោកស្រីឯកអគ្គរដ្ឋទូត បានពិភាក្សាអំពីការពង្រឹង និងពង្រីកកិច្ច​សហប្រតិបត្តិការលើវិស័យសន្តិសុខ ការពារជាតិ និងការចែករំលែកព័ត៌មាន ដើម្បីប្រយុទ្ធ​ប្រឆាំង​នឹងការគំរាមកំហែងតាមប្រព័ន្ធបច្ចេកវិទ្យា ជាពិសេសបទល្មើសឆបោក​តាមប្រព័ន្ធ​បច្ចេកវិទ្យា និងបទល្មើសបច្ចេកវិទ្យា។ សម្តេចមហាបវរធិបតី បានលើកទឹកចិត្តឱ្យ​លោកស្រី បន្តកិច្ចសហការជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធកម្ពុជា ដើម្បីពិនិត្យលទ្ធភាពង្រឹង​ និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសក្តានុពលផ្សេងៗទៀត៕