ក្រសួងរ៉ែ បង្ហាញបច្ចុប្បន្នភាពនៃការបង្ក្រាបអាជីវកម្មរ៉ែមាសអនាធិបតេយ្យ នៅតំបន់មេសំ ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី
23-10-2026 21:13
(ភ្នំពេញ)៖ ក្រសួងរ៉ែ និងថាមពល តាមរយៈសេចក្ដីប្រកាសព័ត៌មាន នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦នេះ បានបង្ហាញអំពីបច្ចុប្បន្នភាព នៃការបន្តចាត់វិធានការបង្ក្រាបសកម្មភាពធ្វើអាជីវកម្មរ៉ែមាសអនាធិបតេយ្យស្ថិតនៅក្នុងភូមិសាស្ដ្រ តំបន់មេសំ ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
ក្រសួងបានបញ្ជាក់ថា ការបើកប្រតិបត្តិការបង្ក្រាបទ្រង់ទ្រាយធំចុងក្រោយ បានចាប់ផ្តើមអនុវត្តកាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលមានមន្ទីររ៉ែ និងថាមពលខេត្តមណ្ឌលគិរី ជាសេនាធិការ ដោយមានកិច្ចសហការជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី ក្រោមកិច្ចសម្របសម្រួលរបស់ ស្ថាប័នអយ្យការខេត្តមណ្ឌលគិរី ដែលករណីនេះ តុលាការបាននិងកំពុងបន្តនីតិវីធីច្បាប់ចំពោះជនល្មើស ដែលមិនរាងចាល និងមេខ្លោងមួយចំនួន។
បច្ចុប្បន្ន ក្រសួងរ៉ែ និងថាមពល បានសហការជាមួយក្រុមហ៊ុនដែលបានទទួលអាជ្ញាបណ្ណអាជីវកម្ម រ៉ែមាសស្របច្បាប់ក្នុងការជួយប្រមូលកាកសំណល់រ៉ែ ដែលមានសារធាតុគីមីបន្សល់ទុកពីការធ្វើអាជីវកម្ម រ៉ែមាសអនាធិបតេយ្យយកទៅទុកដាក់នៅទីតាំងមានសុវត្ថិភាពតាមលក្ខណៈបច្ចេកទេស ដើម្បីធ្វើការបន្សាបសារធាតុគីមីទាំងនោះ ការពារការជ្រាបចូលប្រភពទឹកលើដី និងក្រោមដីដែលអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ បរិស្ថាន និងសង្គម។
ជាមួយគ្នានេះ ក្នុងជំហានដំបូងក្រុមហ៊ុនបានផ្តល់ការងារជូនប្រជាពលរដ្ឋក្នុងតំបន់នោះ ប្រមាណ១០០នាក់ ដើម្បីបំពេញការងារនៅក្នុងការដ្ឋានរ៉ែស្របច្បាប់រួចមកហើយ។ ប៉ុន្តែក្នុងពេលថ្មីៗនេះ មានក្រុមអ្នកធ្វើសកម្មភាពជីករ៉ែអនាធិបតេយ្យមួយចំនួនបានធ្វើការតវ៉ា និងផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គម ដោយលើកឡើងថា ការមិនអនុញ្ញាតឱ្យបន្តសកម្មភាពជីករ៉ែអនាធិបតេយ្យ និងការអនុវត្តវិធានការសម្អាតកាកសំណល់រ៉ែរបស់ក្រសួង បានជះឥទ្ធិពលដល់ជីវភាពរស់នៅរបស់ពួកគាត់។
ទោះបីជាយ៉ាងណា ការលើកឡើងនេះមិនបានឆ្លុះបញ្ចាំងឱ្យបានពេញលេញអំពីស្ថានភាពជាក់ស្ដែងនោះទេ ដោយក្រសួងរ៉ែ និងថាមពលកំពុងបន្តខិតខំប្រឹងប្រែងក្នុងការស្តារ និងសម្អាតបរិស្ថាន ព្រមទាំងស្ដារស្ថានភាពសង្គមនៅតំបន់នោះ ដើម្បីការពារសុខភាពសាធារណៈ និងលើកកម្ពស់សុខមាលភាពរបស់ ប្រជាពលរដ្ឋក្នុងតំបន់។
ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងរ៉ែ និងថាមពល៖









