FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទំនប់វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ គ្រោងនឹងបញ្ចប់ការសាងសង់រួចរាល់នៅចុងឆ្នាំនេះ (Video inside)

23-10-2026 20:22

(ពោធិ៍សាត់)៖ លោក ហុង ស៊ូយ៉ុង នាយកគ្រប់គ្រងទំនប់វារីអគ្គិសនីស្ទឹងពោធិ៍សាត់ទី១ បានបញ្ជាក់ថាគម្រោងទំនប់វារីអគ្គិសនីដែលចំណាយទុនជាង២០០លានដុល្លារ គ្រោងនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ និងអាចដាក់ឱ្យដំណើរការជាផ្លូវការតែម្ដង។

ការថ្លែងបែបនេះរបស់លោក បានធ្វើឡើងក្នុងដំណើរបេសកកម្មផលិតនិងផ្សព្វផ្សាយព័ត៌មានពីតំបន់ទេសចរណ៍ធម្មជាតិ និងការអភិវឌ្ឍក្នុងខេត្តពោធិ៍សាត់។ បេសកកម្មនេះដឹកនាំដោយលោក ពុយ គា ប្រធានក្លិនអ្នកកាសែតកម្ពុជា និងមានការអញ្ជើញចូលរួមពី លោក ពៅ ពិសិដ្ឋ អភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់ តំណាងលោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់។

គួរជម្រាបថា គម្រោងទំនប់វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ គឺជាគម្រោងដ៏សំខាន់មួយដែលមានទីតាំងស្ថិតនៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ គម្រោងនេះត្រូវបានរាជរដ្ឋាភិបាលកម្ពុជាផ្តល់សិទ្ធិវិនិយោគដល់ក្រុមហ៊ុន SPHP (Cambodia) Co., Ltd. កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៩។

ការសាងសង់ជាក់ស្តែងបានចាប់ផ្តើមនៅខែកុម្ភៈ ឆ្នាំ២០២២ ហើយគិតត្រឹមខែតុលា ឆ្នាំ២០២៦ ការសាងសង់សម្រេចបានប្រមាណ ៩០ភាគរយ។ ទំនប់វារីអគ្គិសនីនេះមានអានុភាព ៨០មេហ្គាវ៉ាត់ ហើយត្រូវបានគ្រោងនឹងដាក់ឱ្យដំណើរការនៅក្នុងឆ្នាំ២០២៦។

កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ គម្រោងនេះបានឈានដល់ដំណាក់កាលបិទទ្វារទឹកជាផ្លូវការ ដើម្បីចាប់ផ្តើមដំណើរការស្តុកទឹកចូលក្នុងអាង។ នេះជាជំហានដ៏ចាំបាច់មុននឹងឈានទៅដល់ការដាក់ឱ្យដំណើរការម៉ាស៊ីនផលិតថាមពលអគ្គិសនីស្អាត។ គម្រោងនេះមិនត្រឹមតែផ្តល់ប្រភពថាមពលស្អាត និងមានតម្លៃសមរម្យប៉ុណ្ណោះទេ ប៉ុន្តែក៏មានផលប្រយោជន៍ពហុវិស័យផងដែរ។

ទំនប់នេះអាចកាត់បន្ថយហានិភ័យនៃជំនន់ទឹកភ្លៀងក្នុងក្រុងពោធិ៍សាត់យ៉ាងមានប្រសិទ្ធភាព ដោយអាចផ្ទុកទឹកបាន ១៥០០លានម៉ែត្រគីប។ លើសពីនេះ វាក៏បង្កើនសក្តានុពលស្រោចស្រពផ្ទៃដីកសិកម្មប្រមាណជាង ២០ម៉ឺនហិកតា ក្នុងរដូវប្រាំង (បន្ទាប់ពីបញ្ចប់គម្រោងទំនប់ស្ទាក់ទឹកទី២ ស្ទឹងអារ៉ៃ) បង្កើតជាគោលដៅទេសចរណ៍បែបធម្មជាតិថ្មី និងបង្កើតទីផ្សារការងារក្នុងតំបន់។ ទំនប់វារីអគ្គិសនីស្ទឹងពោធិ៍សាត់ទី១ គឺជាគម្រោងវារីអគ្គិសនីទី២ របស់ខេត្តពោធិ៍សាត់ បន្ទាប់ពីវារីអគ្គិសនីស្ទឹងអាតៃ ដែលមានអានុភាព ១២០មេហ្គាវ៉ាត់ ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការតាំងពីឆ្នាំ២០១៥៕