FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តុលាការខេត្តរតនគិរី ចេញដីកាបង្គាប់ឲ្យថៅកែហាងប្ដូរលុយ «ហេង សម្បត្តិ» ចូលបំភ្លឺករណី «ឈូសឆាយដីព្រៃ ដើម្បីយកដីធ្វើកម្មសិទ្ធិ និង ប្រឆាំងនឹងអ្នករាជការសាធារណៈ»

23-10-2026 17:28

(រតនគិរី)៖ ចៅក្រមសាលាដំបូងខេត្តរតនគិរី បានចេញដីកាបង្គាប់ឲ្យថៅកែហាងប្ដូរលុយ «ហេង សម្បត្តិ» ចូលបំភ្លឺពាក់ព័ន្ធករណីឈូសឆាយដីព្រៃ ដើម្បីយកធ្វើជាកម្មសិទ្ធិ និងប្រឆាំងអ្នករាជការសាធារណៈ តែលោកមិនបានចូល តាមការកំណត់នោះឡើយ ដោយស្នើសុំពន្យារពេលតាមរយៈមេធាវីរបស់ខ្លួន។

សូមបញ្ជាក់ថា លោក ទី សុខសុវណ្ណ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តរតនគិរី កាលពីដើមខែកញ្ញា ឆ្នាំ២០២៦ បានចេញដីកាបង្គាប់ឲ្យលោក តាំង ស៊ុនលី អាយុ៤២ឆ្នាំ មុខរបរបើកហាងប្ដូរប្រាក់ ទីលំនៅបច្ចុប្បន្ននៅភូមិ១ ឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរី ចូលបំភ្លឺនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦។

តាមដីការបស់តុលាការ លោក តាំង ស៊ុនលី ត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ «កាប់គាស់ ឆ្ការដុត ឈូសឆាយដីព្រៃ ដើម្បីយកដីធ្វើកម្មសិទ្ធិ» និងបទ «ប្រឆាំងនឹងអ្នករាជការសាធារណៈ» ប្រព្រឹត្តនៅភ្នំក្រឡា ក្នុងភូមិសាស្ត្រភូមិកែងសាន់ ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ ជាបទល្មើសព្រហ្មទណ្ឌ ដែលមានចែងឲ្យផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា៨៥១ ចំណុច ច នៃក្រមបរិស្ថាន និងធនធានធម្មជាតិ និងមាត្រា៥០៣ នៃក្រមព្រហ្មទណ្ឌ៕