FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឱកាសការងារជិត ៣ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET រៀនមិនគិតថ្លៃ ត្រូវបានផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋាន ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់

23-10-2026 17:13

(ពោធិ៍សាត់)៖ ឱកាសការងារចំនួន ២ ៨០០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនប្រជាពលរដ្ឋដល់មូលដ្ឋាន នៅបរិវេណសាលាស្រុកវាលវែង ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២៦ ដែលមានអ្នកចូលរួមជាង ៥០០នាក់ ជាពិសេសអតីតពលករមកពីប្រទេសថៃ និងយុវជនកំពុងរកការងារធ្វើ។

ថ្លែងក្នុងវេទិកាការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមប្រធានបទ៖ ​«ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យ​ខ្មែរ» លោក ចាប ប្ញទ្ធី រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកំពុងខិតខំកៀរគរអ្នកវិនិយោគមកបណ្តាក់ទុននៅកម្ពុជា ដើម្បីបង្កើតការងារផ្តល់ប្រាក់ចំណូលជូនប្រជាជន។ បច្ចុប្បន្នមានឱកាសការងារជិត ៩ម៉ឺនកន្លែងនៅទូទាំងប្រទេស។ នាពេលនេះ ក្រសួងបាននាំយកឱកាសការងារជិត ៣ពាន់កន្លែងមកផ្សព្វ​ផ្សាយដល់មូលដ្ឋាន ដើម្បីបងប្អូនអាចចុះឈ្មោះសម្ភាសន៍ និងទទួលបានការងារភ្លាមៗ។

លោកបានលើកឡើងថា ការងារក្នុងស្រុកទាំងនេះ គឺជាឱកាសដ៏មានតម្លៃសម្រាប់បងប្អូនកសាងជីវភាពរស់នៅក្នុងស្រុក ដែលរួមចំណែកដោយផ្ទាល់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ការងារចំណាកស្រុកប្រឈមនឹងហានិភ័យជាច្រើន ដូចជា៖ បញ្ហាសុវត្ថិភាព ការកេងប្រវ័ញ្ចកម្លាំងពលកម្ម ខ្វះការគាំពារសុខភាព ការរើសអើង និងមិនអាចរស់នៅជួបជុំក្រុមគ្រួសារ ជាពិសេសបន្ទាប់ពីមានសង្រ្គាមឈ្លានពានទឹកដី។ រីឯ ការងារក្នុងស្រុក ក្រៅពីប្រាក់ឈ្នួលសមរម្យ ក៏ទទួលបានអត្ថប្រយោជន៍ជាច្រើន ជាពិសេស ប.ស.ស រួមមាន៖ ផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកសោធ ព្រមទាំងផ្តល់សុភមង្គលក្នុងគ្រួសារផងដែរ។ ប្រសិនបើ បងប្អូនចង់ទៅធ្វើការនៅក្រៅប្រទេស ឯកឧត្តមបានលើកទឹកចិត្តឱ្យចុះឈ្មោះជាមួយនឹងក្រុមហ៊ុនស្របច្បាប់ ដែលផ្តល់ប្រាក់ខែ និងមានសុ​វត្ថិភាពខ្ពស់ជាងនៅប្រទេសថៃ។

ទន្ទឹមនឹងនេះ បងប្អូនក៏អាចទទួលបានការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ តាមរយៈកម្មវិធី TVET ១,៥លាន ដោយឥតគិតថ្លៃ ជាមួយនឹងជម្រើសពេលសិក្សាជាច្រើន ដូចជា៖ ផ្នែកសំណង់ ជួសជុលគ្រឿងម៉ាស៊ីន គ្រឿងអគ្គិសនី បរិក្ខារត្រជាក់ ដុតនំ ឆុងកាហ្វេ និងផ្នែកសាឡនជាដើម។ គ្រួសារក្រីក្រ ឬងាយរងហានិភ័យ រៀនហើយថែមទាំងទទួលបានប្រាក់ឧបត្ថម្ភទៀត ព្រមទាំងអាចបង្កើតមុខរបរដោយខ្លួនឯង ឬរកការងារធ្វើជាមួយប្រាក់ខែខ្ពស់ជាងមុន។ ចំពោះព័ត៌មានបន្ថែម សូមបងប្អូនទាក់ទងលេខ Hotline ១២៩៧ សម្រាប់ព័ត៌មានពីឱកាសការងារ ឬរៀនជំនាញវិជ្ជាជីវៈ និងលេខ ១២៨៦ សម្រាប់ផ្នែក ប.ស.ស. ដែលលេខទាំងនេះអាចជួយផ្លាស់ប្តូរអនាគតរបស់បងប្អូនបាន៕