ឧត្តមសេនីយ៍ឯក លឹម តុងហួត សំណូមពរអ្នកសម្របសម្រួលកម្មវិធីកម្សាន្តសប្បាយក្នុងឱកាសពិធីបុណ្យអុំទូកតាមបណ្ដាខេត្ត ជួយបញ្ជ្រាបខ្លឹមសារអប់រំពីបញ្ហាគ្រឿងញៀន និងកម្មវិធីទូរសព្ទដៃ NoDrug
23-10-2026 17:07
(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈសំណូមពរបែបនេះ ក្នុងឱកាសដែលតាមបណ្ដាខេត្តនានាមានរៀបចំកម្មវិធីបុណ្យអុំទូក បណ្ដែតប្រទីប ប្រចាំខេត្តមួយចំនួនដើម្បីកំសាន្តសប្បាយនិងរំលឹកប្រពៃណីដ៏ផូរផង់របស់ខ្មែរតាំងពីយូរលង់។
ក្នុងនាមឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឧត្តមសេនីយ៍ឯក លឹម តុងហួត ក៏បានពាំនាំនៅប្រសាសន៍ផ្ដាំផ្ញើរបស់ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រីប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្លែងអំណរគុណ កោតសរសើរ ដល់គ្រប់សមាសភាពទាំងក្រសួង ស្ថាប័នក៏ ដូចជារាជធានីខេត្ត ដៃគូ វិស័យឯកជននានាដែលតែងតែចូលរួមធ្វើការផ្សព្វផ្សាយ បញ្ជ្រាបខ្លឹមសារអប់រំពីបញ្ហាគ្រឿងញៀនក៏ដូចជាអត្ថប្រយោជន៍កម្មវិធីទូរសព្ទដៃ NoDrugនៅក្នុងកម្មវិធីកម្សាន្តសប្បាយនានាដែលរៀបចំដោយរាជធានី ខេត្ត។
ឧត្តមសេនីយ៍ឯក លឹម តុងហួត បានថ្លែងបបន្ថែមថា កាលណាយើងនាំគ្នានិយាយឲ្យបានទូលំទូលាយពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀនក៏ដូចជាអត្ថប្រយោជន៍នៃការប្រើប្រាស់ទូរសព្ទដៃNoDrug បានកាន់តែច្រើននោះប្រជាពលរដ្ឋ នឹងប្រើប្រាស់កម្មវិធីនេះបានកាន់តែច្រើននោះទីផ្សារគ្រឿងញៀននឹងរួមតូចឈានទៅលុបបំបាត់ ហើយយុវវ័យនឹងអាចចៀសផុតបានពីបញ្ហាគ្រឿងញៀន ក៏ដូចជាការប្រើប្រាស់នៅបារីអេឡិចត្រូនិក ដែលនាំឲ្យប៉ះពាល់ទៅដល់សុខភាពរាងកាយ សួត និងការរីកលូតលាស់នៃខួរក្បាលបង្អាក់ដំណើរឆ្ពោះទៅភាពរុងរឿងរបស់យុវវ័យ ហើយក៏អាចក្លាយជាបន្ទុកសម្រាប់សង្គមជាតិផងដែរ។
ចូលរួមទាំងអស់គ្នាដើម្បីជីវិតនិងសហគមន៍យើងគ្មានគ្រឿងញៀន! រួមគ្នាអប់រំបង្ការដើម្បីឈានទៅកាត់ផ្ដាច់ឬសគល់នៃបញ្ហាគ្រឿងញៀន! ទូកទៅមុខពឹងច្រវ៉ា អនាគតយុវវ័យស្រស់ថ្លាមិនពឹងគ្រឿងញៀន!







