FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាជ្ញាធរ បំភ្លឺករណីផ្លូវ «ឈុន គង់» ស្ថិតលើដីឯកជន និងប្រកាសផ្អាកប្រើប្រាស់បណ្ដោះអាសន្នដើម្បីជួសជុល

23-10-2026 16:44

(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌដង្កោ សូមជម្រាបជូនសាធារណមតិ និងបងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គមជ្រាបថា រយៈពេលប៉ុន្មានថ្ងៃមកនេះ មានការផ្សព្វផ្សាយព័ត៌មានជាបន្តបន្ទាប់ ពាក់ព័ន្ធនឹងការលើកឡើងថា អាជ្ញាធរមិនយកចិត្តទុកដាក់ធ្វើផ្លូវ និងគ្មានសមត្ថភាពធ្វើការ នៅលើផ្លូវ «ឈុន គង់» ភ្ជាប់មកផ្លូវបេតុងភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ។

រដ្ឋបាលខណ្ឌ សូមបញ្ជាក់ជូនថា ផ្លូវដែលបងប្អូនកំពុងធ្វើដំណើររាល់ថ្ងៃនេះ គឺស្ថិតលើដីកម្មសិទ្ធិឯកជននៅឡើយ។ ទោះជាយ៉ាងណាក៏ដោយ អាជ្ញាធរបានខិតខំសម្រុះសម្រួលជាមួយម្ចាស់ក្បាលដី ហើយពួកគាត់មាន ការយោគយល់ និងយល់ព្រមឱ្យអាជ្ញាធរត្រួសត្រាយជួសជុលផ្លូវប្រើប្រាស់បណ្តោះអាសន្ន បើទោះបីមិនទាន់បានដោះស្រាយផលប៉ះពាល់នៅឡើយក៏ដោយ។ បច្ចុប្បន្ន រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំពុងដោះស្រាយយ៉ាងសស្រាក់សស្រាំ ដើម្បីស្ថាបនាតភ្ជាប់ពីផ្លូវ «ឈុន គង់» រហូតមកដល់ផ្លូវលេខ២១៧ (ផ្លូវជើងឯក)។

ចាប់ពីថ្ងៃនេះតទៅ អាជ្ញាធរនឹងធ្វើការផ្អាកប្រើប្រាស់ផ្លូវនេះជាបណ្ដោះអាសន្នប្រវែង១៧០ម៉ែត្រ ដើម្បីឱ្យក្រុមការងារបច្ចេកទេសដាក់គ្រឿងចក្រ ចាក់បំពេញថ្ម និងកិនបង្ហាប់លើដីកម្មសិទ្ធិឯកជន ក្រោយទទួលបានការ ឯកភាពបណ្តោះអាសន្នពីម្ចាស់ដី ដើម្បីសម្រួលការធ្វើដំណើរឆ្លងកាត់ជូនប្រជាពលរដ្ឋ។ អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់បណ្ដាញសង្គមទាំងអស់ មេត្តាយោគយល់ និងជ្រាបជាព័ត៌មាន៕